ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់វ៉ាក់សាំងការពារជំងឺដុំពក លើគោក្របី ក្នុងឃុំ​ព្រះរាមរង្សី ស្រុករលាប្អៀរ

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការ​បើកការចាក់វ៉ាក់សាំង​ការពារជំងឺសត្វគោជូនប្រជា​ពលរដ្ឋ ក្នុង​ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ កាលពី​ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ…

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការ​បើកការចាក់វ៉ាក់សាំង​ការពារជំងឺសត្វគោជូនប្រជា​ពលរដ្ឋ ក្នុង​ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ កាលពី​ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្រៅពីយកចិត្តទុកដាក់ចាក់វ៉ាក់សាំងការពារជំងឺ​កូវីត ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ក៏មិនភ្លេច យកចិត្តទុកដាក់ ចាក់វ៉ាក់សាំង ដល់សត្វគោក្របី ជូនប្រជាពលរដ្ឋ ការពារពីជំងឺដំពកដ៏កាចសាហាវនោះដែរ ព្រោះតែសត្វពាហនៈទាំងនោះ ជាកម្លាំងអូសទាញ ក្នុងរបរកសិកម្មដ៏សំខាន់។

លោកជំទាវអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា ថ្ងៃនេះ ក្រុមមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះមកចាក់​វ៉ាក់សាំងការពារជំងឺដុំពក ដែលកើតឡើងលើសត្វគោរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺឆ្លងលើសត្វមួយនេះ ព្រោះថា បើយើងមិនយកចិត្តទុកដាក់ទេវានឹងធ្វើឲ្យខាតបង់ ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ​។

ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្ត ក៏​សូមឲ្យ​បងប្អូន យកចិត្តទុកដាក់ថែរក្សាការពារសត្វរបស់បងប្អូន តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីកុំឱ្យកើតជំងឺដុំពកលើស្បែកសត្វគោក្របី ដែលកំពុងតែកើតឡើង នៅទូទាំងប្រទេស និងដោយឡែក នៅ​ខេត្តកំពង់ឆ្នាំងផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ក៏​សូម​ឲ្យ​បងប្អូន កុំភ្លេចថែរក្សាអនាម័យ ការពារជំងឺឆ្លងកូវីត១៩​ ដោយអនុវត្តនូវវិធានការរបស់​ក្រសួងសុខាភិបាល គឺ ៣កុំ និង ៣ការពារ។

នៅក្នុងឱកាសនោះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំង មានសត្វគោ បានកើតជំងឺដុំពកចំនួនប្រមាណជាង ៤ពាន់ក្បាលហើយ ក្នុងនោះ យើងបានព្យាបាលជាសះស្បើយប្រមាណជាង ២ពាន់ក្បាលផងដែរ។

ជាមួយគ្នានេះ លោក​ប្រធានមន្ទីរ សូមអំពាវនាវដល់​បងប្អូន យកចិត្តទុកដាក់​ប្រុងប្រ​យ័ត្នចំពោះស​ត្វ​ ដែលប្រឈម មាន​ដូចជា គោផើម ដែលងាយនឹងរលូត ហើយកូនគោ វាងាយនឹងងាប់ បើកើតជំងឺដុំពកលើស្បែកនេះ។

កន្លងមក មន្ត្រីជំនាញ ធ្លាប់តែចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់គោក្របី ដូចជា អុតក្តាម ជំងឺសាទឹក និងជំងឺផ្សេងៗទៀត។ ប៉ុន្តែថ្ងៃនេះ មន្ត្រីជំនាញ បានចាក់វ៉ាក់សាំងការពារជំងឺដុំពក លើសត្វ​គោក្របី ជូនបងប្អូនប្រជាពលរដ្ឋ។

មន្ត្រីជំនាញ​ផលិតកម្ម និងបសុព្យាបាលខេត្ត បានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងដល់​គោក្របី ចំនួន ២០០​ក្បាល មន្ត្រីជំនាញក៏បានចែកថ្នាំ សម្រាប់ព្យាបាលលើ​គោក្របី និងបាញ់ថ្នាំសម្លាប់មេរោគតាមក្រោលគោក្របី ជូនបងប្អូន​ប្រជាពលរដ្ឋផងដែរ៕ ពៅ សុខហ៊ាន