ម្ចាស់ Mind Books ឳ្យមើល៥ចំណុច បើខំ ព្យាយាម តស៊ូហើយ នៅតែលំបាក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រសិនអ្នកចូលចិត្តអានសៀវភៅជាភាសាខ្មែរប្រាកដជាស្គាល់ លោក គឹម ចាន់ណា ម្ចាស់គ្រឹះដ្ឋានបោះពុម្ពសៀវភៅ Mind Books ។…
រាជធានីភ្នំពេញ ៖ ប្រសិនអ្នកចូលចិត្តអានសៀវភៅជាភាសាខ្មែរប្រាកដជាស្គាល់ លោក គឹម ចាន់ណា ម្ចាស់គ្រឹះដ្ឋានបោះពុម្ពសៀវភៅ Mind Books ។…
រាជធានីភ្នំពេញ ៖ ប្រសិនអ្នកចូលចិត្តអានសៀវភៅជាភាសាខ្មែរប្រាកដជាស្គាល់ លោក គឹម ចាន់ណា ម្ចាស់គ្រឹះដ្ឋានបោះពុម្ពសៀវភៅ Mind Books ។ Mind Books ដែលមានលោក គឹម ចាន់ណា ដឹកនាំ បានផលិតសៀវភៅរាប់សិបចំណងជើង បោះពុម្ពលក់រាប់រយក្បាលនៅក្នុងការជំរុញការអាននៅកម្ពុជា ។ នៅពេលថ្មីៗនេះ លោក គឹម ចាន់ណា ដែលជាអតីតសាស្ត្រាចារ្យផងនោះ បានសាកល្បងផ្តល់ចម្លើយទៅអ្នកដែលធ្លាប់លើកឡើងថា ព្យាយាមហើយ ខំប្រឹងធ្វើការហើយ ជីវិតនៅតែលំបាក រកពន្លឺមិនឃើញ ថា ព្រោះអ្ ? ។
លោក គឹម ចាន់ណា បានផ្តល់ការពិចារណាចំណុច ៥ ប្រសិនជាជួបនូវអ្វីដែលបានលើកឡើងនោះ គឺទី ១ លោកថា ការព្យាយាមនោះអាចពុំមានគោលដៅជាក់លាក់ គ្មានការកំណត់ជាក់លាក់ ចេះតែធ្វើៗទៅ មិនដឹងថា ត្រូវដើរទៅទីណា ឬមួយព្យាយាមដោយពុំមានវិធីសាស្ត្រប្រាកដប្រជា ។ នេះជាកត្តាមួយដែលធ្វើឱ្យយើងមិនរីកចម្រើន ។ ចំណែកចំណុចទី ២ ព្យាយាមលើការងារដែលខ្លួនមិនស្រឡាញ់ មិនចូលចិត្ត ធ្វើទាំងធុញទ្រាន់ បន់ឱ្យតែដល់ម៉ោងសម្រាក ។
ត្រង់ចំណុចនេះលោកថា ការស្រឡាញ់ ឬមិនស្រឡាញ់ការងារផ្តល់លទ្ធផលខុសគ្នាឆ្ងាយណាស់ ។ ការងារដែលខ្លួនស្រឡាញ់ គេអាចធ្វើការបានគ្រប់ពេលវេលា (24 ម៉ោង) មិនចំពោះតែម៉ោងធ្វើការផ្លូវការទេ ។ ចិត្ត និងខួរក្បាលដិតជាប់នឹងការងារជាប្រចាំ ធ្វើឱ្យមានសមត្ថភាពកាន់តែខ្ពស់ជាលំដាប់ ។
ចំណុចទី ៣ ដែលខំហើយនៅតែលំបាកមកពី គ្មានគំនិតស្ថាបនាច្នៃប្រឌិត មិនបានអភិវឌ្ឍប្រសិទ្ធភាពការងារ ធ្វើឱ្យគ្មានភាពចម្រើនជឿនលឿន ។ ឬឯចំណុចទី ៤ មកពីព្យាយាមដោយមិនព្រមពិនិត្យ និងកែលម្អចំណុចខុសឆ្គង ។ ជាទូទៅកិច្ចការគ្រប់យ៉ាងអ្វីៗគ្រប់យ៉ាងតែងតែមានការកែលម្អជាប្រចាំ មិនត្រូវទុកឱ្យវាខុសឆ្គងដដែលៗនោះទេ ។
ចំណុចទី ៥ អ្នកបោះពុម្ពសៀវភៅ Mind Books ដែលបានអានសៀវភៅរាប់សិបក្បាលលើកឡើងថា មកពីមិនយល់ពីប្រព័ន្ធទីផ្សារ ។ លោកថា «កិច្ចការដែលយើងធ្វើ សមិទ្ធផលដែលយើងធ្វើតើមានតម្រូវការទីផ្សារដែរ ឬទេ ? មានអ្នកត្រូវការដែរ ឬទេ ? យើងមិនអាចធ្វើអ្វីៗដើម្បីតម្រូវតែចិត្តខ្លួនឯងនោះទេ ត្រូវដឹងថា តើវាជារបស់ដែលទីផ្សារត្រូវការ ឬមិនត្រូវការ ? ម្យ៉ាងទៀត ទោះជាមានរបស់ដែលទីផ្សារត្រូវការហើយក៏ដោយ យើងចាំបាច់ត្រូវចេះផ្សព្វផ្សាយផលិតផលឱ្យបានទូលំទូលាយ និងត្រូវរកយុទ្ធសាស្ត្រដើរទីផ្សារផងដែរ» ។
លោក គឹម ចាន់ណា បានបញ្ជាក់ថា អ្វីដែលរៀបរាប់មកនេះអាចមិនមែនជាចម្លើយគ្រប់យ៉ាង តែយ៉ាងហោចក៏វាជាទិន្នន័យមួយចំណែកជួយក្នុងការគិតពិចារណាត្រិះរិះបន្ថែមសម្រាប់យកមកអនុវត្តដើម្បីលើកកម្ពស់ជីវិតឱ្យប្រសើរជាងមុន ៕
ចែករំលែកព័តមាននេះ