រាជធានីភ្នំពេញ ៖ កូវីដ ១៩ បានធ្វើឲ្យអ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្ដូរ រងផលប៉ះពាល់ជាអវិជ្ជច្រើនទៅលើជិវភាព និងអាជីវកម្ម ការមុខរបរទទួលទានរបស់ប្រជាពលរដ្ឋ ។ និយាយពីការធ្វើអាជីវកម្មវិញ មានមុខរបរមួយចំនួនត្រូវបានបិទទ្វារឈប់រកស៊ី ដោយសារតែអាជីវករមិនមានកញ្ចប់ថវិកាត្រឹមត្រូវ ឬគ្រប់គ្រាន់ ជាមួយនិងការមិនបានត្រៀមយុទ្ធសាស្ដ្រផ្សេងៗសម្រាប់ប្រឈមមុខជាមួយបញ្ហានានា ។ អ្នកជំនាញលើកឡើងថា នៅក្នុងកាលៈទេសៈនេះម្ចាស់អាជីវកម្ម មិនគួរទន់ទោរទៅនឹងភាពលំបាកនេះរហូតទុកឲ្យអាជីវកម្មត្រូវដួលទៅតាមយថា កម្មនោះទេ ព្រោះគ្រប់បញ្ហាទាំងអស់សុទ្ធតែមាននូវដំណោះស្រាយ តែអ្នកក៏ត្រូវព្យា យាមធ្វើវាផងដែរ ។
ស្ថាប័នសហគ្រិនខ្មែរ ដែលបណ្តុំដោយអ្នកជំនួញ បានបង្ហាញគន្លឹះ ៥ សម្រាប់ម្ចាស់អាជីវកម្មអនុវត្ដ ក្នុងទ្រទ្រង់អាជីវកម្មខ្លួនឲ្យឈរជើងលើទីផ្សារបានយូរអង្វែង ពិសេសសម្រាប់ទប់នៅក្នុងស្ថានការណ៍កូវីដ ១៩ នេះ កុំឲ្យដួលបាន ។ សាកឈ្វេងយល់គន្លឹះទាំង៥ នោះទាំងអស់គ្នាក្រែងបានផល ៖
១. ត្រួតពិនិត្យលំហូរសាច់ប្រាក់ ៖ លំហូរសាច់ប្រាក់ ប្រៀបបាននឹងចរន្ដឈាមរបស់អាជីវកម្មគ្រប់ធុន វាជួយសម្រួលអាជីវករនៅក្នុងការត្រួតពិនិត្យនូវសុខភាព និងដំណើរការអាជីវកម្មទាំងមូល ព្រោះប្រសិនបើវាមានបញ្ហា អាជីវកម្មរបស់អ្នកក៏មានបញ្ហាដូចគ្នាដែរ ។ ជាមួយគ្នានោះផងដែរ ភាពវិជ្ជមាន និងអវិជ្ជមាននៃលំហូរសាច់ប្រាក់ក៏ជាកត្តាមួយដាស់តឿនស្មារតីអ្នកឲ្យមានភាពប្រុងប្រយ័ត្ន និងអាចស្វែងរកនូវវិធានការភ្លាមៗ ដើម្បីការពារ និងអភិវឌ្ឍអាជីវកម្មនោះ ។
២. ការគ្រប់គ្រងអ៊ីវ៉ាន់ក្នុងស្តុក ៖ អាជីវករអាចធ្វើការត្រួតពិនិត្យឡើងវិញជាប្រចាំនូវអីវ៉ាន់នៅក្នុងស្តុកឲ្យជាក់លាក់ ដើម្បីដឹងថាតើអីវ៉ាន់ប្រភេទណា ដែលអ្នកអាចធ្វើការកាត់បន្ថយបាន កុំឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបំពេញតម្រូវការរបស់អតិថិជន ។ ដោយអ្នកអាចកាត់បន្ថយចំនួនអីវ៉ាន់ណាមួយ ដែលមានចំនួនច្រើន ឬមិនសូវមានតម្រូវការ រួចបង្កើននូវអីវ៉ាន់ណាមួយ ដែលមានតម្រូវការច្រើនសម្រាប់ផ្គត់ផ្គង់ឲ្យត្រូវនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ។
៣. ព្យាយាមរកចំណុចខ្សោតកាត់និងបន្ថយវា ៖ អាជីវករគួរធ្វើការកត់សម្គាល់នូវចំណុចខ្សោយ និងខ្លាំងរបស់ខ្លួន តាមរយៈការគាំទ្រពីអតិថិជន និងសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីងាយស្រួលនៅក្នុងការអភិវឌ្ឍន៍អាជីវកម្មឲ្យត្រូវនឹងជំនាញ ។ វាមិនត្រឹមតែជួយអភិវឌ្ឍការរកស៊ីនោះប៉ុណ្ណោះទេ វាថែមទាំង ជួយអាជីវករនៅក្នុងការបង្កើននូវគុណភាពផលិតផល និងសេវាកម្មថែមទៀតផង ។
៤. យកចិត្តទុកដាក់ជាមួយអតិថជនចាស់ ៖ នៅខណៈពេលនេះ វានឹងមានភាពលំបាកនៅក្នុងការរកអតិថិជនថ្មី ដូច្នេះកត្តាសំខាន់ គឺត្រូវព្យាយាមរក្សានូវទំនាក់ទំនងល្អ និងយកចិត្តទុកដាក់ជាមួយនឹងអតិថិជនចាស់ ដើម្បីប្រាកដថា ពួកគេនឹងបន្ដគាំទ្រផលិតផលនៃអាជីវកម្មនោះ ដោយមិនប្ដូរទៅរកអ្នកផ្គត់ផ្គង់ផ្សេង ។ ក្នុងនោះ អាជីវករ អាចអនុវត្តបានដូចជា ការសួរសុខទុក្ខ និងទាក់ទងសួរអំពីបទពិសោធន៍នៃការប្រើប្រាស់ផលិតផលរបស់អ្នក ឬផ្ដល់ដំណឹងអំពីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនចាស់ ដែលលើសពីប្រូម៉ូសិនធម្មតា ៥ ទៅ ១០ ភាគរយជាដើម ។
៥. ប្រើប្រាស់បណ្តាញសង្គមដែលឥតគិតថ្លៃផ្សព្វផ្សាយ ៖ មែនទែនទៅ បណ្ដាញសង្គមដែលប្រើប្រាស់ឥតគិតថ្លៃមានច្រើនណាស់ដែលគេពេញនិយមប្រើប្រាស់ មានដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬគេហទំព័រសម្រាប់តាំងផលិតផលលក់ជាដើម ។ អ្នកអាចប្រើប្រាស់វា ជាឧបករណ៍សម្រាប់ជួយផ្សព្វផ្សាយព័ត៌មានផ្សេងៗពីអាជីវកម្មរបស់អ្នក ដើម្បីអាចផ្ដល់ដំណឹងទៅកាន់មនុស្សបានច្រើន និងគ្រប់ទីកន្លែង ៕
ចែករំលែកព័តមាននេះ