ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​​សម្លា.ប់មេរោគ​​ និង​សម្អាតសាលានានា​នៅ​ភ្នំពេញ ត្រៀម​បើក​ដំណើរការ​ឡើង​វិញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១ នេះ​បាន​

រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១ នេះ​បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នៅ​តាម​ទីធ្លា​សាលា​ និង​អគារ​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ នានា​ទូ​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៥​ខែកញ្ញា​ខាង​មុខ​នេះ ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ដឹកនាំ​ការ​បើក​យុទ្ធនា​នៃ​ការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នេះ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ជា ស៊ី​ម​សន្ធរ​ម៉ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទាំង​១៤ មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​និង​លោក​ឧត្ដម​សេនី​យ៌​មេបញ្ជាការ​កងពលតូច​លេខ​៧០​រួម​ជាមួយ​កងកំលាំង​ជាង​៥០​នាក់​ផង​ដែរ​។

ក្នុង​កម្មវិធី​នៃ​ការ​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នៅ​តាម​បណ្ដា​សាលា​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បែងចែក​កម្លាំង​ទាំងអស់ ទៅ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នៅ​តាម​ខណ្ឌ​ទាំង​១៤​ខណ្ឌ ។

ក្នុង​យុទ្ធនាការ​ខាងលើ​នោះដែរ ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​បើក​សាលារៀន​ឡើង​វិញ​នេះ ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហើយ​អនុសាសន៍​នេះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ ឪពុក​ម្ដាយ អាណាព្យាបាល​សិស្ស ចូលរួម​និង​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយសារ​កូន​គាត់​បាន​សិក្សា​រៀនសូត្រ​នៅ​តាម​សាលា​ឡើង​វិញ ក្រោយ​ពី​ខកខាន​នៃ​ការ​រៀនសូត្រ​ប្រមាណ​៧​ខែ​កន្លង​មកនេះ ដោយ​ការ​រាតត្បាត​ដោយ​ជម្ងឺ​កូ​វី​ដ​-១៩ ។

លោក​អភិបាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្ងៃ​ទី​១៥​កញ្ញា​ឆ្នាំ ២០២១ គឺជា​ថ្ងៃ​កំណត់​ដែល​សាលា ត្រូវ​បើក​អោយ​ដំណើរការ​រៀនសូត្រ​ឡើង​វិញ ចាប់ពី​អនុ​វិទ្យាល័យ​ដល់​វិទ្យាល័យ ប៉ុន្តែ​ត្រូវ​តែ​អនុវត្ត ឱ្យ​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង វិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ចុះ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា មិន​ថា​សាលា តូច ធំ រដ្ឋ ឬឯកជន​យ៉ាងណា​នោះ​ទេ សំខាន់​ឲ្យ​តែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតិ អោយ​បើក​ដំណើរ​អោយ​សិស្សានុសិស្ស​បាន​ចូល​រៀន ។ ប៉ុន្តែ​បើ​សាលា​ដែល​មិន​ទាន់​បាន​បំពេញ​នូវ​លក្ខខណ្ឌ​ខាងលើ​នេះ​អោយ​បាន​គ្រប់គ្រាន់​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ជំរុញ​ឱ្យ​ពួក​គាត់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ទើប​អោយ​បន្ត​ការ​បើក​សាលា​នេះ​ជា​បន្តបន្ទាប់​ទៀត​។

លោក​ឃួ​ង ស្រេង ​ក្នុង​ឱកាស​នោះ​ដែរ ​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ឪពុក​ម្ដាយ​អាណាព្យាបាល​សិស្ស​ទាំងអស់​ត្រូវ​ចូលរួម​ជា​មួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​-១៩ ខណៈ​បើក​សាលារៀន​ឡើង​វិញ​នេះ ។ បើ​យើង​ធ្វេសប្រហែស​តែ​បន្តិច គ្រោះថ្នាក់​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ នឹង​ធ្លាក់​មក​លើ​ពួក​យើង​ទាំងអស់​គ្នា​។ ដូច្នេះ​យើង​ត្រូវ​តែ​រួម​គ្នា ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឲ្យ​បាន​រីក​ចម្រើន​លឿន​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ​នៃ​ការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នៅ​តាម​បណ្ដា​សាលា​នានា​នៅ​ទូ​ទាំង​រាជធានី​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​នៅ​សាលា​រដ្ឋ​ចំនួន​៦៨​សាលា​ទូ​ទាំង​១៤​ខណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ