រាជធានីភ្នំពេញ ៖ របរអ្នកដេរស្បែកពួកម៉ូតូ ភាគច្រើនពួកគាត់ជួលសំយ៉ាបផ្ទះរបស់គេជាកន្លែងតូចៗដាក់ម៉ាស៊ីនដេរមួយ នៅតាមផ្សារទីប្រជុំជន ដែលមានមនុស្សច្រើន ។ អ្នកខ្លះដេរនៅកន្លែងណាហើយរក្សាកន្លែងនោះ ទោះបីក្នុងរយៈពេលច្រើនឆ្នាំមកហើយក្តី នៅតែដេរកន្លែងនោះដើម្បីរក្សាម៉ូយទៅកន្លែងថ្មីនាំឲ្យម៉ូយពិបាករក ។ ពេលផ្ទុះជំងឺកូវីដ ១៩ នេះ អ្នកដេរស្បែកពូកម៉ូតូក៍មិនខុសពីរបរផ្សេងៗនោះទេ រកប្រាក់ជួលថ្លៃកន្លែងគេសឹងមិនគ្រប់ផង ។
លោក ឌី សាអែម អាយុ ៤៣ ឆ្នាំ អ្នកដេរស្បែកពូកម៉ូតូម្នាក់ មានស្រុកកំណើតនៅស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។ បុរសរូបនេះ បានចាកចេញពីស្រុកកំណើតមករកទទួលទាននៅភ្នំពេញតាំងពីឆ្នាំ ១៩៩៥ មកម្លេះ ។ លោកចាប់របរដេរពូកម៉ូតូដោយសុំសំយ៉ាបផ្ទះដាក់ម៉ាស៊ីនដេរ ពេលខ្លះក៏ត្រូវជួលមុខផ្ទះគេដើម្បីប្រកបមុខរបរមួយនេះទៅតាមសភាពការណ៍ ។ លោកថា មុនកូវីដ ១៩ របរគាត់អាចរកប្រាក់ផ្គត់ផ្គង់គ្រួសារសមរម្យ ក៏ប៉ុន្តែចាប់ពីផ្ទុះជំងឺកូវីដ ១៩ មក លោករកប្រាក់មិនបានឡើយ ។
លោកអ៊ំ សម សារ៉ន អាយុ ជាង ៥០ ឆ្នាំ កំពុងរៀបចំដេរកែបកង់ ឲ្យម៉ូយនៅកន្លែងរបស់គាត់ ដែលស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទូលគោក ។ ធ្វើកិច្ចការបណ្តើរលោកងាកមកប្រាប់ឲ្យដឹងថា បានប្រកបរបរដេរពូកម៉ូតូ និងកង់នេះ អស់រយះពេលជាង ៣០ ឆ្នាំហើយ ។ មុខរបរដេរពូកនេះមិនប្រើកម្លាំងពលកម្មមិនធ្ងន់ធ្ងនោះទេតែឈឺចង្កេះបន្តិច ដោយត្រូវអង្គុយដេរតាំងពីព្រឹករហូតដល់ល្ងាច ។ «ដោយសារខ្ញុំដេរយូរឆ្នាំហើយ មានម៉ូយមកច្រើន កាលមិនទាន់មានកូវីដ ១៩ ក្នុងមួយថ្ងៃអាចរកលុយបានមួយលានរៀល ។ ខ្ញុំមិនហ៊ានឈប់ទេខ្លាចបាត់ម៉ូយ ទោះឈឺយ៉ាងណាតែពេលនេះ ស្ងាត់ណាស់ ថ្ងៃខ្លះគ្មានម៉ូយម្នាក់តែម្តង» ។
លោក សារ៉ន បានជួលមុខផ្ទះគេដាក់ម៉ាស៊ីនដេរមួយគ្រឿង ក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយខែ ។ អ្នកស្រុកខេត្តស្វាយរៀង មានកូនបួននាក់រូបនេះ ថាវត្តមានជំងឺកូវីដ ១៩ បានធ្វើឲ្យចំណូលគាត់ធ្លាក់ពីមួយថ្ងៃ ១ លាន មករកសឹងមិនបានមួយម៉ឺរៀលផងក្នុងមួយថ្ងៃ ។ «បញ្ហានេះ កំពុងចោទលើជីវភាពខ្លាំងណាស់ ស្ទើររកលុយមិនបានបង់កន្លែង និងការរៀនសូត្ររបស់កូនៗផង ។ បើនៅតែបន្តបែបនេះ មិនដឹងលំបាកដល់ថ្នាក់ណាទេ នាពេលអនាគតនោះ» សារ៉េន ត្អូញបណ្តើរភ្នែកម្ជុលម៉ាស៊ីនឲ្យដេរត្រង់ជួរផង ។
លោក នង កល្យាណ អាយុជាង ៣០ ឆ្នាំ ជាដេរពូកម៉ូតូម្នាក់ទៀត នៅម្តុំទីតាំងលក់ម៉ូតូជជុះក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ។ លោកបានរៀបរាប់ថា ទើបតែចាប់មុខរបរដេរពូកម៉ូតូបានរយះពេលជាងពីរឆ្នាំ ទេ ដោយចេះដេរតពីឪពុក ។ ពីរឆ្នាំដែលគាត់ផ្តើមរបរនេះ គឺរកប្រាក់មិនបានតែម្តង ។ លោកថាកូវីដ ១៩ បានធ្វើមុខរបរស្ទើរទាំងអស់ជួបការលំបាក ដោយសារតែលំបាកទើបលោកសុខចិត្តប្រឈមការឆ្លង មកប្រកបរបរនេះប៉ុន្តែពលរដ្ឋជាច្រើនមកសូវចំណាយថវិការឡើយ ទោះពូកម៉ូតរហែកក្តី ៕
ចែករំលែកព័តមាននេះ