រាជធានីភ្នំពេញ ៖ អ្វីដែលជាលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកកាន់កម្ពុជាលើកនេះ គឺកម្ពុជាទទួលពហុកីឡដ្ឋាន តម្លៃ ១៦០ លានដុល្លារ ដែលជាជំនួយរបស់ប្រទេសចិនជាផ្លូវការចាប់ពីពេលនេះទៅ
ក្រៅពីនេះចិន និងកម្ពុជា បានចុះហត្ថលេខាលើពិសារចំនួន ៦ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននេះផងដែរ នៅក្នុងនោះប្រទេសចិនបានជំនួយហិរញ្ញប្បទាន ឥតសំណងប្រមាណ ២៧០ លានដុល្លារ មកឲ្យកម្ពុជាបន្ថែមទៀត ។
ចំណែកពិធីសារផ្សេងទៀតមាន លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន កិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យសុខាភិបាល លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា កិច្ចព្រមព្រៀងស្ដីពី គម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ជាដើម ។ក្រោយពីជំនួបពិភាក្សាការងារទ្វេភាគីរបិទទ្វារ វាងលោក វ៉ាង យី និងលោក ប្រាក់ សុខុន នៅល្ងាចទី ១២ ខែកញ្ញា ប្រមុខការទូតប្រទេសទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា ។
នៅក្នុងសន្និកាសែតនេះ ចិនបានប្រកាសផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់កម្ពុជាចំនួន ៣ លានដូសបន្ថែមទៀត ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រហូតមកដល់ពេលចិនបានផ្តល់វ៉ាកសាំងដល់កម្ពុជាចំនួន ២៦ លាន ៨ សែនដូស ក្នុងនោះជំនួយមានចំនួនជាង ៤ លានដូស ។ ក្រៅពីនេះលោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា សមភាគីចិន បានសន្យាថា នឹងជំរុញការនាំចូលកសិផលខ្មែរទៅកាន់ទីផ្សារប្រទេសខ្លួនបានកាន់តែច្រើនឡើង ។ប្រទេសចិនបានក្លាយជាទីផ្សារធំសម្រាប់កសិផលខ្មែរ មានអង្ករ ស្វាយ ចេកដំឡូងលឿងរបស់កម្ពុជាបាននាំចេញទៅប្រទេសចិន ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទាំងពី ត្រូវគេសង្ឃឹមថា នឹងចូលជាធរមាណនៅក្នុងពេលឆាប់ៗនេះ ខណៈមៀនប៉ៃលិនរបស់កម្ពុជាដែលកំពុងគ្មានទីផ្សារក៍រងចាំទីផ្សារចិន ដែលកំពុងចរចាផ្លូវច្បាប់និងបញ្ហាអនាម័យ អស់ច្រើនឆ្នាំមកហើយនោះ ។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី ១៣ កញ្ញានេះ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច ជាលើកទីពីររបស់លោកមកកម្ពុជា នៅក្នុងឆ្នាំ ២០២១ នេះ ទោះក្នុងពេលជំងឺកូវីដ ១៩ រាលត្បាតខ្លាំងយ៉ាងណាក្តី ៕
ចែករំលែកព័តមាននេះ