ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា របស់រដ្ឋមន្ត្រី​ការបរទេសចិន លើកនេះ មានឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​ពិធី​ប្រគល់​-​ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​ពិធី​ប្រគល់​-​ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​កម្ពុជា​-​ចិន នៅ​វិមាន​សន្តិភាព លើ​ឯកសារ​ចំនួន ៦ រួមមាន​៖

​ទី​១៖ លិខិត​ប្រគល់​-​ទទួល សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន ដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និង ឯកឧត្ដម វ៉ាង វិ​ន​ធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ទី​២៖ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូរ រវាង​គណៈកម្មាធិការ​សុខាភិបាល​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឯកឧត្ដម ម៉ម ប៊ុនហេង និង​ឯកឧត្ដម វូ ហ្សី​ន​ហាវ ( Wu Jianghao) ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទី​៣៖ លិខិត​ប្រគល់​-​ទទួល​បរិក្ខារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង ឯកឧត្ដម គៀន ខឹ​មីង (H.E. Qian Keming) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទី​៤៖ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១,៧៥០,០០០,០០០​យ័ន​ចិន (​ប្រមាណ ២៧០​លាន​ដុល្លារ​អាមេរិក​) ដោយ ឯកឧត្ដម វ​ង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ទី​៥៖ លិខិត​ប្រគល់​-​ទទួល​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម វ​ង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ទី​៦៖ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង ដោយ​លោក សុខ សូកេន និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​សូម​រម្លឹកថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នា​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​។ នា​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា​នេះ លោក វ៉ាង យី និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយ​របស់​ចិន​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹងត្រូវ​ប្រើប្រាស់​ជា​កន្លែង​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ​៕