ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតចិន សង្ឃឹមថា ក្រុមកីឡាករកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុង Sea Game ឆ្នាំ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី សង្ឃឹមថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា អាច​ហាត់​កីឡា កាន់តែច្រើន…

ភ្នំពេញ​៖ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី សង្ឃឹមថា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា អាច​ហាត់​កីឡា កាន់តែច្រើន នៅក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ហើយ​កីឡាករ កីឡាការិនី របស់​កម្ពុជា នឹង​ហ្វឹកហាត់ នៅក្នុង​កីឡដ្ឋាន​នេះ និង​សង្ឃឹមថា ក្រុម​កីឡាករ​កម្ពុជា នឹង​ទទួលបាន​មេដាយមាស​ច្រើនជាងគេ នៅក្នុង​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ Sea Game ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​លោក វ៉ាង យី បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នេះ ក្នុងឱកាស ដែល​លោក បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​ចំពោះមុខ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​ពិធី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ទល់មុខ​វិមាន​ឈ្នះ​ឈ្នះ ជិត​ស្ពាន​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ថា «​ថ្ងៃនេះ ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុង​ចំណង​ប្រ​វិត្ត​សាស្ត្រ ប្រកបដោយ​មេត្រីភាព​រវាង​ចិន និង​កម្ពុជា​។ ជំនួយ​គម្រោង​ជា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះ គឺជា​ជំនួយ​កីឡដ្ឋាន ដែលមាន​ទំហំ​ធំជាងគេ ជា​លំដាប់​ធំ​បំផុត​នៃ​ជំនួយ​របស់​ប្រទេស​ចិន ជូន​ដល់​មិត្ត​បរទេស​។ ហើយ​វា​ជា​គ្រាមួយ ដែល​គួរឱ្យ​រំភើបចិត្ត ហើយ​ខ្ញុំ សូម​តំណាងឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​គម្រោង​នេះ ដែល​បាន​សាងសង់​ដោយ​ជោគជ័យ​»​។​

​លោក វ៉ាង យី បន្តថា «​ហេតុអ្វី​បានជា​យើង​កសាង​ពហុ​កីឡដ្ឋាន​ល្អ​ជាងគេ​បំផុត នៅ​ប្រទេស​កម្ពុជា​? ដោយសារតែ​ប្រជាជន​កម្ពុជា គឺជា​ប្រជាជន ដែល​ស្និទ្ធស្នាល​មាន​មិត្តភាព​ជ្រាលជ្រៅ​បំផុត ជាមួយ​ប្រជាជន​ចិន​។ ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត និង​មាន​មេត្រីភាព​បំផុត ចំពោះ​ប្រជាជន​ប្រជាជន​កម្ពុជា​។ ពហុ​កីឡដ្ឋាន​នេះ បានបង្ហាញ​នូវ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត​រវាង​ចិន និង​កម្ពុជា​»​។​

​លោក វ៉ាង យី បន្ថែមថា «​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ យើង​កំពុងតែ​កសាង​សហគមន៍​វាសនា​រួម ហើយ​យើង​ជួយ​កម្ពុជា លើកកម្ពស់​ជីវភាព​ប្រជាជន និង​ផ្តល់​ប្រយោជន៍​កាន់តែច្រើន​ជូន​ដល់​ប្រជាជន កម្ពុជា​។ យើង​សង្ឃឹមថា ប្រ​ទស​កម្ពុជា នឹងមាន​ការរីកចម្រើន កាន់តែ​ច្រើនឡើង​ថែមទៀត នាពេល​អនាគត​។ មាន​សុភាសិត​ចិន​មួយ​ពោលថា ជូន​ផ្កាកូលាប​ទៅ​អ្នកដទៃ ស្រង់ក្លិន​ពី​ផ្កា​។ សម្តេច សីហនុ ធ្លាប់មាន​ព្រះបន្ទូល​ថា មិត្តភាព​ដ៏​រឹងមាំ រវាង​ចិន និង​កម្ពុជា ហាក់ដូចជា បុប្ផា​មិនចេះ​ស្រពោន​មួយ រីក​ស្គុះស្គាយ​»​។​

​ក្រៅពី​អបអរសាទរ ចំពោះ​កម្ពុជា ដែល​ទទួលបាន​នូវ​សមិទ្ធផល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅថ្ងៃនេះ លោក​ប្រមុខ​ការទូត​ចិន បន្ថែមថា កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ កើតមានឡើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន ដែល​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​ល្អជា​បន្តបន្ទាប់ ជាពិសេស​លោក ក៏បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​បន្តបន្ទាប់​ជាមួយនឹង​ប្រទេស​ចិន​។

​សូម​រម្លឹកថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ក្លាយជា​ទីកន្លែង​សំខាន់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។ ពហុ​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​ទស្សនិកជន ត្រឹម​រយៈពេល ៧​នាទី ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ ក៏​ជា​កន្លែង​សំខាន់​មួយ សម្រាប់​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ឬ​ពិព័រណ៍​ទេសចរណ៍​ផងដែរ ក្រៅពីនោះ ក៏មាន​ជា​សណ្ឋាគារ និង​ផ្សារ​ដែល​សាងសង់​ព្រម​ជាមួយគ្នា​ទៀតផង ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​សមិទ្ធផល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន ជាពិសេស ប្រទេស​ទាំង ២ ជា​មិត្តភាព​ដ៏​យូរអង្វែង ដែល​មិត្តភាព​នេះ តែងតែ​ផ្សារភ្ជាប់​ជា​បន្តបន្ទាប់​។

​សម្តេច​បន្តទៀតថា សមិទ្ធផល​ផល​នៃ​ពហុ​កីឡដ្ឋាន​ដ៏​ធំ​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ គឺ​កើតឡើង​ដោយសារតែ​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​មិត្ត​ចិន និង​កម្ពុជា ជាង​ពិសេស​ក្នុង​ក្របខណ្ឌ​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយ​តាំងពី​យូរយា​ណាស់​មកហើយ ពោលគឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដែលមាន​សម្តេច​ព្រះវររាជ​បិតា ព្រះ​នរោត្តម​សីហនុ ជា​តួរ​អង្គ ដែល​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​នេះ​រហូតមក បន្ត​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រមទាំង​រាជវង្ស​សា​នុ​វង្ស រួមទាំង​សម្តេច​ផងដែរ ហើយ​ទំនាក់ទំនង​ទំនង​ដ៏​ល្អ​នេះ​ទើប​ធ្វើអោយ​ប្រទេស​ទាំងពីរ​មាន​ជំនឿ​ចិត្ត​មកលើ​គ្នា និង​កើតចេញ​ជា​ផ្លែផ្កា​ជា​បន្តបន្ទាប់ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​បានផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​បន្តបន្ទាប់​មកដល់​កម្ពុជា ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ដែល​ពេលនេះ កម្ពុជា​សម្រេច​ការចាក់​បាន​ជូន​ប្រជាជន​បាន​ជាង ១១​លាន​នាក់​ទៅហើយ​។ នេះ​ដោយសារតែ​មិត្ត​ចិន បានផ្តល់​វ៉ាក់សាំង​មកអោយ​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​មិត្ត​ចិន​នោះទេ យើង​ប្រហែលជា​គ្មាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នោះទេ​។ ថ្ងៃនេះ​យើង​មាន​មោទនភាព ដែល​មិនមែន​ត្រឹម​រូប​សម្តេច​ជា​អ្នក​ផ្តួចផ្តើម និង​ស្វះ​ស្វែងរក​ជាមួយ​ដៃគូ ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង នោះទេ ប៉ុន្តែ​ជា​មោទនភាព​ប្រជាជន​ខ្មែរ ដែល​ទទួលបាន​ជំនួយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នាពេលនេះ​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​វិស្វករ និង​អ្នកជំនាញ​ទាំងឡាយ ដែល​បាន​ចូលរួម​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ​ឡើង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​អរគុណ​ដល់​មិត្ត​ចិន​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា តាមរយៈ​ជំនួយ​ផ្សេងៗ ដូចជា​ការកសាង​នូវ​សមិទ្ធផល​សំខាន់ៗ​កន្លងមក​ជាពិសេស​កា​រ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ដ៏​ធំ​នាពេលនេះ​។ សម្តេច​ក៏បាន​ជូនពរ រដ្ឋាភិបាល និង​ប្រជាជន​ចិន ទទួលបាន​នូវ​ភាពជោគជ័យ និង​ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន​តរៀង​ទៅ​។

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក វ៉ាង យី ក៏បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពីពេលនេះ​តទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ