ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប៉ូលិស​វាយ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​បែកក្បាល អ្នក​បើក​ម៉ូតូ​អាច​ជាប់​ទោស​នៅ​ពន្ធនាគារ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ម្សិលមិញ​នេះ តុលាការ​បាន​សម្រេច​ប្រគល់​មន្ត្រី​នគរ​បាល​ផ្នែក​អន្តរាគមន៍ ឈ្មោះ ម៉ាត់ ពិសី អាយុ​៣០​ឆ្នាំ ដែល​រង​ការ​ចោទប្រកាន់​ថា វាយ​ស្ត្រី​ម្នាក់​ដែល​អត់​ពាក់មួក​សុវត្ថិភាព​បែកក្បាល ប្រគល់​ឲ្យ​ទៅ​អង្គភាព​វិញ​ដោយ​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ម្សិលមិញ​នេះ តុលាការ​បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍ ឈ្មោះ ម៉ាត់ ពិសី អាយុ​៣០​ឆ្នាំ ដែល​រង​ការ​ចោទប្រកាន់​ថា វាយ​ស្ត្រី​ម្នាក់​ដែល​អត់​ពាក់មួក​សុវត្ថិភាព​បែកក្បាល ប្រគល់​ឲ្យ​ទៅ​អង្គភាព​វិញ​ដោយ​មិន​មានការ​ឃុំខ្លួន​ដាក់​ពន្ធ​គារ​នោះ​ទេ តែ​ត្រូវ​រង​ការ​ដាក់​ពិន័យ​ពី​កងកម្លាំង​ចំនួន​មួយ​ខែ​នៅ​ក្នុង​អង្គភាព​ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ចេញ​ទៅ​ណា​មក​ណា​ដោយ​គ្មាន​បទបញ្ជា ខណៈ​នារី​របួស​ប្តឹង​ទារប្រាក់​១​ម៉ឺន​ដុល្លារ ។

ចំណែក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ខ្លី​មួយទៀត អំពី​ហេតុការណ៍​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​យ៉ាង​ខ្លាំងក្លា ដោយ​អះអាង​ថា អ្នកបើកបរ​ដឹក​នារី​ដែល​រង​របួស​បែកក្បាល​នោះ គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​៥ ដែល​អាច​ប្រឈម​នឹង​ការ​ដាក់ទោស​ជាប់​ពន្ធនាគារ និង​ផាកពិន័យ​ផង​ដែរ​។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ជូន​មហាជន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ច្បាស់ អំពី​ដើមហេតុ​ដែល​បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​រង​បួស​ត្រង់​ក្បាល នៅ​ត្រង់​ចំណុច​ផ្លូវ​នេ​រុ ខណ្ឌ​៧​មក​រា កាលពី​យប់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ។

រឿងរ៉ាវ​កើតឡើង គឺ​ស្រប​ពេល​ដែល​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា កំពុង​តែ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​គោលដៅ​ផ្លូវ​នេ​រុ នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩:២០​នាទី​យប់ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​សលាយ​ឈូក ផ្លា​ក​លេខ​ភ្នំពេញ 1IQ. 3087 កំពុង​បើកបរ​ពី​ត្បូង​ទៅ​ជើង ដោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ដឹក​ស្ត្រី​ម្នាក់ ដោយ​ឃើញ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​មាន​ពាក់មួក សមត្ថកិច្ច​ក៏​បាន​ចេញ​ឃាត់ ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា «​ឃើញ​ដូច្នេះ អ្នកបើកបរ​ល្មើសច្បាប់​រូប​នោះ បាន​បើក​ត្រឡប់​ក្រោយ​ក្នុង​ល្បឿន​លឿន​ក្នុង​គោលបំណង​រត់គេច​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ពេល​នោះ​មន្ត្រី​ប្រចាំការ​នៅ​ដើម​ទី បាន​ចេញ​លើកដៃ​ក្នុង​គោល​បំណង​ឃាត់​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​សាកសួរ ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ប៉ុន្តែ​ជន​អ្នកបើកបរ​ល្មើស​មិន​បាន​ឈប់ ថែម​ទាំង​បាន​បន្ថែម​ល្បឿន​ទៅ​បុក​នឹង​គម្រប​លូ​នៅ​ចិញ្ចើម​ផ្លូវ ដែល​បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​បែកក្បាល​» ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ អ្នកបើកបរ​បាន​ល្មើស​នឹង​ចំណុច​មួយ​ចំនួន​ដូច​ជា ៖ ១ – បើកបរ​មិន​ពាក់មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ទី​២ – បើកបរ​បញ្ច្រាសទិស ទី​៣- បើកបរ​លើស​ល្បឿន​កំណត់ (40km/h) ទី​៤- បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​គោលបំណង​បុក​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់ និង​ទី​៥ – បើកបរ​ត្រឡប់​ក្រោយ​មាន​បំណង​រត់គេច​ពី​សមត្ថកិច្ច ដោយ​មិន​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​តាម​ច្បាប់ ។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា «​ដោយ​យោង​លើ​មាត្រា​៧៦ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ និង​មាត្រា​ទី​៥៤១ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ផ្អែក​តាម​កំហុស​ដូច​បាន​បញ្ជាក់​ខាងលើ អ្នកបើកបរ​អាច​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ និង​ត្រូវ​ផាកពិន័យ​ផង​ដែរ​» ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា «​យោង​លើ​ចំណុច​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ សមត្ថកិច្ច​រីករាយ​ទទួលយក​នៅ​ការ​ចូលរួម​មតិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា តើ​ការ​បើកបរ​របស់​បុរស​ម្នាក់​នេះ​ត្រូវ ឬ​ក៏​ខុសច្បាប់?​។ និយាយ​ជា​រួម​អ្នកបើកបរ​មិន​ល្មើស មិន​បើក​រត់ នោះ រឿងហេតុ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ក៏​មិនកើត​មាន​ឡើង​ឡើយ​» ។

សូម​រំលឹក​ថា ៖ នារី​រង​របួស​ទារ​សំណង ១​ម៉ឺន​ដុល្លារ មិន​ត្រូវរ៉ូវ​គ្នា បញ្ជូន​ប៉ូលិស​ខណ្ឌ​៧​មក​រា ទៅ​តុលាការ ។ សូម​រំលឹក​ទៀត​ថា ៖ ទីបំផុត ! តុលាការ​ប្រគល់​មន្ត្រី​នគរបាល​វាយ​ក្បាល​នារី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ឲ្យ​ទៅ​អង្គភាព​ដាក់​ពិន័យ​កងកម្លាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ