ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​អ្នក​កាន់​ប័ណ្ណ​ព័ត៌មាន​​៩​នាក់ ចោទ​២​បទល្មើស

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

តុលាការ​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ដែល​ជា​អ្នក​កាន់​ប័ណ្ណ​សារព័ត៌មាន​ចំនួន​៩​នាក់​ទៅ​កាន់​ពន្ធនាគារ ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​៣​ថ្ងៃ​

ខេត្តស្ទឹងត្រែង ៖ តុលាការ​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ដែល​ជា​អ្នក​កាន់​ប័ណ្ណ​សារព័ត៌មាន​ចំនួន​៩​នាក់​ទៅ​កាន់​ពន្ធនាគារ ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មក ពាក់ព័ន្ធ​នឹង​ករណី​ឃាត់​រថយន្ត​ដឹកឈើ​គ្រឿងផ្ទះ​ចាស់ និង​ទារ​លុយ​ពី​ម្ចាស់​រថយន្ត​ចំនួន​៤០០០​ដុល្លារ​។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង រួម​សហការ​ជាមួយ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឆែប ខេត្តព្រះវិហា ឃាត់ខ្លួន​បាន​នៅ​ទីកន្លែង​ខុស​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​២​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​៧​នាក់​ទៀត ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ខណៈ​ពេល​បើករថយន្ត​គេច​ចេញពី​ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ផ្ទាល់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពេល​រាយការណ៍​ទៅ​កម្លាំង​កងរាជអាវុធហត្ថ ហើយ​បែរ​នាំ​គ្នា​រត់គេច​ខ្លួន ក្រោយ​ពួក​គេ​រាយការណ៍​ចោទ​រថយន្ត​ធុន​ធំ​ដឹកឈើ​គ្រឿងផ្ទះ​ចាស់​បង្កប់​ឈើ​អត់​ច្បាប់ ហើយ​បណ្តាក់​គ្នា​ជា​ក្រុម​ទៅ​ទារ​លុយ​ពី​រថយន្ត​ដឹកឈើ​នោះ​ចំនួន​៤០០០​ដុល្លារ​។ ក្រោយ​ការ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​ដែល​កាន់​ប័ណ្ណ​សារព័ត៌មាន​នោះ ត្រូវ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្រោម​ការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង កងរាជអាវុធហត្ថ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​បន្ត​ការ​សាកសួរ ។

ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ទី​៩ និង​រហូត​ទល់​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា តុលាការ​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ខាងលើ ចំនួន​២​បទល្មើស ទី​១- ចោទប្រកាន់​ពី​បទ​កំហែង​យក តាម​មាត្រា ៣៦៣ -៣៦៤ និង​ទី​២- ចោទប្រកាន់​ពី​បទ​ជ្រៀតជ្រែក​ក្នុង​មុខ​ងារសាធារណៈ និង​ដំណែង​ផ្លូវការ មាត្រា ៦០៩ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​។ ហើយ​តុលាការ​ក៏​បាន​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​បន្ត​ស៊ើបអង្កេត​លើ​ករណី​ខាងលើ​បន្ថែម​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាំ​ង​មេម៉ាយ ក្នុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ