ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា យកអង្ករ ម្រេច ស្វាយចន្ទី បង្ហាញក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នៅប្រទេសចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ រៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ផង និងចូលរួមតាមអនឡាញផង ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី…

រាជធានីភ្នំពេញ ៖ ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ រៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ផង និងចូលរួមតាមអនឡាញផង ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០-១៣ ខែកញ្ញា ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិទីក្រុងណាននីង នៃតំបន់ស្វ័យតក្វាងស៊ី ប្រទេសចិន ។ កម្ពុជាបានបញ្ជូនក្រុមហ៊ុនចំនួន ១៨ ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី ១៨ នេះ ក្នុងនោះ ក្រុមហ៊ុនចូលរួមដោយផ្ទាល់មានចំនួន ៧ ក្រុមហ៊ុន និងក្រុមហ៊ុនចូលរួមតាមអនឡាញមានចំនួន ១១ ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន ៥៣ ស្តង់ ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ខ្លួនបានសាងសង់ផ្ទះរួមមួយមានទំហំ ៨១ ម៉ែត្រក្រឡា តាមរចនាបទខ្មែរ ដើម្បីដាក់តាំងផលិតផល និងរូបភាពស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ សម្រាប់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះផងដែរ ។ ផលិតផល ដែលបានដាក់តាំងក្នុងពិព័រណ៍នេះ រួមមាន ៖ ផលិតផលកសិកម្ម ដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អាហារក្រៀម ភេសជ្ជៈ ។ល។ ព្រមទាំងគម្រោងទាក់ទាញវិនិយោគមួយចំនួនទៀត ។ 

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា បើកពិព័រណ៍ចិន-អាស៊ានលើកទី ១៨ នេះដែលកាលពីថ្ងៃទី ១០ កញ្ញា តាមរយៈការថតវីដេអូទុកជាមុនពីចម្ងាយ ។ ក្នុងសន្ទរកថា សម្តេចបានលើកឡើងថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ