ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ បន្ទាប់ពីផ្អាកមួយរយ:វែងមក សាលានៅក្នុងរាជធានីភ្នំពេញ នឹងបើកឡើងវិញ នៅពាក់កណ្តាលខែកញ្ញានេះ។ ការបើកសាលាឡើងវិញនេះ គឺនៅពេលមួយ ដែលកូវីដ១៩ មិនទាន់ស្ងប់នៅឡើយ។ ដូច្នេះ…

ភ្នំពេញ​៖ បន្ទាប់ពីផ្អាកមួយរយ:វែងមក សាលានៅក្នុងរាជធានីភ្នំពេញ នឹងបើកឡើងវិញ នៅពាក់កណ្តាលខែកញ្ញានេះ។ ការបើកសាលាឡើងវិញនេះ គឺនៅពេលមួយ ដែលកូវីដ១៩ មិនទាន់ស្ងប់នៅឡើយ។ ដូច្នេះ ការបារម្ភនៅតែមានថា វាអាចនឹងជាការប្រថុយមួយនឹងមានការឆ្លងមេរោគកូវីដ១៩ នៅតាមសាលា ដែល​តម្រូវអោយមានការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បីកុំអោយមានការឆ្លងរាលដាលមេរោគកូវីដ១៩។

កម្ពុជាសម្រេចចិត្តធ្វើការប្រថុយបែបនេះ ដោយសារតែការគិតដល់ការសិក្សារបស់សិស្ស ដែលមិនអាចរៀនបាន នៅតាមថ្នាក់ជាយូរមកហើយ។ ម្យ៉ាងទៀត ដោយសារតែ​សិស្ស និងគ្រូភាគច្រើនបំផុត បានចាក់វ៉ាក់សាំងហើយដែរ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ កូ​វីដ​១៩ នៅ​កម្ពុជា បាន​កម្រើក​ឡើងវិញ ដោយ​ក្រសួងសុខាភិបាល បានប្រកាស​ពី​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើន​ឡើងជា​រៀងរាល់ថ្ងៃ ខណៈដែល​កូ​វីដ បំប្លែង​ថ្មី ដែល​តា ក៏ត្រូវ​បាន​រកឃើញ​ច្រើន​ជា​បន្តបន្ទាប់​។ កំណើន​នៃ​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក៏​កើតឡើង ខណៈដែល​សាលារៀន នៅ​ភ្នំពេញ ត្រៀម​នឹង​បើកទ្វារ​ឡើងវិញ នៅ​សប្តាហ៍​ក្រោយ​។​

​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៩៨១៨៤​នាក់​។ ករណី​ជាសះស្បើយ មាន​ចំនួន ៩២៩១២​នាក់ និង​ករណី​ស្លាប់​សរុប មាន​ចំនួន ២០១៩​នាក់​។​

​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជា​រៀងរាល់ថ្ងៃ នៅពេលនេះ កើនឡើង​នៅ​ចន្លោះ​ពី​ជាង ៤០០​នាក់ មក​ជាង ៥០០​នាក់ និង​ឡើងដល់​ជាង ៦០០​នាក់​។ រីឯ​អ្នកស្លាប់ មាន​ជាង ១០​នាក់ ក្នុង ១​ថ្ងៃ​។ ទន្ទឹមនឹងនេះ នៅ​កម្ពុជា​សព្វថ្ងៃ កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា នៅក្នុង​ដើមខែ​កញ្ញា​នេះ រកឃើញ​ឆ្លង​រាល់ថ្ងៃ ហើយ​ក្នុងនោះ នៅ​ភ្នំពេញ​ ច្រើនជាងគេ​។​

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា ពី​ការរកឃើញ​កូ​វីដ​១៩ ដែល​តា ចំនួន ៤០៨​នាក់​ថែមទៀត ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៨​កញ្ញា និង​ថ្ងៃទី​៩​កញ្ញា ហើយ​បើ​សរុប គិតពី​ថ្ងៃទី​៣១ ខែមីនា រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ អ្នក​ឆ្លង​កូ​វីដ ប្រភេទ ដែល​តា មាន​ចំនួន ៣៧៣១​នាក់ នៅ ២៤​ខេត្ត​រាជធានី គឺ​លើកលែងតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ​។ ក្នុងចំណោម ២៤​ខេត្ត​រាជធានី ដែល​ឆ្លង​ដែល​តា គឺ​នៅ​ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ រហូតដល់ ១២៥៦​នាក់​។​

​ក្រសួងសុខាភិបាល លើកឡើងថា ករណី​ឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​តា នៅក្នុង​ប្រទេស​កម្ពុជា​យើង កើត​ឡើងលើ​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម កើត​លើ​ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍ បុគ្គលិក​ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស​។​

​លទ្ធផល​នៃ​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា ជា​បន្តបន្ទាប់​នេះ បង្ហាញថា វីរុស ដែល​តា បាន និង​កំពុង​បន្ត​រាតត្បាត វាយលុក​ចូលក្នុង​សហគមន៍​របស់​យើង ជាពិសេស នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

​ទន្ទឹមនឹង​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ការចាក់​វ៉ាក់សាំង បាន​កាន់តែច្រើន និង​ការឆ្លង​ថ្មី ក៏មាន​រៀងរាល់ថ្ងៃ ហើយ​កើន​ឡើងវិញ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យ​បើក​សាលារៀន​ឡើងវិញ ជា​បណ្តើរៗ​។ ក្នុងនោះ នៅ​ខេត្តមណ្ឌលគិរី បើក​សាលារៀន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​។ រីឯ​ខេត្ត​ព្រះសីហនុ នឹង​បើក​សាលារៀន កម្រិត ២​ថ្នាក់​នេះដែរ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ហើយ​នៅ​ភ្នំពេញ ហ៊ាន​ជាងគេ គឺ​បើក​សាលារៀន​ទាំងអស់ ទាំង​សាលា​រដ្ឋ និង​ទាំង​សាលា​ឯកជន នៅ​កម្រិត​​អនុវត្ត​វិទ្យាល័យ និង​កម្រិត​វិទ្យាល័យ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា សប្តាហ៍​ក្រោយ​។ សិស្ស​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ គឺ​ទទួលបាន​វ៉ាក់សាំង ២​ដូ​ស​រួចរាល់​ហើយ​។​

​ក្រៅពី​សិស្ស និង​គ្រូ​បាន​ចាក់​វ៉ាក់សាំង​ហើយ នៅ​ភ្នំពេញ ក៏បាន​តម្រូវ​ឲ្យ​គ្រូ និង​បុគ្គលិក​សិក្សា ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ចាប់ពី​ថ្ងៃទី​១០ ខែកញ្ញា រហូតដល់​ថ្ងៃ​បើក​សាលារៀន​ឡើងវិញ​។ វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ដែល​កំណត់ដោយ​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ក៏ត្រូវ​អនុវត្ត​ក្នុងពេល​សាលារៀន បើកទ្វារ​ឡើងវិញ​នេះ​ផងដែរ​។​

​ក្នុងសង្គមយើងវិញ ពេលនេះ ម្នាក់ៗ ហាក់ដូចជា​ស៊ាំ​នឹង​កូ​វីដ​។ តែ​កូ​វីដ ក៏​មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​ឡើយ​។ អ្នកធ្វើការងារ ប្រកប​របរ​នានា ក៏​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ខណៈ​សាលារៀន ក៏​បើក​សាកល្បង​ជា​បណ្តើរៗ​។ រីឯ​អ្នក​រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ក៏ត្រូវ​បាន​រកឃើញរាល់ថ្ងៃ ហើយ​នាំ​យកទៅ​ព្យាបាល។ ​អ្នក​ប៉ះពាល់ ត្រូវធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​។​

​ដូច្នេះ​ពេលនេះ ដើម្បី​ឲ្យ​សាលារៀន ដែល​បើក​ហើយ មិន​បិទ​វិញ ដូច​កាលពីដើមឆ្នាំ​២០២១ ក្រោយព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា ​​ទាមទារ​ឲ្យ​គ្រប់គ្នា មិន​ថា​គ្រូ និង​សិស្ស​ឡើយ គឺ​មហាជន​ទូទៅ​តែម្តង ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់ និង​កាត់ផ្តាច់​នូវ​ការឆ្លង​កូ​វីដ​។ ការចូលរួម​នោះ គឺ​ត្រឹមតែ​ម្នាក់ៗ ធ្វើយ៉ាងណា កុំ​ឲ្យ​ឆ្លង​កូ​វីដ ជាការ​ស្រេច ដោយ​មិនចាំបាច់​ដល់​ថ្នាក់​ថា ត្រូវ​ចូលរួម​ធ្វើ​ការងារ​អ្វីៗ ជាមួយ​​អាជ្ញាធរ​សមត្ថកិច្ច​នោះទេ​។

​ត្រឹមតែ​ម្នាក់ៗ ត្រូវ​បន្ត​នៅតែ​ផ្ទះ ហើយ​បើ​ចេញ​ក្រៅ​ផ្ទះ ត្រូវតែ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ ការជួបជុំ​ទាំងឡាយ ក៏ត្រូវ​បន្ត​ផ្អាក​តទៅទៀត រាប់ទាំង​ជួបជុំ​អ្នកជិតខាង បងប្អូន ញាតិមិត្ត ជាដើម​។ សូម្បីតែ​ផឹក​កាហ្វេ ផឹក​តែ ក៏ត្រូវ​បន្ត​ផ្អាក​សិន​ដែរ កុំថាឡើយ​ដល់​ការជួបគ្នា ផឹកស៊ី​ស្រា​បៀ គ្រឿង​ស្រវឹង​នោះ​។​

​ស្ថានភាព​សព្វថ្ងៃ ទាមទារ​ឲ្យ​យើង​ត្រូវ​បន្ត​រស់នៅ​តាមរបៀប​ថ្មី ជាមួយនឹង​កូ​វីដ ដែលអាច​នឹង​យូរ​ថ្ងៃខែ​តទៅទៀត ហើយ​អាច​ចូលដល់​ឆ្នាំ​ថែមទៀត ទម្រាំ​តែ​លែង​ឆ្លង​កូ​វីដ ទាំង​នៅ​ស្រុក​យើង និង​ទាំង​នៅ​ប្រទេស​គេ។ ដល់ពេ​លនោះ​ ទើប​យើងទាំងអស់គ្នា មាន​សុវត្ថិភាព​ពី​កូ​វីដ​​។

​តែ​ចាំបាច់​ចំពោះមុខ គឺ​ត្រូវ​បន្ត​វិធានការ​កុំ​ឲ្យ​ឆ្លង​កូ​វីដ តាមរយៈ ៣​កុំ និង ៣​ការពារ ជាប់​ជានិច្ច ទោះបីជា​ម្នាក់ៗ បាន​ចាក់​វ៉ាក់សាំង​រួចហើយ និង​ត្រូវការ​ចូលរៀន ត្រូវ​ធ្វើការ រកស៊ី លក់ដូរ ប្រកប​អាជីវកម្ម ក្នុង​ជីវភាព​ប្រចាំថ្ងៃ ក៏ដោយ តែ​យើង​ម្នាក់ៗ ក៏​មិនត្រូវ​ភ្លេចខ្លួន​នឹង​កូ​វីដ​នោះទេ​។ ចូរនឹកឃើញជារឿយៗថា កូ​វីដ នៅ​ជិតៗ​យើង និង​មិនទាន់​ភ្លេច​យើង​ឡើយ​៕​