ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ភ្លេង រនាដឯក

13 ឆ្នាំ មុន

ឧបករណ៍​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោ​រី​ផង ។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា​ដែល​ប្រើ​ប្រាស់​​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​រនាត​ឯក​នោះ ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោ​រី១ សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី១ ជា​ចំណុច​សំគាល់​ទាប​ខ្ពស់។

ឧបករណ៍​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោ​រី​ផង ។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា​ដែល​ប្រើ​ប្រាស់​​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​រនាត​ឯក​នោះ ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោ​រី១ សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី១ ជា​ចំណុច​សំគាល់​ទាប​ខ្ពស់។
អ្នក​ស្រាវ​ជ្រាវ​ពិន្ធុ​តន្ត្រី​វិទ្យា​ខ្លះ​យល់​ថា ពាក្យ​ថា​រនាត​នេះ​ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត raghunâ tha-vinâ ដែល​មាន​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ។
តាម​ប្រសាសន៍​របស់​ឃុន​អក្ខ​រា​ពិណ​ពាទ្យ​ស៊ូ​ អិន ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ជំនាន់​មុន​បាន​ប្រាប់​ត​មក​​លោក​ឧកញ៉ា​មហា​ធិប​តី​មាស ឌី​ ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ ហើយ​ឃុន មាស​ឌី បាន​មាន​ប្រសាសន៍​ក្នុង​ឆ្នាំ​១៩៦៥​ថា “ដូន​តា​យើង​ឱ្យ​ឈ្មោះ​ឧបករណ៍​នេះ​ថា រនាត​ឯក មក​ពី​រនាត​នេះ​មាន​ទំហំ​តូច មាន​សំនៀង​ខ្ពស់​ជាង​រនាត​មួយ​ទៀត (រនាត​ធុង​) ពាក្យ​រនាត​នេះ​យារ​មក​ពី​ពាក្យ​រកនាថ (នាត) ជា​ពាក្យ​សំស្ក្រឹត​ និង​​បា​លី​មាន​ន័យ​ថា រក​អធិប​តី រក​ម្ចាស់​ រក​ចៅ​ហ្វាយ​នាយ គេ​នាំ​គ្នា​ហៅ​រក​នាថ គឺ​សំដៅ​ទៅ​លើ​ឧបករណ៍​រនាត​នេះ​ឯង​ដែល​ជា​ឧបករណ៍​អធិប​តី​លើ​គេ ជា​ម្ចាស់ ជា​ចៅ​ហ្វាយ​លើ​ឧបករណ៍​ដទៃ ពីព្រោះ​តាម​តួ​នាទី​របស់​រនាត​ឯក គឺ​នៅ​ពេល​ប្រគំ​ម្តងៗ ឧបករណ៍​ដទៃត្រូវ​តែ​រឹត​សំនៀង​តាម​រនាត​ឯក​ទាំង​អស់ យក​សំនៀង​ផ្លែ​រនាត​ជា​ធំ ជា​គោល ម៉្យាង​ទៀត​ បើ​រនាត​ឯក​មិន​ចាប់​ផ្តើម​ចេញ​បទ​មុន​ទេ ឧបករណ៍​ដទៃ​មិន​ហ៊ាន​ផ្តើម​បទ​ឡើយ បើ​រនាត​ឯក​មិន​ឱ្យ​សញ្ញា​ឈប់​ទេ ឧបករណ៍​ដទៃ​ក៏​មិន​ហ៊ាន​ឈប់​តាម​ចិត្ត​ដែរ, ឧបករណ៍​ទាំង​អស់​ត្រូវ​តែ​គោ​រព​ស្តាប់​បញ្ជា​រនាត​ឯក​ដាច់​ខាត ។ ការ​លើក​តម្កើង​​រនាត​ឯក​ជា​អធិប​តី​ក្នុង​វង់​ភ្លេង​នីមួយៗ​មាន​តាំង​ពី​បរម​បុរាណ​មក សូម្បី​តែ​អ្នក​ដែល​ត្រូវ​លេង​រនាត​ ក៏​ជា​អ្នក​ដែល​ត្រូវ​ចេះ​​ច្រើន​ជាង​គេ ជា​មេ​វង់​ភ្លង​ជា​អ្នក​សំរេច​កិច្ច​ការ​ធំៗ​ក្នុង​វង់ ជា​អ្នក​ដែល​ត្រូវ​គេ​គោ​រព​ធ្វើ​តាម”។

តាម​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​យល់​ថា រនាត​ឯក​ធ្វើ​ត្រាប់​តាម​ទូក​ដែល​ប្រើ​ប្រាស់​ក្នុង​ទន្លេ​ដោយ​គេ​​សំអាង​ថា ស្នូក​រនាត​ដូច​ទូក​ក្នុង​ទន្លេ​សុទ្ធ​សាធ ។ អ្នក​ខ្លះ​ទៀត​យល់​ថា ធ្វើត្រាប់​តាម​សត្វ​ក្ងោក​ដោយ​សំ​អាង​ថា ខោល​រនាត​សង​ខាង​មាន​រាង​ដូច​កន្ទុយ​ក្ងោក​ពង់ ។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​តន្ត្រី​បុរាណ​ខ្មែរ​យល់​ថា រនាត​ឯក​របស់​ខ្មែរ​មាន​រូប​រាង​ត្រាប់​តាម​សត្វ​នាគ គឺ​ត្រង់​ជើង​ពាន​ទ្រ​ស្នូក គឺ​ជាកន្ទុយ​នាគ​ពីរ​ដែល​រុំ​ព័ទ្ធ​គ្នា ត្រង់​ស្នូក​គឺ​ជា​តួ​នាគ​ពីរ​ដែល​ងាក​ចេញ​ពី​គ្នា​ត្រង់​ខោល​សង​ខាង​ គឺ​ជា​ក្បាល​នាគ​ពីរ​ដែល​កំពុង​តែ​បើក​ពពា រី​ឯ​ផ្លែ​រនាត​ គឺជា​ស្រកា​នាគ​ ។
តាម​ប្រសា​សន៍​របស់​លោក​ឧកញ៉ា​មហា​ធិប​តី​មាស ឌី​ ថា “ជី​តា​របស់​គាត់​និយាយ​ថា ពួក​រនាត​នេះ​យើង​មិន​ធ្វើ​ត្រាប់​តាម​គេ​ទេ គឺ​យើង​បង្កើត​ដោ​យ​ខ្លួន​ឯង​តាំង​ពី​បរម​បុរាណ​មក ជា​ដំបូង​ខ្មែរ​​យើង​យក​បន្ទះ​រនាប​ឫស្សី​សំរាប់​ធ្វើ​ផ្ទះ​មក​កាត់​ខ្លីៗ​ដាក់​លើ​ភ្លៅ​ទាំង​២ ហើយ​គោះ​លេង​ជា​ធម្ម​តា ក្រោយ​មក​ទើប​យកខ្សែ​ចង​រនាប​​បន្ត​គ្នា​លាត​សន្ធឹង​ពី​បង្គោល​​មួយ​ទៅ​បង្គោល​មួយ​ទៀត ។ អស់​កាល​ដ៏​យូរ​លង់​មក ទើប​គេ​យក​កម្រង​រនាប​​នោះ​ទៅ​ចង​លើ​ខ្នង​រូូប​នាគ ដែល​ឆ្លាក់​អំ​ពី​ឈើ​ លុះ​ក្រោយ​មក​ទៀត​ទើប​ខ្មែរ​យើង​ធ្វើ​ដូច​ស្នូក​សព្វ​ថ្ងៃ​នេះ គឺ​នៅ​តែ​​ជា​រូប​នាគ​ដែល។ ខ្មែរ​ចូល​ចិត្ត​និយម​និមិត្ត​រូប​សត្វ​នាគ ពី​ព្រោះ​សត្វ​នាគ​ជា​សត្វ​ប្រកាន់​សច្ចៈ​ធម៌ ជា​សត្វ​ស្មោះ​ត្រង់ ខ្មែរ​ចង់​បញ្ជាក់​ថា ក្នុង​សង្គម​ខ្មែរ​ជា​សង្គម​មនុស្ស​ប្រកាន់​សច្ចៈ​ធម៌ ជា​សង្គម​មនុស្ស​ស្មោះ​ត្រង់​ជា​និច្ច​ ។ ឧបករណ៍​រនាត​ឯក​នេះ​ បាន​ចូល​លេង​ជា​មួយ​ឧបករណ៍​ពិណ តាំង​ពី​ជំនាន់​មាន​ពិណ​ចូល​មក​ស្រុក​ខ្មែរ”។

ឧបករណ៍​រនាត​ឯក​មាន​ស្នូក​ធ្វើ​អំ​ពី​ឈើ​ខ្នុរ ឈើ​បេង ឈើ​នាង​នួន ឬ​ឈើ​ធ្នង់​ឈាម​មាន់​។ល។​ ​មាន​ប្រ​​វែង​ប្រហែល​១,១០​ម៉ែត្រ មាន​ផ្លែ​សំនៀង​ចំនួន​២១ ធ្វើ​​អំ​ពី​ឫ​ស​្សី​ ឬ​ឈើ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អ​ជាង ។ គេ​យក​ឫស្សី​ដែល​មាន​សាច់​វែងៗ ហើយ​ក្រាស់ៗ​អាច​ធ្វើ​ផ្លែ​រនាត​បាន​ទៅ​ត្រាំ​ទឹក​រយៈ​ពេល​ពី​១ឆ្នាំ​ឡើង​ទៅ។ គេស្រង់​ឫស្សី​ទាំង​នោះ​ទៅ​ហាល​ក្នុង​ម្លប់​រយៈ​ពេល​រាប់​ឆ្នាំ​ដែរ ទើប​យក​មក​សំរិត​សំរាំង​ធ្វើ​ជា​​ផ្លែ​រនាត ។ ក្នុង​ពេល​ធ្វើ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​ធូរ គេ​ត្រូវ​ចិត​យក​សាច់​ចំ​កណ្តាល​ចេញ ប៉ុន្តែ​បើ​ចង់​ឱ្យ​ផ្លែ​សំនៀង​តឹង​វិញ គេ​ត្រូវ​ចិត​យក​សាច់​ចុង​​សង​ខាង​ចេញ ។ នៅ​លើ​ផ្លែ​នីមួយៗ មាន​ចោះ​រន្ធ​ផ្នែក​ខាង​ចុង​សង​ខាង​សំរាប់​ដោត​ខ្សែ​ចង​ព្យួរ​ទៅ​នឹង​ខោល​សង​ខាង​របស់​រនាត ។ នៅ​ខាង​ក្រោម​ចុង​ផ្លែ​ម្ខាង​ៗ មាន​បិទ​ដុំ​ប្រមរ​សំរាប់​រឹត (ធៀប)​សំនៀង​របស់​ផ្លែ​នីមួយៗនោះ​តាម​កំរិត​សំនៀង​ដែល​គេត្រូវ​ការ ។ ដុំ​ប្រមរ​មាន​ប្រយោជន៍​ពីរ​យ៉ាង​ ម៉្យាង​ធ្វើ​ឱ្យ​សំនៀង​តឹង ឬ​ធូរ​តាម​ការ​បិទ​ប្រមរ​តិច​ឬច្រើន​ ម៉្យាង​ទៀត​ប្រមរ​ជួយ​ឱ្យ​ផ្លែ​សំនៀង​ឮយោល​បាន​ល្អ​ មិន​ខ្ទិស​មិន​ខះ ។ ក្នុង​ចំណោម​ផ្លែ​សំនៀង​២១ ចែក​ចេញ​ជា​បី​ក្រុម ៖
ក្រុម​ទី​១ មាន​៥ផ្លែ គឺ​ពីផ្លែ​ទី១ ដល់​ទី៥
ក្រុមទី​២ មាន​៧ផ្លែ គឺ​ពីផ្លែ​ទី៦ ដល់​ទី​១២
ក្រុម​ទី៣ មាន​៩​ផ្លែ គឺ​ពី​ផ្លែ​១៣ ដល់ទី​២១
ក្រុម​ទី១ ត្រូវ​មាន​ទទឹង​ផ្លែ​៤៤ ម.ម
ក្រុមទី​២ ត្រូវ​មានទទឹង​ផ្លែ​៤៧ ម.ម
ក្រុ​មទី​៣ ត្រូវ​មាន​ទទឹង​ផ្លែ​ ៥០​ ម.ម
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣១០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៤១០​ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១.០១ ម៉ែត្រ ។
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១​ប្រវែង​៣០០​ម.ម ផ្លែ​ទី​២១​ត្រូវ​មាន​ប្រវែង​៤០០ម.ម កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​សរុប​១,០០​ម៉ែត្រ ។
កម្រង​ផ្លែ​រនាត​ណា​ដែល​មាន​ផ្លែ​ទី​១ប្រវែង​២៩០​ម.ម ផ្លែ​ទី​២១ ត្រូវ​មាន​ប្រវែង​៣៩០​ម.ម​កម្រង​ផ្លែ​រនាត​នេះ​ត្រូវ​មាន​ប្រវែង​០,៩៩ម៉ែត្រ ។

អន្លូង​សំរាប់​គោះ​ផ្លែ​សំនៀង​មាន​ដង ធ្វើ​អំពី​ឫស្សី​ ឬឈើ​ប៉ុន​ចង្កឹះ មាន​ប្រវែង​ប្រហែល​០,៣៥​ម៉ែត្រ នៅ​ខាង​ចុង​ត្រង់​ត្រមោង​សំរាប់​គោះ​ហៅ​ថា មេលំ ។ មេលំ​រនាត​ឯក​មាន​ពីរ​យ៉ាង​គឺ​មេ​លំ​រឹង និង​មេលំ​ទន់ ។ មេ​លំ​រឹង​ធ្វើ​ដោយ​ការរុំ​សំពត់ និង​ខ្មុក​ម្រ័ក្សណ៍ ឬម៉្យាង​ទៀត​ធ្វើ​ដោយ​ស្បែក​យ៉ាង​ក្រាស់​ហៅ​ថា អន្លូង​រឹង​សំរាប់​ប្រើ​តែ​រនាត​ឯក​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ខ្លាំងៗ ។ រីឯ​មេ​លំ​ទន់​ធ្វើ​អំពី​ការ​រុំ​សំពត់​យ៉ាង​ណែន​ស្រាក់​នឹង​អំបោះ​យ៉ាង​តឹង​ដែល​មាន​សភាព​ទន់​ជាង​ហៅ​ថា អន្លូង​ទន់​ប្រើ​ចំពោះ​តែ រនាត​ណា​ដែល​ប្រគំ​ក្នុង​វង់​ភ្លេង​មហារី​ ពីព្រោះ​វង់​ភ្លេង​នេះ​ត្រូវ​ការ​ប្រើ​សំនៀង​ស្រាល​តិចៗ ឮ​រហឹមៗ ។ រនាត​ឯក ​ជា​ឧបករណ៍​មួយ​ដែល​ប្រើ​សំនៀង​គូៗ ក្នុង​ពេល​ប្រគំ​ម្តងៗ ។ អន្លូង​ទាំង​ពីរ​ត្រូវ​គោះ​ស្មើៗ​គ្នា​ទៅ​លើ​ផ្លែ​សំនៀង​គូៗ​ទាំង​នោះ ។ រនាត​ឯក​មាន​ដំណើ​រ​សាច់​បទ​រាយ​រាប​សា​​ជាង​ឧបករណ៍​ដទៃ ។ ក្នុង​ពេល​ប្រគំ​ម្តងៗ​រនាត​ឯក​ត្រូវ​ផ្តើម​ចេញ​បទមុន​គេ ហើយ​នឹង​ត្រូវ​ឱ្យស​ញ្ញា​ឈប់​ដល់​ឧបករណ៍​ដទៃ​ទៀត ។ ប៉ុន្តែ​ចំពោះ​តែ​បទ​ខ្លីៗ ឬ​បទខ្លះ​ទៀត​ដែលមិន​សំខាន់​ក្នុង​ពិធី​ធំៗ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យាសិល្បៈតន្រ្តី)