ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ហេតុការណ៍ ដែល​ប៉ូលិស ស្ទាក់ចាប់ជនល្មើសច្បាប់ចរាចរណ៍ រហូតដល់វាយបែកក្បាល​ស្ត្រីម្នាក់ ជិះម៉ូតូពីក្រោយយុវជនម្នាក់ ដែល​មិនពាក់មួកសុវត្ថិភាព និងជិះបកក្រោយ បញ្ច្រាសទិស ក្នុងរាជធានីភ្នំពេញ…

ភ្នំពេញ​៖ ហេតុការណ៍ ដែល​ប៉ូលិស ស្ទាក់ចាប់ជនល្មើសច្បាប់ចរាចរណ៍ រហូតដល់វាយបែកក្បាល​ស្ត្រីម្នាក់ ជិះម៉ូតូពីក្រោយយុវជនម្នាក់ ដែល​មិនពាក់មួកសុវត្ថិភាព និងជិះបកក្រោយ បញ្ច្រាសទិស ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងកាលាជធានីភ្នំៃទី៨ ខែកញ្ញា គឺ​ជារឿង​ដែល​ទាមទារ​ឲ្យ​គិតគូរឡើងវិញ​ពីការគោរព និងអនុវត្ត​តួនាទីរៀងៗ​ខ្លួន​។ នោះគឺ​ប៉ូលិស អ្នកអនុវត្តច្បាប់ ត្រូវគោរព​តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសមត្ថកិច្ច ហើយប្រជាពលរដ្ឋ ក្នុងនាមជាអ្នកគោរពច្បាប់ ត្រូវពាក់មួកសុវត្ថិភាព និង​ត្រូវសហការ​ជាមួយ​​សមត្ថកិច្ច​​។

កាលពី​ម៉ោង ៨ និង ៤០​នាទី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​ខណ្ឌ ៧​មករា បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​បណ្ដា​យ​ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។ ពេលដែល​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង រួម​ដំណើរ​គ្នា ២​នាក់ ប្រុស​ស្រី បុរស​ជាអ្នក​​បើកបរ ឆ្លងកាត់​គោលដៅ​ចរាចរណ៍ ដោយ​គ្មាន​មួកសុវត្ថិភាព។ សមត្ថកិច្ច ក៏បាន​បក់ដៃ​តាម​វិទ្យុទាក់ទង ឲ្យ​គោលដៅ​កណ្ដាល ​ជួយ​ឃាត់​។ ចំណែក​ម្ចាស់​ម៉ូតូ ជិះបកក្រោយ និង​​ព្យាយាម​បន្ថែម​ល្បឿន ទើប​​មន្ត្រី​នគរ​បាលម្នាក់ យកអាយ​កូម វាយ​លើ​ក្បាល​យុវតី​រងគ្រោះ បណ្តាល​ឲ្យ​បែក​ក្បាលហូរឈាម​​។​

​នារី ដែល​ត្រូវ​នគរបាល​ខណ្ឌ ៧​មករា បាន​ប្រើប្រាស់ ID វ៉ៃ​បែកក្បាល ហូរឈាម បាន​ព្រម​ទទួលស្គាល់ថា ខ្លួន​ខុស។ តែនាងថា ​សមត្ថកិច្ច គឺជា​អ្នក​អនុវត្តន៍​ច្បាប់ ហេតុអ្វី​បានជា​ប្រើ​អំពើហិង្សាលើប្រជាពលរដ្ឋ​ដូច្នេះ​?

​ចំពោះ​ករណីនេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីបំភ្លឺ ៣​ចំណុច ទាក់ទង​ទៅនឹង​ករណី​ ដែល​បាន​កើតឡើង នៅ​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ខណ្ឌ ៧​មករា រាជធានីភ្នំពេញ។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ​​អនុវត្តតាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​​នគរបាល​ជាតិ និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួមមាន​៖ ១. មន្ត្រី​អន្តរាគមន៍ ដែល​បាន​បង្ក​ការរង​របួស​ដល់​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​បែកក្បាល ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មករា បន្ទាប់ពី​ពេល​កើតហេតុ​រួច​។ ២. បើ​ស្រាវជ្រាវ​ហើយ​ ឃើញថា មាន​កំហុស មន្ត្រី​​បង្ក នឹងត្រូវ​អនុវត្ត​​បន្ត​​តាម​​នីតិវិធី​​ច្បាប់ ក៏​ដូចជា ​ការអនុវត្ត​វិន័យ​​កងកម្លាំង​​ផងដែរ​។ ៣. ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់ បើកបរ​​គេច​ពី​សមត្ថកិច្ច ក៏​នឹងត្រូវ​អនុវត្ត​​តាម​ច្បាប់​​ផង​ដែរ​​។​

​រឿង​នេះ​ បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ហើយ​ថា ហេតុការណ៍​ឈានដល់​អំពើហិង្សា​នោះ គឺ​កើតឡើង​ដោយសារតែ​យុវជន​យុវនារី​ទាំង ២​នាក់ ជា​អ្នក​បង្កឡើង គឺ​ផ្តើមចេញពី​ការ​ល្មើសច្បាប់​ចរាចរណ៍ ដោយសារ​ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព និង​ជិះ​រត់គេច​ពី​ប៉ូលិស​។ តែ​ប៉ូលិស ដែល​លើកដៃ វាយ​គេ​បែកក្បាល ក៏​មិនត្រូវ​ដែរ​។​

​អ្នក​ទាំងពីរ ត្រូវ​ទទួលខុសត្រូវ​រៀងខ្លួន​។ អ្នក​ល្មើសច្បាប់​ចរាចរណ៍ មិន​ពាក់មួក​សុវត្ថិភាព ហើយ​ជិះ​រត់គេច ត្រូវ​ចាប់​យកមក​ផ្តន្ទាទោស និង​ពិន័យ​តាមច្បាប់​។ រីឯ​ប៉ូលិស អនុវត្ត​លើស​ដែន​សមត្ថកិច្ច​របស់ខ្លួន រហូត​បង្ក​របួសស្នាម លើ​ជនល្មើស ក៏​ត្រូវតែ​ទទួលខុសត្រូវ បង់ថ្លៃ​ព្យាបាល ព្រមទាំង​ទទួលពិន័យ ដោយ​បញ្ឈរជើង ហើយ​បើ​ធ្ងន់ធ្ងរ អាច​បណ្តេញ​ចេញពី​ក្របខណ្ឌ​ប៉ូលិស​តែម្តង ព្រោះ​ជននេះ បង្ករឿង​ហេតុដូច្នេះ ​ច្រើនលើក​រួចមកហើយ​។​

​ជា​ដំណោះស្រាយ​​ទៅមុខ ប៉ូលិស ​ត្រូវតែមាន​របៀប ឃាត់​ស្ទាក់ជនល្មើស​ ដោយ​ម៉ឺងម៉ាត់​ជាង​នេះ ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ឬ​ជនល្មើសទេ​​។ ក្បួន​ស្ទាក់ ដែល​មិនអាច​ឲ្យ​ជនល្មើស គេចខ្លួន ទាំង​ទៅមុខ និង​ទាំង​បក​ក្រោយ ត្រូវរៀបចំ​ឡើងវិញ​​។ វិធីសាស្ត្រ​អស់ទាំង​នេះ ប៉ូលិស​​ច្បាស់​ជា​ដឹង និង​ចេះ​ហើយ​។

ក្នុងនោះ ប៉ា​រ៉ា​ស់ដែក​ជាច្រើន ដែល​ធ្វើ ​សម្រាប់​បិទផ្លូវ អំឡុងពេល​មាន​បាតុកម្ម និង​ការបិទ​ខ្ទប់​ពេល​កូ​វីដ គួរតែ​បញ្ចេញ​មក​ប្រើ ហើយ​បន្ថែមកម្លាំង ​ដោយមាន​​ឧបករណ៍​ស្ទាក់​ជនល្មើស ដែលបើក​រត់​គេច ដោយមាន​បន្លា​ដែក​លួសស្ទាក់ខ្លួន​ ដាក់​នៅក្រោម​កង់ឡាន កង់​​ម៉ូតូ ជាដើម​។ បើ​នៅ​វៀតណាម គេ​ប្រើ​​​មង និង​​សំណាញ់ ស្ទាក់ចាប់​ក្រុមក្មេងស្ទាវ ដែល​បើក​ម៉ូតូ មិន​គោរព​ច្បាប់​ចរាចរណ៍​។ ករណី​នេះ ប៉ូលិស​យើង ក៏​គួរតែ​​រៀនសូត្រ និង​ស្រង់​ពិសោធន៍​ពី​ប្រទេស​នានា ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​បង្ក​គ្រោះថ្នាក់ ​ដល់​ជនល្មើស​​តទៅទៀត​។​

ទន្ទឹមជាមួយនោះ រាល់ការអនុវត្តច្បាប់ដោយប៉ូលិស ក៏ត្រូវតែមានភាពទន់ភ្លន់ និងម៉ឺងម៉ាត់។ ចំណែក​ជនល្មើស​ច្បាប់​ចរាចរណ៍​វិញ ទាំង​អ្នកបើក​ម៉ូតូ និង​ទាំង​អ្នកបើកបរ​ឡាន ត្រូវតែ​ប្តូរ​ឥរិយាបថ។ បើល្មើសច្បាប់ហើយ​ ត្រូវ​ឈប់ ដោះស្រាយ។ មិនត្រូវបើករត់គេចទេ​​។ បង្កគ្រោះថ្នាក់ហើយ ត្រូវឈប់ដោះស្រាយ​។ បើរត់គេច កាន់តែធ្វើ​ឲ្យ​រឿង កាន់តែធំ។ តែ​មហា​ជន ក៏ឈប់កាត់ក្តី​ ជំនួស​​តុលាការ ឬប៉ូលិស នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង គឺការ​វែកញែក​រកខុសត្រូវ ជាសមត្ថកិច្ច​របស់ប៉ូលិស និង​តុលាការ​។ សំខាន់​មហា​ជន ធ្វើ​ជាសាក្សី និងជួយសង្គ្រោះជនរងគ្រោះ យកទៅពេទ្យ ឬហៅឡានពេទ្យ​។

 ករណី​​ចុង​​ក្រោយ​នេះ គ្រាន់តែ​មិន​ពាក់មួក​សុវត្ថិភាព គឺ​ជនល្មើស បានសម្រេច​ចិត្ត បើក​ម៉ូតូរត់​​គេច​ ទើបត្រូវ​ប៉ូលិស វ៉ៃ​បែកក្បាលខាង​ស្រី ដែល​ជិះ​ក្រោយ ខណៈ​អា​ប្រុស គេចផុត​។ ចុះបើ​រេ​ចង្កូត ចូល​ក្រោម​ឡាន ឬក៏​បុក​ប៉ូលិស ឬ​ដួល​បោក​ក្បាល​នឹង​ជញ្ជាំង ឬ​ថ្នល់ មិន​ត្រឹមតែ​បែក​ក្បាល បាក់ដៃ បាក់ជើង តែ​ដល់​ថ្នាក់​ស្លាប់ តើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ បើករត់​គេច​​នោះ មាន​វិប្បដិសារី និង​ត្រូវ​ទទួលខុសត្រូវ​ដូចម្តេច​?

​មិន​ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ និងអ្នក​បើកបរ​ម៉ូតូ មិនពាក់មួកសុវត្ថិភាព ត្រូវ​ប៉ូលិស​ផាកពិន័យ ត្រឹមតែ​ម្នាក់ ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ជិះ​បញ្ច្រាសទិស ​ត្រូវ​ផាក ១០​​ម៉ឺន​រៀលដែរ​​។ តែ​ដល់​បែកក្បាល​ដូច្នេះ ត្រូវ​ចេញថ្លៃ​ព្យាបាល ហើយ​ឈឺខ្លួន និង​ខកដំណើរ មិនអាច​​ទៅ​ជួបជុំ​មិត្តភក្តិ ថែមទាំង​មានរឿង​រ៉ាវ​​វែងឆ្ងាយ​ទៀត​។​

​ដូច្នេះ​​ខុស​អី ឲ្យ​ប៉ូលិស​ផាក​ហ្នឹង​ទៅ។ បើ​គ្រាន់តែ​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​ក្បាល​ខ្លួនឯង​សោះ មិនអាច​ធ្វើបាន​ផង គឺ​សម​មុខ​ហើយ ដែល​ត្រូវ​ប៉ូលិស​វ៉ៃ​បែកក្បាល​ដូច្នេះ​។ ករណីនេះ បើ​អ្នក​ល្មើសច្បាប់ បាន​ពាក់មួក​សុវត្ថិភាព ក៏​មិន​បែកក្បាល​​ដែរ​។ តែប៉ូលិស​ ក៏មិនត្រូវ​ប្រើមធ្យោ​បាយ ឃាត់ស្ទាក់របៀបនេះឡើយ​​។ ប៉ូលិស ត្រូវមានតួនាទី​ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ​។ ចំណែកប្រជាជនកម្ពុជាទាំងអស់ ក៏​ត្រូវតែធ្វើខ្លួន ជាពលរដ្ឋ​ល្អនិង​គោរពច្បាប់​ទម្លាប់​៕