ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំជួញដូរលើផ្សារហ៊ុនកម្ពុជា អាចដល់ ១ លានដុល្លារ ១ ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានក្រុមហ៊ុនចំនួន ១៥ ក្រុមហ៊ុនបានកំពុងលក់ដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជា ។ គេរំពឹងថា នឹងទទួលបានក្រុមហ៊ុន ៥ បន្ថែមទៀតនៅចុងឆ្នាំនេះ…

រាជធានីភ្នំពេញ ៖ មានក្រុមហ៊ុនចំនួន ១៥ ក្រុមហ៊ុនបានកំពុងលក់ដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជា ។ គេរំពឹងថា នឹងទទួលបានក្រុមហ៊ុន ៥ បន្ថែមទៀតនៅចុងឆ្នាំនេះ ដែលធ្វើឱ្យទីផ្សារហ៊ុនកម្ពុជាមានដល់ ២០ ក្រុមហ៊ុនដែលជាការរីកចម្រើនកាន់តែច្រើនសម្រាប់ការជួញដូរ ។ បច្ចុប្បន្នទំហំនៃការជួញដូរជាមធ្យមប្រចំាថ្ងៃ ២២ ម៉ឺនដុល្លារ និងមានក្តីសង្ឃឹមថា មិនយូរទេទំហំជួញដូរផ្សារហ៊ុនកម្ពុជាកើនដល់ ១ លានដុល្លារក្នុងមួយថ្ងៃនាពេលខាងមុខនេះ ។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពជា បានលើកឡើងថាទោះបីជាស្ថានភាពបច្ចុប្បន្ននៅជុំវិញពិភពលោកមានសភាពមិនច្បាស់លាស់ តែផ្សារមូលបត្រកម្ពុជា នៅតែបន្តការងាររបស់ខ្លួន និងឆ្ពោះទៅមុខឥតឈប់ឈរ ។ ជាក់ស្តែងក្នុងឆ្នំា២០២០ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនមកចុះបញ្ជីចំនួន ៥ ក្រុមហ៊ុន ដែលពីមុនៗមកទទួលបានតែមួយ ឬពីរក្រុមហ៊ុនយ៉ាងច្រើនក្នុងមួយឆ្នាំ ។ តែសម្រាប់ឆ្នាំនេះគ្រាន់តែនៅក្នុងសប្តាហ៍នេះមាន ២ ក្រុមហ៊ុន និងនៅមានក្រុមហ៊ុនមួយចំនួនទៀតកំពុងធ្វើការជាមួយក្រុមការងារបោះផ្សាយលក់មូលបត្ររាប់ទំាងភាគហ៊ុន និងសញ្ញាបណ្ណ ។

«យើងរំពឹងថា នឹងមានក្រុមហ៊ុនស្នើសុំចុះបញ្ជីនៅផ្សារមូលបត្រជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នំា ២០២១ នេះ ។ ជាក្តីរំពឹងយើងរំពឹងថា យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនចំនួន ៥ ទៀតនឹងមកចុះបញ្ជីនៅផ្សារមូលបត្របន្ថែមទៀតនៅឆ្នំានេះ មិនចាញ់នឹងឆ្នំា២០២០ ទេ» នេះជាការបញ្ជាក់របស់លោកអគ្គនាយក ។

នៅថ្ងៃទី ៩ ខែកញ្ញានេះ ផ្សារមូលបត្រកម្ពុជាបានចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន តែលកូថែក ។ ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន ១៥ដែលបានចុះបញ្ជី បានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជាង ២៧៧ លានដុល្លារ ។

បើតាមលោក ហុង សុហួរ សកម្មភាពជួញដូរមានការកើនឡើងគួឱ្យកតសម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ ។ មុនឆ្នំា ២០១៧ មានតែ ១ ម៉ឺនដុល្លារប៉ុណ្ណោះជាមធ្យមក្នុងមួយថ្ងៃ ។ នៅឆ្នំា ២០១៨ កើនដល់ ២ ម៉ឹនដុល្លារ នៅឆ្នំា ២០១៩ មានជិត ១៦ ម៉ឺនដុល្លារ ។ «បើយើងប្រៀបធៀបទៅនិងប្រទេសជិតខាង គឺទំហំជួញដូររបស់យើងនៅមានកម្រិតទាបនៅឡើយ ។ ជាក់ស្តែងនៅប្រទេសថៃ មានការជួញដូរជាមធ្យមក្នុងមួយថ្ងៃមានជាង ២ ពាន់លានដុល្លារ ហើយនៅវៀតណាមមានចន្លោះពី ៤០០ ទៅ ៦០០ លានដុល្លារ ។ នៅឆ្នំា ២០២០ ដោយសារមានបញ្ហាជំងឺកូវីដ ១៩ មានការធ្លាក់ចុះតិចតួច តែនៅឆ្នំា២០២១ នេះយើងឃើញថា ទំហំនៃការជួញដូរកើនឡើងខ្លំាង» ។

រយៈពេល ៨ ខែដំបូងឆ្នំា ២០២១ នេះ ទំហំជួញដូរជាមធ្យមបានកើនឡើងដល់ ២២ម៉ឺនដុល្លារក្នុងមួយថ្ងៃ លោក ហុង សុហួរ ថានេះជាការីកចម្រើន។ «យើងកំពុងមានការរីកចម្រើនខ្លំាង ហើយយើងរំពឹងថា នៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត អាចនឹងកើនឡើងដល់ ១ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ» ។

បច្ចុប្បន្ននេះមានពលរដ្ឋដែលបានចុះឈ្មោះជួញដូរផ្សារហ៊ុន ដែលគេហៅផ្លូវការថា វិនិយោគិនជួញដូរនោះ មានជិត ៣ ម៉ឺនគណនី ។ តំាងពីដើមឆ្នំាមកនៅរៀងរាល់ខែមានវិនិយោគិនថ្មីបានបើកគណនីថ្មីពី ៤០០ ដល់ ៦០០ គណនី ក្នុងមួយខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ