ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC សម្រេច​ផ្អាក​សកម្មភាព​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង​ដល់​បំណាច់​ឆ្នាំ២០២២

2 ឆ្នាំ មុន

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់​ថា IOC បាន​សម្រេច​ផ្អាក​សកម្មភាព​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង​

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់​ថា IOC បាន​សម្រេច​ផ្អាក​សកម្មភាព​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង​រហូត​ដល់​​ដំណាច់​ឆ្នាំ​២០២២ ដែល​មាន​ន័យ​ថា រដ្ឋ​ផ្តាច់​ការ​មួយ​នេះ នឹង​ខកខាន​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​។

ការ​សម្រេច​ផ្អាក​សកម្មភាព​កូរ៉េ​ខាងជើង​ធ្វើ​ឡើង ក្រោយ​ប្រទេស​មួយ​នេះ បដិសេធ​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​រដូវក្តៅ​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ទើបតែ​បញ្ចប់​កាល​ពេល​ថ្មី​ៗ​។ ដោយ​ពួក​គេ​អះអាង​ថា ខ្លួន​ចង់​ការពារ​អត្ត​ព​លិ​ក​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក Thomas Bach ប្រធាន IOC បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ដំណាច់ឆ្នាំ ២០២២ ដោយសារ​ការ​សម្រេចចិត្ត​ឯកតោភាគី​មិន​ចូលរួម​ព្រឹត្តិការណ៍​នៅ​ទីក្រុង​តូ​ក្យូ​។ ការ​សម្រេចចិត្ត​នេះ​មាន​ន័យ​ថា គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង នឹង​មិន​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី IOC អំឡុង​ពេល​ការ​ផ្អាក​សកម្មភាព​របស់​ពួក​គេ​ឡើយ​។

ទោះ​យ៉ាងណា លោក Thomas Bach បាន​និយាយ​ថា IOC បាន​រក្សា​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​លើ​អត្ត​ព​លិ​ក​កូរ៉េ​ខាងជើង​ណា​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២​។ ហើយ​ក៏​និង​ពិចារណា​ឡើង​វិញ អំពី​រយៈពេល​នៃ​ការ​ផ្អាក​សកម្មភាព​របស់​ប្រទេស​មួយ​នេះ​ផង​ដែរ​។

កូរ៉េ​ខាងជើង គឺជា​ប្រទេស​តែ​មួយ​គត់ ដែល​មិន​បញ្ជូន​អត្ត​ព​លិ​ក​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នៅ​ទីក្រុង​តូ​ក្យូ បើ​ទោះបីជា IOC បាន​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​មិន​ចូលរួម​យ៉ាងណា​ក៏​ដោយ​។ IOC បាន​បញ្ជាក់​ថា ខ្លួន​បាន​ជួប​ពិភាក្សា​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ជា​ច្រើន រួម​ទាំង​ការ​ចាក​វ៉ាក់សាំង​ដល់​អត្ត​ព​លិ​ក និង​ប្រជាជន​កូរ៉េ​ខាងជើង​ផង​ដែរ ប៉ុន្តែ​វិធានការ​ទាំងនេះ ត្រូវ​បាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កូរ៉េ​ខាងជើង​ច្រានចោល​៕ (​ដកស្រង់​ចេញពី Reuters)

លោក Thomas Bach ប្រធាន IOC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ