ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីនៅកូរ៉េ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​សម្រេច​តែងតាំង លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​ឯកឧត្តម ឡុ​ង ឌី​ម៉​ង់…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​សម្រេច​តែងតាំង លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​ឯកឧត្តម ឡុ​ង ឌី​ម៉​ង់ ដែល​បាន​ចប់​អណ្ណ​ត្តិ​បេស​កម្ម​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នៅ​ទឹកដី​ប្រទេស​កូរ៉េ ។ លោកជំទាវគ្រោងនឹងហោះហើរទៅកាន់ទឹកដីប្រទេសកូរ៉េ នាថ្ងៃទី ១០ ស្អែកនេះ ដើម្បីទៅបំបេញតួនាទីថ្មី ។

លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​ប្រោស​ព្រះ​រាជទាន​នូវ​មុខងារ​ជា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​តាម​គម្រោង​លោក​ជំទាវ​នឹង​ហោះហើរ​ពី​ទឹកដី​កម្ពុជា​ទៅ​កូរ៉េ​នា​ថ្ងៃ​ទី ១០ ខែកញ្ញា នេះ ។

លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី ដែល​ជា​ស្ត្រី​វ័យក្មេង​មួយ​រូប​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​តែងតាំង​នេះ និង​បាន​សម្តែង​ការ​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល «​បាន​ផ្តល់​នូវ​សេចក្តី​ទុកចិត្ត​ដល់​នាង​ខ្ញុំ ក្នុង​ការ​ចេញ​ទៅ​បំពេញ​បេស​កម្ម​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជូន​ជាតិ និង​មាតុភូមិ … នាង​ខ្ញុំ​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច និង​កិច្ច​ការងារ​ក្នុង​តួនាទី​ជា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​អស់ពី​សមត្ថភាព និង​សម​ស្រប​តាម​ការ​ផ្តល់​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល​» ។

គួរបញ្ជាក់ផងដែរ លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការ នៅក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងក្រោយមកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

ឯកឧត្តម ឡុ​ង ឌី​ម៉​ង់ បាន​ថ្លែង​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី នឹង​មក​កាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​រូប​ឯកឧត្តម​ពិតមែន ក្រោយ​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​មក​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល​ជាង ៥ ឆ្នាំ​របស់ នៅ​លើ​ទឹកដី​កូរ៉េ​ដ៏​ស្រស់បំព្រង​មួយ​នេះ ជា​ឯកអគ្គរាជទូត​កម្ពុជា​។

ឯកឧត្តម​បាន​បន្ត​ថា «​ខ្ញុំ​ពិតជា​មាន​កិត្តិយស និង​ភ័ព្វសំណាង​ដ៏​ធំធេង ដែល​បាន​មានឱកាស​តំណាង​ជាតិ​-​តំណាង​ប្រជាជន ការពារ​ផលប្រយោជន៍​ជាតិ​-​ការពារ​ផលប្រយោជន៍​ប្រជាជន​របស់ខ្ញុំ ដែល​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះមហាក្សត្រ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន​។ នា​ថ្ងៃស្អែក​ទី 10 កញ្ញា 2021 ខ្ញុំ ព្រមទាំង​ក្រុម​គ្រួសារ រួម​នឹង​សហការី​មួយ​ចំនួន​តូច សូម​គោរព​ជម្រាបលា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិត្ត​ភ​ក្កិ​បងប្អូន​កូរ៉េ​ទាំងអស់ ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​ទៅ​មាតុភូមិ​កម្ពុជា​វិញ​ហើយ​។ ប៉ុន្តែ កូរ៉េ​-​កម្ពុជា​នឹង​វិល​វិញ​មិន​ឆ្ងាយ​សម្រាប់​រូប​ខ្ញុំ​នោះ​ទេ​» ។

សូមរម្លឹកថា ឯកឧត្តម ឡុង ឌីម៉ង់ ធ្លាប់ធ្វើជាអ្នកនាំពាក្យ និងជាអនុប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញ មុនពេលរូបឯកឧត្តមត្រូវបានតែងតាំងលោកជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង​ ក្នុងវ័យ ៣៦ ឆ្នាំ ។ លោក ឡុង ឌីម៉ង់ គឺជាកូនច្បងនៃកូនពីរនាក់របស់លោក ឡុង វិសាលោ អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាកូនប្រសាររបស់លោក ញឹម វណ្ណដា អតីអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។