ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណទាន ៧.៦០០ លានដុល្លារ បានផ្តល់ឱ្យពលរដ្ឋជិត ២ លាននាក់កំលុងពេលកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចំនួនប្រាក់ឥណទានផ្តល់ឱ្យពលរដ្ឋខ្ចីនៅកំលុងពេលកូវីដ ១៩ នេះមានកំណើនតិចតូច ។ ទំហំឥណទានជាង ៧.៦០០ លានដុល្លារបានផ្តល់ដល់ពលរដ្ឋប្រមាណ ១,៩៧…

រាជធានីភ្នំពេញ ៖ ចំនួនប្រាក់ឥណទានផ្តល់ឱ្យពលរដ្ឋខ្ចីនៅកំលុងពេលកូវីដ ១៩ នេះមានកំណើនតិចតូច ។ ទំហំឥណទានជាង ៧.៦០០ លានដុល្លារបានផ្តល់ដល់ពលរដ្ឋប្រមាណ ១,៩៧ លាននាក់ ។

លោក កាំង តុងងី ប្រធាន ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យដឹងថា ទិន្នន័យនេះបង្ហាញពីការកើនឡើងតិចតួចបើធៀបនឹងត្រីមាសទី ១ ដែលមានឥណទានសរុបចំនួន ៧.៣៥២ លានដុល្លារ ដល់អតិថិជន ១,៩៦ លាននាក់ ។ ក្នុងប្រតិបត្តិការទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុ ប្រាក់ដុល្លានៅតែដើរឈានមុខ ខណៈការប្រើប្រាស់ប្រាក់រៀលហាក់មានកំណើនសន្សឹមៗ ស្ថិតក្នុងកម្រិតប្រមាណ ២០% ។

លោក កាំង តុងងី ថា មិនខុសពីវិស័យឯកជនដទៃៗ វិស័យមីក្រូហិរញ្ញវត្ថុ ក៏ប្រឈមនឹងផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយត្រូវប្រឈមនឹងការកើនឡើងថ្លៃប្រតិបត្តិ្កការ ខណៈប្រាក់ចំណូលមានការថយចុះ ។

 វិស័យហិរញ្ញវត្ថុមានតួនាទី ដូចជាសរសៃឈាមក្នុងការគាំទ្រដល់វិស័យដទៃៗទៀត ដូចនេះហើយបានជាក្នុងបរិបទជំងឺរាតត្បាតនេះ វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលបានខំប្រឹងប្រមូលធនធានដែលខ្លួនមាន ដើម្បីជួយដល់អតិថិជនដែលកំពុងរងផលប៉ះពាល់ក្នុងកម្រិតមធ្យម និងធ្ងន់ធ្ងរ តាមរយៈយន្តការនៃការរៀបចំឥណទានឡើងវិញដាក់ចេញក្នុងខែមីនា ឆ្នាំ ២០២០ ដើម្បីបន្ថយសំពាធសាច់ប្រាក់របស់អតិថិជនប៉ះពាល់ អន្តរាគមន៍បន្ថែមដើម្បីជួយដល់អ្នករងផលប៉ះពាល់ដោយផ្ទាល់ ដូចជាអ្នកឆ្លងជំងឺ អ្នកជាប់កាតព្វកិច្ចចត្តាឡីស័ក និងអ្នកស្លាប់ដោយជំងឺនេះ ដែលបានដាក់ចេញក្នុងខែមេសា ឆ្នាំ ២០២១ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់ការីការីរាលដាលនៃជំងឺនេះផងដែរ ។

នៅស្ថានភាពកូវីដ ១៩ នេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារធនាគារជាតិឆមាសទី ១ ស្ថាប័នហិរញ្ញវត្ថុជាតិនេះបញ្ជាក់ថា ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨% ឥណទានអតិថជនមានកំណើន ២៣,៤% និងប្រាក់បញ្ញើអតិថជនកើនជាង ២០,៧% ។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំដោយអនុបាតសាធនភាពមានកម្រិត ២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យ មីក្រូហិរញ្ញវត្ថុ សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារនិង ១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។ នៅក្នុងពេលកូវីដ ១៩ នេះ ទំាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញដល់ពលរដ្ឋចំនួន ៣៦៧ ២៣៩ គណនី និងក្នុងទឹកប្រាក់ជាង ៥,៥ ប៊ីលានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា កាលពីខែកន្លងទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ