ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ស្រឡាញ់ និង​ការ​អត់ឱនជីវិត​ឧទ្ទិស​ចំពោះ​ការងារ​សន្តិភាព និង​កិច្ច​សន្ទនា

8 ឆ្នាំ មុន

វិទ្យាស្ថាន​សន្ទនា​មេគង្គ ដែល​ឈរ​លើ​ទស្សនវិស័យ​ដែល​ជំរុញ​ដោយ​ផ្នត់គំនិត និង​គំរូ​ជីវិត​របស់​លោក​ហ្វា​ឌុ​ល​ឡា​ល់ គូ​លិ​ន (Fathullah Gulen) ដែល​ជា​បញ្ញវន្ត ជា​អ្នកឯកទេស ជា​អ្នក​ត្រិះ​រិះ ជា​មេដឹកនាំ​ផ្នែក​គំនិត ជា​សកម្មជន​អប់រំ

វិទ្យាស្ថាន​សន្ទនា​មេគង្គ ដែល​ឈរ​លើ​ទស្សនវិស័យ​ដែល​ជំរុញ​ដោយ​ផ្នត់គំនិត និង​គំរូ​ជីវិត​របស់​លោក​ហ្វា​ឌុ​ល​ឡា​ល់ គូ​លិ​ន (Fathullah Gulen) ដែល​ជា​បញ្ញវន្ត ជា​អ្នកឯកទេស ជា​អ្នក​ត្រិះ​រិះ ជា​មេដឹកនាំ​ផ្នែក​គំនិត ជា​សកម្មជន​អប់រំ និង​ជា​អ្នកតស៊ូ​មតិ ដើម្បី​សន្តិភាព​ជាតិ​តួ​ក​គី​ម្នាក់ ។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ផ្តួចផ្តើម និង​ជា​អ្នក​ជំរុញ​ទឹកចិត្ត​ឱ្យ​មាន​ចលនា​សង្គម​ស៊ី​វិល​នៅ​ជុំវិញ​ពិភពលោក គឺ​ចលនា​បម្រើ​សង្គម ដែល​បាន​ស្តែង​ចេញ​ចំពោះ​ការងារ​អប់រំ កិច្ច​សន្ទនា សន្តិភាព យុត្តិធម៌​សង្គម និង​ភាព​ចុះសម្រុង​ក្នុង​សង្គម ។

ខាងក្រោម​នេះ​គឺជា​ការ​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​សន្ទនា​មេគង្គ ដែល​ជា​គុណ​តម្លៃ​មួយ​នៃ​ការ​កសាង​សន្តិភាព ដោយសារ​តែ​ការ​អត់ឱន និង​សេចក្តី​ស្រឡាញ់ ៖

សម្តេចព្រះ​នរោត្តម សីហ​នុ
សម្តេចព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហ​នុ ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចព្រះ​នរោត្តម សុរា​ម្រឹត និង​ព្រះ​មហាក្សត្រិយ៍ ស៊ី​សុវត្ថិ កុស​មៈ ។ ព្រះ​អង្គ​បាន​សិក្សា​នៅ​សាលា​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក​ទ្រង់​បាន​បន្ត​ថ្នាក់​វិទ្យាល័យ​បារាំង​នៅ​ទីក្រុង​ព្រៃនគរ (​ទីក្រុង​ហូ ជី​មិ​ញ ប្រទេស​វៀតណាម​បច្ចុប្បន្ន​) និង​សាលា​យោធា​នៅ​ទីក្រុង​សូ​ម័​រ ប្រទេស​បារាំង ។

នៅ​ពេល​ដែល​ព្រះ​បិតុលា​របស់​ទ្រង់​គឺ​ព្រះបាទ​ស៊ី​សុវត្ថិ មុនី​វង្ស បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩៤១ ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​បាន​ជ្រើសរើស​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ជា​ស្តេច​នៃ​ប្រទេស​កម្ពុជា ។ ទ្រង់​បាន​ឡើង​សោយរាជ្យ​នៅ​ខែកញ្ញា ឆ្នាំ​១៩៤១ ខណៈ​ដែល​ទ្រង់មាន​ព្រះ​ជន្មាយុ​១៨​ព្រះ​វស្សា ។

បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២ និង​ដើម​ទស​វត្ស​ទី​១៩៥០ ព្រះបាទ​សម្តេច នរោត្តម សីហ​នុ បាន​បង្កើត​វិធាន​ជាតិនិយម ហើយ​ចាប់ផ្តើម​ទាមទារ​ឯករាជ្យ​ពី​បារាំង ។ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ជាតិ​របស់​ព្រះ​អង្គ ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។

រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ​ព្រះបាទ នរោត្តម សីហ​នុ បាន​ដាក់រាជ្យ​ថ្វាយ​ព្រះរាជ​បិតា​របស់​ព្រះ​អង្គ គឺ​ព្រះបាទ​នរោត្តម សុរា​ម្រឹត នៅ​ខែមេសា ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​បង្កើត និង​ដឹកនាំ​ចលនា (​សង្គមរាស្ត្រនិយម​) ហើយ​ទទួល​ងារ​ជា​សម្តេចព្រះ​ឧបយុវរាជ​។ បន្ទាប់​ពី​ព្រះរាជ​បិតា​សោយ​ទិវង្គត​ទៅ​នៅ​ក្នុង​ទស​វត្ស​ទី​១៩៦០ ព្រះបាទ​សម្តេច នរោត្តម សីហ​នុ បាន​ជាប់​ឆ្នោត​ជា​ព្រះ​ប្រមុខរដ្ឋ ។ ចាប់ពី​ពេល​នោះ​មក ព្រះបាទ​សម្តេច នរោត្តម សីហ​នុ បាន​ដឹកនាំ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ព្រះ​អង្គ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ទ្រង់​ចេញពី​តំណែង ខណៈ​ដែល​ទ្រង់​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូ​ស្គូ សហភាពសូ​វៀត ។

នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​វាយ​ចូល​ដល់ទី​ក្រុងភ្នំពេញ រំសាយ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​បង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ពេល​ដែល​ទ្រង់​គង់នៅ​ជា​ប្រមុខរដ្ឋ ។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះ​អង្គ​បាន​លាលែង​ចេញពី​តំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឱ្យ​គង់តែ​នៅ​ក្នុង​វាំង ក្នុង​ទីក្រុង​ភ្នំពេញ រហូត​ដល់​ខែមករា ឆ្នាំ​១៩៧៩ ។ វៀតណាម​បាន​ចាប់ផ្តើម​ចូល​មក​រំដោះ​កម្ពុជា​ពី​របប​ខ្មែរក្រហម​នៅ​ក្នុង​ខែធ្នូ ឆ្នាំ១៩៧៨ ។

កិច្ចចរចា​សន្តិភាព​រវាង​សម្ព័ន្ធ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​រហូត​មក​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​គ្រប់​ភាគី​ទាំងអស់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ទី​ក្រុងប៉ារីស ។ បន្ទាប់​ពី​ទ្រង់​បាន​ភាស​ព្រះ​កាយ​អស់​រយៈពេល​១៣​ឆ្នាំ ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ទ្រង់​បាន​ព្រះរាជ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មានការ​ទទួល​អបអរសាទរ​យ៉ាង​ឱឡារិក​ក្នុង​ឋានៈ​ជា​បិតា​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិ ។ នៅ​ក្នុង​ឆ្នាំ​១៩៩៣ ទ្រង់​បាន​សោយរាជ្យ​ក្នុង​ក្របខ័ណ្ឌ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាថា (​ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ តែ​មិន​កាន់អំណាច​) ។

នៅ​ខែតុលា ឆ្នាំ​២០១២ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ទ្រង់​បាន​យាង​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា ។ អតីត​ព្រះមហាក្សត្រ​សម្តេច នរោត្តម សីហ​នុ ជា​អង្គ​វីរក្សត្រ​ដ៏​មាន​ប្រជាប្រិយភាព​ជាទី​បំផុត ដែល​ប្រជាជន​កម្ពុជា​ចាត់​ទុក​ទ្រង់​ថា​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ការ​បង្រួបបង្រួមជាតិ ។ ប្រជានុរាស្ត្រ​ខ្មែរ តែងតែ​ចង​ចាំនូវ​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ក្នុង​សង្គម​កម្ពុជា​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ប្រកបដោយ​សន្តិភាព និង​ភាព​រុងរឿង​រីក​ចម្រើន​លើ​គ្រប់
វិស័យ ។

កិច្ច​សន្ទនា​អន្តរ​សាសនា
ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន
កម្ពុជា​បាន​បើក​ទូលាយ​នូវ​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដូចដែល​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាទិភាព​យ៉ាង​ខ្ពស់​ដល់​វិស័យ​សាសនា ដោយ​បាន​ដាក់​បញ្ចូល​វិស័យ​នេះ​ទៅ​ក្នុង​បាវចនា​របស់​ជាតិ​គឺ (​ជាតិ សាសនា ព្រះមហាក្សត្រ​) នៅ​ក្នុង​ឆន្ទៈ​លើកដំកើង​ឱ្យ​មានការ​រីក​ចម្រើន​ទន្ទឹម​គ្នា អភិវឌ្ឍន៍​រួម​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ដូចដែល​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា វិស័យ​សាសនា​បាន​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ និង​ការ​រក្សា​នូវ​សុខ​សន្តិភាព​សម្រាប់​សង្គម​ជាតិ​ទាំងមូល ។ ជាក់ស្តែង​វិស័យ​សាសនា​បាន​ប្រៀនប្រដៅ​មនុស្ស​ឱ្យ​ស្គាល់​អំពី​សច្ចភាព ពោល​គឺ​វៀរចាក​អំពើ​ទុច្ចរិត​អកុសល វៀរចាក​អំពី​ទោសៈ លោភៈ មោហៈ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ត្រើយ​នៃ​សេចក្តី​ស្ងប់​សុខ ។ នៅ​ក្នុង​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​នេះ​រាជរដ្ឋាភិបាល​តែង​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ និង​គាំទ្រ​ដល់​សាសនា​ដែល​កំពុង​ប្រតិបត្តិ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​កិច្ចការ​ទាំងនោះ ទៅ​តាម​ក្រឹត្យក្រម​នៃ​ព្រះធម៌ ព្រះ​វិន័យ​ក្នុង​សាសនា​នីមួយ​ៗ ដោយ​អនុលោម​ទៅ​តាម​ស្មារតី យោគយល់ និង​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ជា​ការ​ពិត ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជា​៩៥%​ជា​ពុទ្ធសាសនិកជន ហើយ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋ​ក៏​ដោយ ក៏​កម្ពុជា​មិន​បាន​ហាមឃាត់ និង​រារាំង​ចំពោះ​ការ​គោរព​បូជា​របស់​សាសនិកជន​នៃ​សាសនា​ដទៃ​ទៀត​នោះ​ទេ ។ ទ​ង្វើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា​កំពុង​តែ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ដោយ​រលូន​នៅ​គ្រប់​ទិស​ទី​ទូ​ទាំង​ប្រទេស ហើយ​ក្នុង​រយៈកាល​កន្លង​មកនេះ ក៏​មិន​មាន​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​ទេ ។ សាសនា​នៅ​កម្ពុជា ត្រូវ​បាន​ស្លាប់​ទាំងអស់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។ ដូច្នេះ​ហើយ​បានជា​នៅ​ទីនោះ ទោះបី​ថា គ្រប់​សាសនា​បាន​បដិសន្ធិ​មក​ជា​ច្រើន​រយ​ឆ្នាំ ច្រើន​ពាន់​ឆ្នាំ​មែន ប៉ុន្តែ​នៅ​កម្ពុជា​គឺ​កើតឡើង​វិញ​ដំណាលគ្នា​ទាំងអស់ ។

នេះ​ជា​ភាព​ចម្លែក​នៅ​ក្នុង​ប្រទេស​នេះ ។ ដូច្នេះ​គេ​មិន​គួរ​គិត​ថា របប​ប៉ុ​ល ពត ជា​ជាតិនិយម ពោល​គឺ​ជាតិនិយម​ចង្អៀតចង្អល់ បើ មិន​អី​ុ​ចឹ​ង​ទេ ពួក​គេ​រក្សា​ទុក​ព្រះពុទ្ធ​សាសនា ហើយ បំផ្លាញ​តែ​សាសនា និង​សាសន៍​ដទៃ​ប៉ុណ្ណោះ​។ សច្ចភាព​គឺថា​ឥឡូវ​ពួក​គេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​តុលាការ ដែល​កំពុង​ដំណើរការ​នេះ គឺ​បទ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ។ បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុជា​រយៈ​កន្លង​ទៅ បញ្ហា​សំខាន់​ដែល​ខ្ញុំព្រះករុណា​ខ្ញុំ ខ្លួន​ខ្ញុំ​បាន​សិក្សា​ពី​ឫសគល់​នៃ​បញ្ហា​ទាំងនេះ ទើប​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការ​រួមចំណែក​គ្រប់គ្រង​ប្រទេស​ជាតិ​នេះ​ជិត​៣០​ឆ្នាំ ហើយ​ក្នុង​តួនាទី​ប្រមុខ​រដ្ឋាភិបាល​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ ។ ពី​មុន​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល ពត ព្រះមហាក្សត្រ​គ្រប់​ជំនាន់​របស់​យើង តែង​ធ្វើ​សុខដុម​នី​យ​កម្ម​រវាង​ជនជាតិ និង​សាសនា ។ នេះ​ជា​លំនាំ​ដ៏​ល្អ​ដែល​មាន​ពី​អតីតកាល លើកលែងតែ​របប​ប្រល័យពូជសាសន៍ ។ រយៈពេល​ក្រោយ​មកនេះ អ្វី​ដែល​យើង​ផ្តោត​ការ​យកចិត្តទុកដាក់ គឺ​ការ​បន្តដំណើរ​ធ្វើ​សុខដុម​នី​យ​កម្ម​ជនជាតិ​។ ដំបូង​ត្រូវ​និយាយ​ពី​ជនជាតិ​សិន ។ មូលហេតុ​អ្វី0x017d7 មូលហេតុ​នៅ​ត្រង់​ថា ជនជាតិ​ខ្លះ​អត់​មាន​សាសនា​ទេ អត់​មាន​កាន់សាសនា អត់​កាន់​អ្វី​ទាំងអស់ ព្រះពុទ្ធ​ក៏​មិន​កាន់ មូ​ស្លី​ម​ក៏​មិន​កាន់ គ្រី​ស្ទ​ក៏​មិន​កាន់ តែ​មាន​ជំនឿ​តាម​មួយ​បែប ។ ប៉ុន្តែ​គេ​ធ្លាប់​ជា​ជនជាតិ​នៅ​ក្នុង​ប្រទេស​នេះ ។ ដូច្នេះ​យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ​សុខដុម​នី​យ​កម្ម​បណ្តាជន​ជាតិ​ទាំងអស់​ឱ្យ​រួម​រស់នៅ​ជាមួយ​គ្នា​ដើម្បី​ធានា​នូវ​សន្តិភាព មិន​រើសអើង​គ្នា ។ បន្ទាប់​ពី​នោះ​មក យើង​ធ្វើ​សុខដុម​នី​យ​កម្ម​លើ​បញ្ហា​សាសនា និង​វប្បធម៌​។ ចំណុច​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ដូច្នេះ​ឯង ។ យើង​មិន​ត្រូវ​ភ្លេច​ថា បញ្ហា​ជនជាតិភាគតិច បន្ទាប់​ទៅ សាសនា និង​វប្បធម៌​នេះឯង ។ ព្រោះថា នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ជនជាតិ​ខ្មែរ​ខ្លះ​មិនមែន​កាន់តែ​ព្រះ​ពុទ្ធ​សាសនា​ទាំងអស់​ឯណា ខ្មែរ​ខ្លះ​គាត់​ទៅ​យកប្រពន្ធ​ជនជាតិ​អ៊ិ​ស្លា​ម អី​ុ​ចឹ​ង​គាត់​ត្រូវ​ទៅ​កាន់សាសនា​តាម​អ៊ិ​ស្លា​ម ព្រះ​អ៊ិ​ស្លា​ម​លើក​ឡើង​ថា បើសិនជា​ត្រូវ​យកប្រពន្ធ​អ៊ិ​ស្លា​ម អ្នកឯង​ត្រូវ​តែ​កាន់សាសនា​អ៊ិ​ស្លា​ម​អី​ុ​ចឹ​ង​ហ្មង ។ ដូច្នេះ​អ្នកខ្លះ​ជឿ​គ្រិ​ស្ទ​ទៅ អ្នកខ្លះ​ជឿ​នេះ ជឿ​នោះ​ទៅ​អី​ុ​ចឹ​ង​ទេ ។ ហើយ​រឿង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​គឺ​ទៅ​តាម​អព្យាក្រឹតភាព​របស់​រដ្ឋបាល​សាធារណៈ គឺ​មានការ​ចាំបាច់​ណាស់ ។ បុគ្គល​ណា​ក៏​ដោយ ដែល​កាន់​តួនាទី ទោះបី​ថា គាត់​ជា​ប្រធាន​ភូមិ ប្រធាន​ឃុំ ឬ​ស្រុក មិន​ចាំបាច់​ថា នេះ​ដល់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ទេ ។ បើសិនជា​រដ្ឋ​មួយ ឬ​មេដឹកនាំ​មួយ​នៅ​ក្នុង​សហគមន៍​ភូមិ​ខ្លះ ប្រទេស​កម្ពុជា មាន​ភូមិ​ខ្លះ​មាន​ទាំង​ព្រះពុទ្ធ​សាសនា មាន​ទាំង​អ៊ិ​ស្លា​ម​សាសនា មិន​មាន​សាសនា​ដទៃ​ទៀត ។

បើសិនជា​ប្រធាន​ភូមិ​ហ្នឹង គាត់​មិន​អព្យាក្រឹត អាង​តែ​គាត់​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា គាត់​លំអៀង​ទៅ​លើ​ព្រះពុទ្ធ​សាសនា ដោយ​មិន​គិត​យកចិត្តទុកដាក់​ទៅ​លើ​សាសនា​ដទៃ ឬ​រហូត​ដល់​ដាក់​បម្រាម​ទៅ​លើ​សាសនា​ដទៃ​ដែល​នៅ​ទីនោះ នោះ​គឺជា​គ្រោះថ្នាក់ ។ ភូមិ​ខ្លះ​ទៀត ឬ​ឃុំ​ខ្លះ​ទៀត ថ្នាក់ដឹកនាំ​នៅ​ឃុំ​នោះ​កាន់សាសនា​ផ្សេង ឧទាហរណ៍​​សាសនា​មូ​ស្លី​ម​ដូច្នេះ បើសិនជា​គាត់​គិតតែ​ពី​មូ​ស្លី​ម ដោយ​មិន​បាន​គិតដល់​ព្រះពុទ្ធ និង​សាសនា​គ្រិស្ត នេះ​ក៏​ជា​បញ្ហា ។ រឿង​នេះ​គឺ​ទាក់ទង​អព្យាក្រឹតភាព​នៃ​អ្នកដឹកនាំ និង​ស្ថាប័នរដ្ឋ​ចំពោះ​សាសនា​ទាំ​អ​អស់ គឺ​សំខាន់​ណាស់ ។ បើសិន​អីុ​ចឹ​ង ឥឡូវ​ឧទាហរណ៍ កម្ពុជា មេដឹកនាំ​កំពូល​ធំ​ៗ​ព្រះមហាក្សត្រ ព្រះ​អង្គជា​សាសនិក ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​នៃ​រាជរដ្ឋាភិបាល ភាគច្រើន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ក៏​មាន​និកាយ​២​ទៅ​ទៀត ។

និកាយ​គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ អីុចឹ​ង​ទេ ព្រះ​តេជគុណ​ដែល​ស្លៀកដណ្តប់​ស្បង់​ចីវរ​ពណ៌​លឿង គឺជា​មហានិកាយ ចំណែកឯ​ស្បង់​ចីវរ​ពណ៌​ក្រមៅ​បន្តិច​ជា​ធម្មយុត្តិកនិកាយ ។ ប៉ុន្តែ​ធម្មយុត្ត ឬ​មហានិកាយ ព្រះពុទ្ធ ឬ​មូ​ស្លី​ម មូ​ស្លី​ម ឬ​ក៏​គ្រិស្ត ឬ​សាសនា​ដទៃ​ទៀត វា​មិនមែន​ជា​ឧបសគ្គ​រារាំង​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ទេ ។ បទ​ពិសោធន៍​របស់ខ្ញុំ​គឺ​យ៉ាង​ដូច្នេះ ហើយ​អ្វី​ដែល​ជា​បទ​ពិសោធន៍ ហើយ​ការ​មើលឃើញ​ពី​ចម្ងាយ​ទៅ​លើ​ចំណុច​ខ្លះ ដែល​ខ្ញុំ​យល់​ថា ខ្ញុំ​គួរតែ​មាន​សំឡេង​នៅ​ទី​នេះ​ផង​ដែរ ។ ដូច​ជា​នៅ​កម្ពុជា ដែល​គ្មាន​ជម្លោះសាសនា គឺ​ត្រូវ​ទប់ស្កាត់​កុំឱ្យ​វា​កើត​មាន​តែ​ម្តង អាហ្នឹង​វា​ល្អ​បំផុត ។ ប៉ុន្តែ​សម្រាប់​បញ្ហា​ដែល​បាន​កើត​មាន​រួច​មក​ហើយ ត្រូវ​ខិតខំ​រំលត់​ដោយ​សន្តិវិធី ។

ចំណុច​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ នៅ​ត្រង់​ថា ពិភពលោក​ជ្រួលច្របល់​ទៅ​លើ​បញ្ហា​មួយ​ចំនួន ដែល​មិន​គួរ​ឱ្យ​កើត​មាន ក៏​ប៉ុន្តែ​វា​បាន​ផ្តើម​ចេញពី​ពាក្យ​សម្តី​របស់​អ្នក​ដឹក​នាំ​នយោបាយ​នៃ​ពិភពលោក​ខ្លះ ឬ​អ្នកនិពន្ធ​ខ្លះ រឿង​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់ ។ ខ្ញុំ​លើក​ឧទាហរណ៍ មាន​ពាក្យ​មួយ​ម៉ាត់​អាច​យក​ប្រជាជន​១​ពាន់​លាន​នាក់​ធ្វើ​ជាស​ត្រូវ​តែ​ម្តង នោះ​នៅ​ត្រង់​អ​ញ្ចេះ ឧទាហរណ៍ មានការ​វាយប្រហារ​ភេរវកម្ម​នៅ​កន្លែង​ណាមួយ​គេ​នាំ​គ្នា​ថា ភេរវកម្ម​បង្ក​ឡើង​ដោយ​ពួក​មូ​ស្លី​ម ។ អីុ​ចឹ​ង​ទេ យើង​ទៅ​ចាំ​បាច់​ប្រើ​ពាក្យ​ហ្នឹង​ធ្វើ​អី ដូច​ជា​នៅ​ក្នុង​ប៉ា​គី​ស្ថាន​ដែល​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត វាយប្រហារ​ភេរវកម្ម ឬ​ប្រទេស​អីុ​រ៉ា​ក់ វាយប្រហារ​ភេរវកម្ម​ប្រទេស​ដទៃ​ទៀត ។ តើ​គេ​សម្លាប់​អ្នក​ណា? គេ​ក៏​សម្លាប់​មូ​ស្លី​ម​ដែរ ។ ដូច្នេះ ទាំង​អ្នកនយោបាយ ទាំង​អ្នក​សារព័ត៌មាន មិន​គួរ​ប្រើ​ពាក្យ​ភេរវកម្ម បង្ក​ដោយ​ពួក​មូ​ស្លី​ម​ទេ ។ និយាយ​យ៉ាង​ដូច្នេះ ខ្ញុំ​គិត​ថា គួរ​ត្រូវ​បាន​កែប្រែ​ឥរិយាបថ ប៉ុន្តែ​និយាយ​ទៅ​គេ​ថា អាហ្នឹង​សេរីភាព​ខាង​ការ​និយាយ វា​ទៅ​ជា​អ​ញ្ចេះ​ទៅ​ទៀត ។ តើ​បណ្តា​រដ្ឋ​អាច​កែតម្រូវ​បាន​ខ្លះ ជាមួយនឹង​អ្វី​ដែល​ហៅ​ថា សេរីភាព​បំផ្លាញ​ពិភពលោក​នោះ​បាន​ទេ?យើង​រង់ចាំ​មើល ឱ្យ​តែ​ចាប់ផ្តើម​ដាក់​គ្រឹប មូ​ស្លី​ម​ជា​អ្នក​ធ្វើ ។ ប៉ុន្តែ​យើង​សួរ​ថា តើ​ហ្នឹង​វា​មិនមែន​មនុស្ស​១​នាក់ ឬ​២​នាក់ ទៅ​បង្កើត​បញ្ហា​ជាមួយ​ប្រជាជន​ជាង​១​ពាន់​លាន​នាក់ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​មានចំណេះ​ដឹង​ខ្ពស់​ដូច​ប្រទេស​នានា​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សិក្សា​មើល​ដែរ តើ​យើង​គួរ​កាត់​បន្ថយ​ភាសា​ស្អី​ឡើង​មូ​ស្លី​ម ស្អី​ឡើង​មូ​ស្លី​ម​បាន​ទេ? ឬ​ក៏​ថា​ជម្លោះ​នេះ​បង្ក​ឡើង​ដោយ​ហិណ្ឌូ ហិណ្ឌូ​២​នាក់ ហើយ​ទៅ​បន្ទោស​ហិណ្ឌូ​១​ប្រទេស​ឥណ្ឌា​ជាប់​១​ពាន់​លាន​នាក់
ដែរ ។ ហ្ន​! បង្ក​ឡើង​ដោយ​គ្រី​ស្ទ គ្រី​ស្ទ​តែ​៣​នាក់ ហើយ​គ្រី​ស្ទ​ជាង​១​ពាន់​លាន​នាក់ យ៉ាងម៉េចដែរ​។ បង្ក​ឡើង​ដោយ​ពួក​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តែ​ប៉ុន្មាន​នាក់ ហើយ​ចុះ​គេ​ប៉ុន្មាន​រយ​លាន​នាក់​ទៀត​កាន់​ពុទ្ធសាសនា​ដែរ តើ​វា​យ៉ាងម៉េច​ដែរ ។ អីុចឹ​ង​ទេ យើង​គួរតែ​ថា ឧក្រិដ្ឋកម្ម គឺ​ឧក្រិដ្ឋកម្ម​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សាសនា​ទូទៅ​បាន​ទេ ។

ការ​ដឹកនាំ​សង្គម​មួយ សាសនា​រួមចំណែក​ច្រើន​ណាស់​ខាង​ផ្នែក​ស្មារតី ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​វិស័យ​សាសនា ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​សាសនា​ដែល​ចេញពី​វិស័យ​សាសនា​មិនតូច​ទេ ព្រោះ​ដើម្បី​ចេះ​សាសនា​បាន វា​ទាល់តែ​រៀនអក្សរ ទាល់តែ​រៀន​ផ្នែក​នេះ ផ្នែក​នោះ ។ បើ​ពុទ្ធសាសនា​វិញ​ចូលរួម​ចំណែក​ណាស់ មាន​ពុទ្ធិកសិក្សា រហូត​ដល់​សាកលវិទ្យាល័យ ហើយ​មិនមែន​រៀន​តែ​សូត្រធម៌​ឯណា ចេញ​មក​វិញ អាច​ធ្វើ​ជា​សាស្ត្រាចារ្យ អាច​ធ្វើ​អ្នក​សេដ្ឋកិច្ច​បាន ព្រោះ​នៅ​ក្នុង​នោះ​រៀន​គ្រប់ រៀន​សព្វ​មុខ​វិជ្ជា ។ ខាង​មូ​ស្លី​ម​ក៏​អី​ុ​ចឹ​ង ខាង​គ្រី​ស្ទ​ក៏​អីុ​ចឹ​ង គ្រប់​សាសនា​ទាំងអស់ ហើយ​អ្វី​ដែល​សំខាន់​គ្មាន​សាសនា​ណាមួយ​ដែល​ប្រដៅ​មនុស្ស​ឱ្យធ្វើ​អាក្រក់​ទេ អត់​ទេ ។ អីុចឹ​ង​ទេ យើង​ត្រូវ​ទាញ​យក​ផលប្រយោជន៍ គួប​ផ្សំ​បំពេញ​ឱ្យ​គ្នា​រវាង​សាសនា គេ​ហៅ​អាណាចក្រ និង​ពុទ្ធចក្រ ។ ឬថា និយាយ​ឱ្យ​វា​ទូលំទូលាយ​បន្តិច រវាង​សាសនា ជាមួយនឹង​ការ​គ្រប់គ្រង​រដ្ឋ ព្រោះ​អត់​មាន​សាសនា​មួយ​ប្រដៅ​ថា ឯង​ត្រូវ​ទៅ​ប្លន់​បាន​ឡើងឋានសួគ៌ មិនមែន​អីុចឹ​ង​ទេ គឺ​អ្នកឯង​ធ្វើអំពើ​បាប ចុះ​នរក ឬ​ក៏​មានកម្ម​មាន​ពៀរ ។ អត់​មាន​សាសនា​ណា​ប្រដៅ​មនុស្ស​ឱ្យធ្វើ​ខុស​ឡើយ ។ អី​ុ​ចឹ​ង​រដ្ឋ​គួរ​ទាញ​យក​ផលប្រយោជន៍​ពី​នេះ ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ទាំង​សមត្ថភាព ទាំង​គុណធម៌ និង​សីលធម៌ សម្រាប់​គ្រប់គ្រង ។

សាសនា និង​សង្គម
ព្រះពុទ្ធ​សាសនា
សព្វថ្ងៃ​វត្ត​អារាម មាន​ពាសពេញ​លើ​ផ្ទៃ​ប្រទេស ហើយ​វត្ត​ទាំងនេះ​បាន​ក្លាយជា​បណ្តា​មជ្ឈមណ្ឌល​ខាង​ស្មារតី វប្បធម៌ និង​សង្គម ។ វត្ត​អារាម​គឺជា​កន្លែង​ដែល​ប្រជាជន​មក​ជួបជុំ ធ្វើ​សេចក្តី​ល្អ​ដែល​ជា​បុណ្យ​កុសល រក្សាសីល ការ​សន្ទនា​ធម៌អាថ៌ និង​ជា​កន្លែង​ធ្វើ​កម្មវិធី​ផ្សេង​ៗ​តាម​ការ​ចេះ​ដឹង ។ បន្ថែម​ផង​ដែរ​វត្ត​អារាម​ទុកជា​រោងរៀន​ហត្ថកម្ម​មួយ​ខាង​សិល្បៈ​រៀន​ពី​ជាងឈើ​កសាង​វិហារ សាលា ផ្ទះ និង​សិប្បកម្ម​ដទៃ​ទៀត​ជាដើម ។ ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​វប្បធម៌ អក្សរសាស្ត្រ និង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​អក្សរសាស្ត្រ មាន​បុរាណវត្ថុ​ជា​គ្រឿង បង្ហាញ​សិល្បៈ​កេរដំណែល មាន​ប្រជាជាតិ​ជា​ម្ចាស់​ប្រទេស មាន​ព្រះមហាក្សត្រ​សោយរាជ្យ ។ ព្រះពុទ្ធ​សាសនា​បាន​ទ្រទ្រង់ ឬថា​ជា​គ្រឹះ ជា​ឃ្លាំង​រក្សា​ទុក​នូវ​សិល្បៈ ព្រមទាំង​អក្សរសាស្ត្រ​ជាតិ​ឱ្យ​មានជីវិត​ជា​រៀង​រហូត​មក ។ រួម​សេចក្តី​មក វត្ត​អារាម ព្រះពុទ្ធ​សាសនា​គឺជា​ទីកន្លែង​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រទេស​កម្ពុជា ជា​សាលារៀន ជា​មន្ទីរពេទ្យ​ព្យាបាល​រោគ ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវចិត្ត ដល់​ប្រជាជន ។ ចំពោះ​ពុទ្ធិកសិក្សា គឺជា​ប្រព័ន្ធ​អប់រំ​សម្រាប់​បព្វជិត គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ធម្មការ និង​សាសនា ។

ពុទ្ធិកសិក្សា​គឺជា​មជ្ឈមណ្ឌល ឬ​ជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ដោយ​ទាញ​យក​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ដែល​ភាគច្រើន​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្រៀន​របស់​ព្រះ​សម្មា​សម្ពុទ្ធ កាតព្វកិច្ច​ព្រះសង្ឃ​ពុទ្ធសាសនា ច្បាប់​ពុទ្ធសាសនិក និង​វិន័យ​ផ្សេង​ៗ​ថែម​ទៀត ។ ក្នុង​នោះ​គោលបំណង​សំខាន់​ដូច​ជា​អប់រំ​ព្រះសង្ឃ​ឱ្យ​គេច​ផុត​ពី​អន​ក្ខ​រ​ភាព​អប់រំ​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ពង្រឹងសមត្ថភាព​គ្រប់គ្រង​ដឹកនាំ​វត្ត​អារាម​ផ្តល់​ជំនាញ​ក្នុង​សកម្មភាព​ពុទ្ធសាសនិក ។ ជា​ការ​ពិត​ណាស់ ព្រះសង្ឃ​ក៏​ជា​សមាជិក​មួយ​នៃ​កោសិកា​សង្គម ក្រោយ​ពី​ការ​បួស​រៀន​បាន​ចប់​សព្វគ្រប់ ព្រះ​អង្គ​អាច​ក្លាយទៅជា​ធនធានមនុស្ស​ក្នុង​សង្គម​ដែល​ជា​តម្រូវការ​របស់​សង្គម​ជាតិ ។ ពេល​សព្វថ្ងៃ​មាន​ភិក្ខុ​-​សាមណេរ ទូ​ទាំង​ប្រទេស​ចំនួន​ជាង​ប្រាំ​ម៉ឺន​អង្គ​។ ប្រសិនបើ​មាន​ចំណោម​ព្រះសង្ឃ​ប្រាំមួយ​ម៉ឺន​អង្គ យើង​កាត់​ប្រាំ​ម៉ឺន​អង្គ​ចោល ដោយហេតុ​ផល​វ័យ​ជរា ឬ​អសមត្ថភាព​ក្នុង​ការងារ ឬ​ហេតុផល​ណាមួយ​មិន​អាច​ទទួល​ការ​អប់រំ​បាន ហើយ​យើង​អប់រំ​ព្រះសង្ឃ​មួយ​ម៉ឺន​អង្គ​ឱ្យ​មាន​សមត្ថភាព​សម​ស្រប ដើម្បី​គ្រប់គ្រង​ដឹកនាំ​វត្ត និង​ពុទ្ធបរិស័ទ ប្រាកដជា​រក​បាន​ព្រះ​ភិក្ខុ​មានចំណេះ​ដឹង​ខ្ពស់​មួយ​អង្គ ឬ​ពីរ​អង្គ​ពុំខាន ។ ព្រះ​ចៅអធិការ​មួយ​អង្គ​ចេះ​ដឹង​ទាំង​ផ្លូវលោក ផ្លូវធម៌​ដ៏​ល្អ​ប្រពៃ ប្រាកដជា​បាន​ជោគជ័យ​ធំធេង​ក្នុង​ការ​អប់រំ និង​បម្រើ​សហគមន៍​ក្រោម​ព្រះធម៌​ដោយ​សក្តានុពល​របស់​វត្ត​ជា​មិន​ខាន ។ អាច​កាត់​បន្ថយ​អន​ក្ខ​រ​ភាព ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រាជ​រដ្ឋាភិបាល​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ ។

ព្រះសង្ឃ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សង្គមខ្មែរ ។ ព្រះសង្ឃ​មិន​គ្រាន់តែ​ជាទី​សក្ការៈ​សម្រាប់​ផ្តល់​ពុទ្ធឱវាទ​ដល់​ពុទ្ធសាសនិក​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​គឺជា​ផ្នែក​មួយ​នៃ​ភ្នាក់ងារ​សង្គមកិច្ច​ផង​ដែរ ។ ព្រះ​អង្គ​បាន​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​ក្នុង​នយោបាយ​រំដោះ​ភាព​ក្រីក្រ​តោកយ៉ាក​ជន​គ្មាន​ទីពឹង​ទាំងឡាយ ។ លោក TOM FOWTHROP បាន​សរសេរ​ថា ក្មេង​កូន​កសិករ​ក្រីក្រ បានការ​អប់រំ​ដំបូង​របស់​គាត់​ស្ថិត​នៅ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា ព្រោះតែ​ឪពុក​ម្តាយ​មិន​អាច​បង់លុយ​ថ្លៃ​សាលា​ឱ្យ​បាន ធ្វើ​ឱ្យ​ព្រះរាជា​ទទួល​គាត់​ចាប់ចិត្ត ។ នៅ​ក្នុង​អត្ថបទ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា វត្ត​អារាម​ជា​ជម្រក​មាន​ព្រះសង្ឃ​ជួយ​ទំនុកបម្រុង​ដល់​កូនចៅ​អ្នក​ក្រីក្រ​ឱ្យ​បាន​សិក្សា​រៀនសូត្រ រហូត​មានចំណេះ​ដឹង​ជ្រៅជ្រះ​អាច​ធ្វើ​ឱ្យ​ព្រះរាជា​គាប់​ព្រះ​ទ័យ និង​ចាប់ចិត្ត​ទទួល​រាក់ទាក់ ។ ជា​រឿយ​ៗ​ព្រះសង្ឃ​តែងតែ​ជួយ​សង្គ្រោះ​ដល់​ទុរគត​ជន​ទី​ទ័លក្រ​ទាំងឡាយ ដែល​ជួប​ការ​លំបាក ជាក់ស្តែង​មាន​យាយ​ម្នាក់​មាន​អាយុ​១០៩​ឆ្នាំ ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ ស្រុក​អង្គរ​ជ័យ យក​ទៅ​បីបាច់​ថែរក្សា​យ៉ាង​ល្អ ដោយ​លោកយាយ​ពុំ​មាន​កូនចៅ ឬ​ញាតិ​មិត្ត​ជួយ​ទំនុកបម្រុង ។ ពេល​ខ្លះ​ព្រះសង្ឃ​លោក​ជួយ​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ការពារ​បរិស្ថាន​តាម​រយៈ​បិណ្ឌបាត​សុំ​រក្សា​ព្រៃឈើ​ទាំងនោះ បាន​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំងឡាយ​នៅ​ក្នុង​សង្គម​ទៀត​ផង ។ ចំពោះ​ការ​អប់រំ​វិញ ព្រះសង្ឃ​គឺជា​គ្រូ​ទី​មួយ​របស់​កុលបុត្រ​ខ្មែរ​ពី​សម័យ​បុរាណ បច្ចុប្បន្ន​ព្រះសង្ឃ​ក៏​នៅ​តែ​ជា​អ្នក​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ស្រទាប់​ប្រជាជន​ខ្មែរ ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​លោក​ជំទាវ​ដូច្នេះ​ថា (​ព្រះសង្ឃ និង​ព្រះធម៌​អាច​ជួយ​ព្យាបាល ជួយ​ពន្យល់​ឱ្យ​បរិស័ទ​អ្នកមាន​ទុក្ខ មាន​កង្វល់ ជួយ​រំលត់ទុក្ខ​ព្រួយ​បាន ។ គ្រប់​វិធី​ទាំងអស់​នៅ​ក្នុង​គ្រួសារ​តាំងពី​កើតកូន​រហូត​ដល់​ស្លាប់​គេ​មិន​ដែល​ចោល​ព្រះសង្ឃ​ទេ ។ ព្រះសង្ឃ​ជួយ​អប់រំ​ជនពាល ជន​ប្រមឹក​ឱ្យ​ស្គាល់​ផ្លូវត្រូវ​វិញ​បាន ។ ក្នុង​ន័យ​នេះ ព្រះសង្ឃ​គឺជា​អ្នក​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ ។ ដោយ​មាន​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា បាន​ចាត់ចែង​រៀបចំ​ឱ្យ​មាន​នាទី (​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹងសង្គម​) ដើម្បី​អប់រំ​ពុទ្ធបរិស័ទ យុវជន​គ្រប់​វ័យ គ្រប់​ស្រទាប់វណ្ណៈ​ឱ្យ​បាន​ស្តាប់ ចោទសួរ និង​ឆ្លើយ​ពី​ព្រះធម៌​រៀងរាល់ថ្ងៃ​សីល​ក្នុង​ន័យ​អប់រំ​សីលធម៌ តាម​រយៈ​ព្រះធម៌​របស់​ព្រះពុទ្ធ​ដល់​បរិស័ទ​គ្រប់​រូប ហើយ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​តួនាទី​ភារកិច្ច​អាចារ្យ​នៅ​ទូ​ទាំង​ប្រទេស ។ ពេល​ខ្លះ​ព្រះ​អង្គ​ជួយ​អប់រំ​ប្រជាជន​ឱ្យ​ចេះ​ពី​របៀប​ការពារ​មេរោគ​អេ​ដស៍​តាម​រយៈ​សីលប្រាំ​ទៀត​ផង ។

អ៊ិ​ស្លា​ម​សាសនា
អ៊ិ​ស្លា​ម​ក្រោយ​ឆ្នាំ​១៩៩៣ ដល់​ពេល​បច្ចុប្បន្ន សាសនា​អ៊ិ​ស្លា​ម​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ។ រាជរដ្ឋាភិបាល​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​សាសនា​នេះ​បង្កើត​វិហារ សាលារៀន ស្នាក់​ការ​តាម​បែប​សាសនា មូលនិធិ​សហគមន៍​ដើម្បី​ជួយ​បណ្តុះបណ្តាល អប់រំ ចំពោះ​សាសនិក​របស់​ខ្លួន​ដោយ​ប្រើប្រាស់​ច្បាប់​សាសនា ច្បាប់សង្គម និង​ច្បាប់​ជាតិ ។

សកម្មភាព​នៃ​ការ​អប់រំ យើង​ពិនិត្យ​ឃើញ​ថា កូនចៅ​របស់​សាសនិក​អ៊ិ​ស្លា​ម​ទាំងអស់​បាន​ចូល​ក្នុង​វិហារ សាលារៀន ដើម្បី​សិក្សា​រៀនសូត្រ​គោរព​ប្រណិប័តន៍​ធម៌​វិន័យ​របស់​សាសនា​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​។ ដំណាក់កាល​នេះ យើង​ឃើញ​ថា ការ​អប់រំ​តាម​វិហារ​សាសនា​របស់​អ៊ិ​ស្លា​ម​គឺ​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​របស់​មេ​សាសនា​មាន​អីុ​ម៉ាំ​ទួន​ជី និង​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មការ​អ៊ិ​ស្លា​ម ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល ។ អ៊ិ​ស្លា​ម​សាសនា​បាន​ប្រដៅ​អប់រំ​សាសនិក​របស់​ខ្លួន​អំពី​ក្រម​សីលធម៌​ដូច​សាសនា​ផ្សេង​ៗ​ទៀត​ដែរ ។ ក្នុង​គម្ពីរ​ទស្សនវិជ្ជា​អា​រ៉ាប់ និង​ក្នុង​សៀវភៅ​មហា​ទស្សនវិទូ អា​រ៉ាប់​ដែល​បាន​ដកស្រង់​ពី​គម្ពីរ​កូ​អាន គេ​បាន​លើក​ឡើង​អំពី​ឱវាទ​របស់​មហា​ម៉ាត់ ។

អ៊ិ​ស្លា​ម​សាសនិក​បាន​បង្កើន​ការ​សិក្សា​របស់​ខ្លួន​យ៉ាង​សំខាន់​ចំពោះ​ព្រះ​វិហារ ដោយ​បាន​បណ្តុះបណ្តាល​ទាំង​ចំណេះដឹង​សាសនា និង​ចំណេះដឹង​ទូទៅ ។ ព្រះ​វិហា​រមូ​ស្ក (Mosque)​ជា​កន្លែង​ដែល​អ្នក​គោរព​បូជា​ទាំងអស់​មក​ជួបជុំ​គ្នា​ដើម្បី​សូត្រធម៌ ។ នៅ​ក្នុង​សង្គម អ៊ិ​ស្លា​ម​ដែល​គ្រប់គ្រង​ដោយ​សាសនា​ព្រះ​វិហា​រមូ​ស្ក​បំពេញតម្រូវការ​ខាង​នយោបាយ និង​សង្គម​ក៏​ដូច​ជា​តម្រូវការ​សាសនា​ដែរ ។ ព្រះ​វិហា​រមូ​ស្ក​បាន​ក្លាយទៅជា​វេទិកា​មួយ​សម្រាប់​ជួយ​បំពេញ​មុខងារសាធារណៈ​ជា​ច្រើន បំពេញ​មុខងារ​ជា​សភា​ច្បាប់​ផង ជា​សាលារៀន ជាទី​កន្លែង​ព្យុហយាត្រា ជា​បណ្ណាល័យ ជា​មន្ទីរពេទ្យ ឬ​ជា​រតនាគារ​ផង ។

គ្រិស្តសាសនា
រីឯ​វិស័យ​គ្រិស្តសាសនា​វិញ គេ​ឃើញ​មានការ​រីក​ចម្រើន ។ សកម្មភាព​ក្នុង​សង្គម​សាសនា​នេះ​បាន​បង្កើត​ឱ្យ​មាន​ក្រុម​ស្ត្រី និង​យុវជន​រៀងរាល់ថ្ងៃ​សៅរ៍ សិក្សា​ព្រះ​គម្ពីរ សិក្ខា​សាលា​អ្នកដឹកនាំ​ពួក​ជំនុំ និង​គ្រូ​គង្វាល ហ្វឹកហ្វឺន​គ្រូបង្រៀន សាលារៀន​ថ្ងៃអាទិត្យ ចំពោះ​ការ​បណ្តុះបណ្តាល​វិញ គេ​ឃើញ​សាសនា​នេះ​ជួយ​ហ្វឹកហ្វឺន​ស្តី​ពី​ការ​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺអេដស៍ ហ្វឹកហ្វឺន​ពី​សិទ្ធិ​មនុស្ស ការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារ និង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ យេ​ន​ឌ័​រ និង​បរិស្ថាន ពេទ្យសត្វ​ភូមិ និង​និរន្តរភាព​កសិកម្ម​គ្រួសារ ។

ចំណែកឯ​ការ​អភិវឌ្ឍ​សហគមន៍​វិញ​គេ​ឃើញ​មាន កម្មវិធី​កាត់ដេរ ថ្នាក់​អក្ខរកម្ម តម្បាញ សា​លាម​ត្តេ​យ្យ ឥណទាន ថ្នាក់បឋមសិក្សា ចិញ្ចឹម​គោ​ជាដើម ។ សកម្មភាព​ទាំង​អស់នេះ គ្រិស្ត​សាសនិក​ក៏​ដូច​ជា​មេដឹកនាំ​បាន​ធ្វើ​សកម្មភាព​សម្រាប់​ជួយ​ដល់​សង្គម​ជាតិ ក្នុង​ការ​បណ្តុះបណ្តាល​អប់រំ​ដល់​កុមារ​កំព្រា ជនអនាថា​ឥត​ទីពឹង ដោយ​ប្រមូលផ្តុំ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិហារ​ស្នាក់​ការ សាលារៀន តាម​បែប​សាសនា​របស់​គេ ។ ក្នុង​នោះ​មានការ​បង្រៀន​ជា​ភាសាបរទេស សាលា​ខ្លះ​សិក្សា​តាម​បែប​ក្រសួង​អប់រំ សាលារៀន ខ្លះ​សិក្សា​តាម​បែប​សាសនា​ដោយ​បន្ធូរបន្ថយ​ការ​បង់ថ្លៃ​សិក្សា ឬ​ក៏​ជា​កន្លែង​ខ្លះ​អនុគ្រោះ​ក្នុង​ការ​សិក្សា​ទាំងស្រុង នេះ​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល ។

ចលនា​សុខដុម​រម្យ​នា​នៃ​សាសនា គឺជា​កូនសោ​ដ៏​សំខាន់​មួយ​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដោយ​ចីរភាព ។ សង្គ្រាម និង​ជម្លោះ​នៃ​សាសនា​បាន​នាំ​មក​នូវ​សេចក្តី​ទុក្ខវេទនា​និង​វិនាសកម្ម​ដល់​មនុស្សលោក​យ៉ាងច្រើន ។ នៅ​ពេល​កន្លង​មក មាន​ជម្លោះ​ធំ​ៗ​បាន​កើតឡើង​ដោយសារ​មូលហេតុ​សាសនា​បាន​កើតឡើង​នៅ​ច្រើន​កន្លែង ដូច​ជា​នៅ​អៀរ​ឡង់​ខាងជើង នី​ហ្សេ​រី​យ៉ា ស៊ូ​ដង់ មជ្ឈិម​បូព៌ា កា​ស្មៀ​រ ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី និង​ព្រឹត្តិការណ៍​អន្តរជាតិ ដែល​នាំ​ឱ្យ​កក្រើក​ពិភពលោក​កាលពី​ឆ្នាំ​២០០១ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋ​អា​េ​ម​រិ​ក គឺជា​ការ​បំផ្ទុះ​យន្តហោះ​ទៅ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​កន្លង​ទៅ​នោះ​ជាដើម គឺ​មានការ​បកស្រាយ​ព្រឹត្តិការណ៍​នេះ​ថា​ជា​បូជនីយកិច្ច ពោល​គឺ​សង្គ្រាម​រវាង​គ្រិស្ត​សាសនិក និង​អ៊ិ​ស្លា​ម​សាសនិក ដែល​ធ្លាប់​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​មជ្ឈិមសម័យ ដែល​បាន​អូស​បន្លាយ​តាំងពី​សតវត្ស​ទី​១១ រហូត​ដល់​សតវត្ស​ទី​១៣ (១០៩៦-១២៧០) មក​ម្ល៉េះ ។ ជម្លោះ​មួយ​ចំនួន​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ប៉ុន្តែ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​យ៉ាង​ក្តៅ​គគុក​នៅ​ពេល​បច្ចុប្បន្ន​ប្រៀប​បាន​នឹង​ដំបៅ​ដែល​ព្យាបាល​មិនជា ។ មើលឃើញ​ពី​បទ​ពិសោធន៍​នេះ យើង​យល់​ឃើញ​ថា ស្ថិរភាព​សង្គម​ពិតជា​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​កើតឡើង​ដោយ​ឆន្ទៈ ឬ​កម្លាំង​ជំរុញ ឬ​បំណងប្រាថ្នា​របស់​មនុស្ស​ដោយ​ពិត​ៗ ពោល​គឺ​ឆន្ទៈ​នៃ​មេដឹកនាំ​សាសនា និង​បរិស័ទ​ម្នាក់​ៗ​របស់​សាសនា​ទាំងនោះ ។ ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​សុខដុម​រម្យ​នា​នៃ​សាសនា​តាំងពី​ព្រេងនាយ​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​យើង​ចង់បាន​ភាព​សុខដុម​រម្យ​នា​នេះ​បន្ត​ទៅ​ថ្ងៃ​អនាគត​ទៀត ។ ជា​ទស្សនវិស័យ យើង​ពឹងផ្អែក​ទៅ​លើ​ឆន្ទៈ​រួម និង​ចំណេះដឹង​របស់​សាសនា​នីមួយ​ៗ ។ បណ្ឌិត​ភិ​ធ័​រ សៀរ អ្នកតំណាង​អចិន្ត្រៃយ៍​នៃ​មូលនិធិ​ខុន​រ៉ា​ដ អា​ដេ​ណូ​អ៊ែ​រ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ជាតិ​ស្តី​ពី (​ពុទ្ធសាសនា និង​ការ​អភិវឌ្ឍ​សង្គម​ខ្មែរ​) នៅ​ថ្ងៃ​ទី​២១-២៣ ខែធ្នូ ឆ្នាំ​១៩៩៤ ថា (​តាម​ទស្សនៈ​ខ្ញុំព្រះករុណា សាសនា​ក្នុង​លោក​សិក្ខាបទ​មាន​៤​យ៉ាងតិច ដែល​ជា​មូលដ្ឋាន​រួម​គ្នា​គឺ​ចូរ​កុំ​សម្លាប់​, ចូរ​កុំ​លួច​, ចូរ​កុំ​កុហក ?