ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមត្រេកអរ ! សាលារៀនចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាននៅកម្ពុជាឆ្នាំ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែសីហា ឆ្នាំ ២០២១ នេះ​ថា សាលា​បឋម​សិក្សា​ចំនួន​៣​និង​មធ្យមសិក្សា​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែសីហា ឆ្នាំ ២០២១ នេះ​ថា សាលា​បឋម​សិក្សា​ចំនួន​៣​និង​មធ្យមសិក្សា​ចំនួន​៣ បាន​ទទួល​ជ័យ​លា​ភី​សាលា​មេត្រី​បរិស្ថាន​ឆ្នាំ​២០២១​។

សាលា​ជ័យ​លា​ភី​ទាំង ៦ នោះ​រួម​មាន​សម្រាប់​កម្រិត​បឋម​សិក្សា ១)-​សាលា​បឋម​សិក្សា វត្ត​ចែង ខេត្តបាត់ដំបង ជ័យ​លា​ភី​កម្រិត​មាស ២)-​សាលា​បឋម​សិក្សា ក្រ​វ៉ា​ន់ ខេត្តសៀមរាប ជ័យ​លា​ភី​កម្រិត​ប្រាក់ ៣)-​សាលា​បឋម​សិក្សា ឈើខ្លឹម ខេត្ត​ត្បូងឃ្មុំ ជ័យ​លា​ភី​កម្រិត​សំរឹទ្ធ និង​សម្រាប់​កម្រិត​មធ្យមសិក្សា ១)-​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ជ័យ​លា​ភី​កម្រិត​មាស ២)-​វិទ្យាល័យ ហ៊ុន សែន ស​ម្ភៈ​បុ​រៈ ខេត្តក្រចេះ ទទួល​បាន​ជ័យ​លា​ភី​កម្រិត​ប្រាក់ ៣)-​វិទ្យាល័យ ចំណេះ​ទូទៅ​និង​បច្ចេកទេស ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ខេត្តកំពង់ឆ្នាំង ទទួល​បាន​ជ័យ​លា​ភី​កម្រិត​សំ​រិ​ទ្ធ​។ សាលា​ទាំង ៦ ត្រូវ​បាន​ជ្រើសរើស​ជាប់​ជ័យ​លា​ភី ក្នុង​ចំណោម​សាលា​បឋម​សិក្សា និង​មធ្យមសិក្សា​សរុប​ចំនួន ៤៨ ដែល​បាន​ចូលរួម ក្នុង​ចលនា​ប្រឡងប្រណាំង​មេត្រីភាព​បរិស្ថាន​នៅ​ឆ្នាំ ២០២១ នេះ​ដែល​ជា​ការ​ប្រកួតប្រជែង​សាលា​មេ​តី​បរិស្ថាន​រៀង​រាល់ ២ ឆ្នាំ​ម្តង លើក​ទី​៣​។

ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា​ជ័យ​លា​ភី​សាលា​មេត្រី​បរិស្ថាន គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់ និង​ជា​យន្តការ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ចំណោម​យន្តការ និង​វិធានការ​ជា​ច្រើន​ទៀត​ដែល​ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ខិតខំ​ជំរុញ​អនុវត្ត​ជា​បន្តបន្ទាប់​សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​រស់នៅ​ដោយ​ចីរភាព តាម​រយៈ​ការ​បញ្ជ្រាប​ចំណេះដឹង​និង​ចំណេះធ្វើ​ក្នុង​ចំណោម​កុមារ​សិស្សានុសិស្ស និង​យុវជន នៅ​តាម​សាលារៀន និង​គ្រឹះស្ថាន​អប់រំ ដែល​ជា​កន្លែង​ប្រមូលផ្តុំ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្លាស់​ប្តូ​ទម្លាប់ ផ្នត់គំនិត និង​ឥរិយា​បទ​របស់​កុមារ និង​យុវជន​ចំពោះ​អនាម័យ និង​បរិស្ថាន​។

ឯកឧត្តម ជួប ប៉ា​រី​ស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ឲ្យ​ដឹង​ថា​ការ​រៀបចំ​ផ្តល់​តម្លៃ​សាលា​មេត្រី​បរិស្ថាន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សាលារៀន​ទាំងអស់​បន្ត​វប្បធម៌​ស្រឡាញ់ និង​ចូលរួម​ក្នុង​សកម្មភាព​មេត្រី​បរិស្ថាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ ដូចនេះ សាលារៀន​ចាំបាច់​ត្រូវ​សហការ​ជិត​ស្និត​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​សហគមន៍ អាណាព្យាបាល​សិស្ស ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អប់រំ​បរិស្ថាន ដើម្បី​មូលដ្ឋាន​ស្អាត សុខភាព​ល្អ និង​មានការ​អភិវឌ្ឍ​រុងរឿង​។

សូម​បញ្ជាក់​ថា ចលនា​សាលា​មេត្រី​បរិស្ថាន​កម្ពុជា ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​ការ​បញ្ជ្រាប​ចំណេះដឹង ការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត ការ​លើកកម្ពស់​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ការ​ជំរុញ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន សំដៅ​គាំទ្រ​ដល់​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវៈចម្រុះ ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យ​បាន​សម​ស្រប​និង​មាន​និរន្តរភាព និង​ការ​រស់នៅ​ដោយ​ចីរភាព​។

លក្ខខណ្ឌ​វិនិច្ឆ័យ​ទាំង ៤ ចំណុច​នៃ​សាលា​មេត្រី​បរិស្ថាន​រួម​មាន ទី​១) មាន​គោលការណ៍​និង​រដ្ឋបាល របស់​សាលា​លើ​ការងារ​បរិស្ថាន ទី​២) មានការ​បង្រៀន​មេរៀន​បរិស្ថាន​និង​សកម្មភាព​អប់រំ​បរិស្ថាន​ក្នុង​សាលា និង​សហគមន៍​ជុំវិញ (​ជា​កម្មវិធី​សិក្សា​បន្ថែម ឬ​បញ្ជ្រាប​) ទី​៣)​មាន​សម្ភារ​បរិក្ខារ​អប់រំ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​ការ​ប្រតិបត្តិ​បរិស្ថាន ទី​៤) មាន​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​ពាក់ព័ន្ធ​និង​ការ​ផ្សព្វផ្សាយ​តាម​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ