ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងដីព្រៃ «ដំណាក់ឥន្ទ្រី» នៅខេត្ត​មណ្ឌលគិរី តុលាការផ្តន្ទាទោសប្រជាជន ៩នាក់ ដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៨ឆ្នាំ រីឯមន្ត្រីរដ្ឋបាល​ព្រៃឈើ និងសូរិយោដី ៤នាក់ រួចខ្លួន

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តមណ្ឌលគិរី ៖ សំនុំរឿងដីព្រៃ «ដំណាក់ឥន្ទ្រី» ត្រូវបានតុលាការ សាលាដំបូងខេត្តក្រចេះ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធ​នាគារ​មនុស្សចំនួន ៩នាក់ ចាប់ពី…

ខេត្តមណ្ឌលគិរី ៖ សំនុំរឿងដីព្រៃ «ដំណាក់ឥន្ទ្រី» ត្រូវបានតុលាការ សាលាដំបូងខេត្តក្រចេះ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធ​នាគារ​មនុស្សចំនួន ៩នាក់ ចាប់ពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ហើយមន្ត្រីជំនាញ ចំនួន ៤នាក់​ផ្សេងទៀត ត្រូវ​បានផ្តន្ទាទោស ​ដាក់ពន្ធនាគារម្នាក់ៗ មួយឆ្នាំ តែត្រូវព្យួរ​ទោស ក្នុងបទចោទ «កាប់គាស់រុករានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»។ បទ​ល្មើស​រំលោភយកដីព្រៃនេះ បានប្រព្រឹត្តនៅចំណុចភ្នំរហាំ ឬភ្នំក្បាលខ្មោច ដែលគេដាក់ឈ្មោះ «ដំណាក់ឥន្ទ្រី» ក្នុង​ភូមិ​ពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

​សាលក្រមព្រហ្មទណ្ឌ លេខ២៥១ -ខ- ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលកោះសន្តិភាព ទើបទទួលបាន នាព្រឹកថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តក្រចេះ បានបើកសវនាការ​ជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១ និងប្រកាសសាលក្រម​ជាសាធារណៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយសម្រេច ០១.កែប្រែបទចោទលើឈ្មោះ អ៊ូ សុភក្តី (មន្ត្រីរដ្ឋបាលព្រៃឈើ) ភេទប្រុស អាយុ ៤៥ឆ្នាំ ឈ្មោះ ជ័យ សុខា (មន្ត្រីរដ្ឋបាលព្រៃឈើ) ភេទប្រុស អាយុ ៤៨ឆ្នាំ ឈ្មោះ ហ៊ុន វណ្ណារ័ត្ន (មន្ត្រីសុរិយោដី) ភេទប្រុស អាយុ ៣៣ឆ្នាំ និង​ឈ្មោះ លន់ សុខខេង (មន្ត្រីសុរិយោដី) ភេទប្រុស អាយុ ៤៤ឆ្នាំ ពីបទ «កាប់គាស់រុករានដីព្រៃឆ្ការព្រៃ និងឈូសឆាយដីព្រៃ ដើម្បីយកដី​ធ្វើជាកម្មសិទ្ធិ» បទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៦២ ចំណុច០១ និងមាត្រា ៥៦ ចំណុច ០៤ នៃច្បាប់ ស្ដីអំពី តំបន់ការពារធម្មជាតិ មកជាបទ «មិនប្ដឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ» ​​ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៦២៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកទាំងបួននេះ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារកំណត់មួយឆ្នាំ តែទោសនេះ ត្រូវព្យួរ​ទាំងអស់។

២.ឲ្យរួចខ្លួនលើឈ្មោះ ពៅ សុធារ៉ា ភេទប្រុស អាយុ ៤៣​ឆ្នាំ និង​ឈ្មោះ ស្រាត សាន​ ភេទប្រុស ពីបទកាប់គាស់រុករាន​ដីព្រៃឆ្ការព្រៃនិងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំ ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២០​។ បទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៦២ ចំណុច ០១ និងមាត្រា ៥៦ ចំណុច ០៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ក្នុងសាលក្រមដដែលនេះ បានផ្តន្ទាទោសលើមនុស្សចំនួន ៩នាក់ ដែលជាមេខ្លោងរុករានដីព្រៃ ០១.ឈ្មោះ ចាន់ ធី ហៅ ចិត្រ ភេទប្រុស អាយុ៥៥ឆ្នាំ ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០លានរៀល​។ ០២.ឈ្មោះ សាន ឈិន ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល​។ ០៣.ឈ្មោះ លី បញ្ញាភា ភេទប្រុស អាយុ ៣៤ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល​។ ០៤.ឈ្មោះ សាង ធូន ភេទប្រុស អាយុ៣០ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល​។ ០៥.ឈ្មោះ ម៉ា ម៉េងធី ភេទប្រុស អាយុ៤៧ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ចំនួន ៦០លានរៀល ។ ០៦.ឈ្មោះ ហង់ ជុង ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល​។ ០៧.ឈ្មោះ សារឿន ម៉ាប់ ហៅម៉ាប់ប៊ូស្រា អាយុ ៤២ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល​។ ០៨.ឈ្មោះ ស៊ឹម សំណាង ហៅណាងទាហាន ភេទប្រុស អាយុ ៤៧ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជា​ប្រាក់ចំនួន ៦០លានរៀល​។ ០៩.ឈ្មោះ ជុំ វន ហៅ សុវណ្ណឌី ភេទប្រុស អាយុ ៦០ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជា​ប្រាក់ចំនួន ៦០លានរៀល​។ អ្នកទាំង ៩នាក់នោះ ត្រូវ​បានចោទប្រកាន់​ពី​បទកាប់​គាស់រុករានដីព្រៃឆ្ការព្រៃ និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំ ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០​។ បទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៦២ ចំណុច ០១ និងមាត្រា ៥៦ ចំណុច ០៤ នៃច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ។

ក្នុងសេចក្តីសម្រេចនេះ បង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនលើ ០១.ឈ្មោះ សារឿន ម៉ាប់ ហៅ ម៉ាប់ប៊ូស្រា ០២.ឈ្មោះ ស៊ឹម សំណាង ហៅណាងទាហាន ០៣.ឈ្មោះ ជុំ វន ហៅ សុវណ្ណឌី យកទៅឃុំខ្លួននៅពន្ធនាគារ ខេត្តក្រចេះ ដើម្បីឲ្យមកទទួលទណ្ឌកម្ម​តាមអំណាចសាលក្រមនេះ តាមមាត្រា៣៥៣ ក្រមនិតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា​។

ក្រុមអ្នកឃ្លាំមើល បានលើកឡើងថា ចំណាត់ការនេះ គួរត្រូវយកមកអនុវត្តបន្ថែម នាពេលបច្ចុប្បន្ន ដ្បិតសកម្មភាព​កាប់រានដី​ព្រៃឈើរដ្ឋ និងដីចំការស្រស់របស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ហាក់មិនបានថមថយសោះឡើយ៕ សាយ ករុណា