ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ផ្កា​អង្គាសីល​ជំនឿ​នាំ​មក​នូវ​លាភ​សំណាង

8 ឆ្នាំ មុន

ស្រប​ពេល​ដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម កាន់តែ​ខិត​ជិត​មក​ដល់​នោះ គេ​សង្កេត​ឃើញ​មាន​ដើម​ផ្កា​អង្គាសីល​ដែល​ឈ្មួញ​ដឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​លក់​ឲ្យ​ប្រជាពលរដ្ឋ​សែស្រឡាយ​ចិន ឬ​

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម កាន់តែ​ខិត​ជិត​មក​ដល់​នោះ គេ​សង្កេត​ឃើញ​មាន​ដើម​ផ្កា​អង្គាសីល​ដែល​ឈ្មួញ​ដឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​លក់​ឲ្យ​ប្រជាពលរដ្ឋ​សែស្រឡាយ​ចិន ឬ​វៀតណាម ។ ជាក់ស្តែង​នៅ​មុខ​ផ្សារ​ស្រុក​អូរ​រាំង​ឪ និង​ផ្សារ​ក្រុង​កំពង់ចាម ដើម​ផ្កា​អង្គាសីល​ត្រូវ​បាន​គេ​ដាក់​តាំង​លក់ សម្រាប់​យក​ទៅ​សែន​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ ខាង​មុខ​នេះ ។

អ្នកស្រី ស៊ុ​យ ផ​ល្លី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​សាញ់​ជី​សែន ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និយាយ​ថា រូប​គាត់​រួម​នឹង​បងប្អូន បាន​នាំ​គ្នា​ទៅ​រក​ដើម​ផ្កា​អង្គាសីល​ពី​ក្នុង​ព្រៃ​ជ្រៅ​បាន​សរុប​ជាង​១០០​បាច់ សម្រាប់​យក​មក​លក់​នៅ​ផ្សារ​ក្រុង​កំពង់ចាម  ខេត្តកំពង់ចាម គឺ​ក្នុង​១​បាច់​តូច​អាច​លក់​បាន​ពី​៧.០០០​រៀល​ទៅ​១៥.០០០​រៀល  ។

អ្នកស្រី បន្ត​ថា ពី​មុន​មក​ផ្កា​នេះ​ស្រួល​រក​ទេ តែ​សព្វថ្ងៃ​មនុស្ស​ចេះ​តែ​កាប់​រាន​ដី​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ និង​កាប់​ទាំង​ដើម​ផ្កា​អង្គាសីល​ចោល​ថែម​ទៀត ទើប​ពេល​នេះ​កាន់តែ​ខ្សត់​ទៅ​ៗ​ពិបាក​នឹង​រក​ផង​ដែរ ។ ជា​រៀង​រាល់​ឆ្នាំ គាត់​ដឹក​យក​មក​លក់​នៅ​ក្រុង​កំពង់ចាម  បាន​ប្រាក់​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

មិនមែន​មាន​តែ​ខ្មែរ​ទេ​នាំ​គ្នា​លក់​ដើម​ផ្កា​អង្គាសីល ជនជាតិ​វៀតណាម​នៅ​ខេត្ត​តៃ​និ​ញ ឈ្មោះ យាំ​ុ​ង យឹ​ក អាយុ​២៧​ឆ្នាំ ដែល​បាន​ដឹក​ផ្កា​អង្គាសីល មក​លក់​ក្នុង​ទឹកដី​ខ្មែរ និយាយ​ថា ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិត​ជិត​មក​ដល់​នេះ គាត់​បាន​ថែរក្សា​ដើម​ផ្កា​អង្គាសីល ទម្រាំ​តែ​នឹង​ចេញ​ផ្កា​ខ្លះ​ៗ​លើកដាក់​រឺ​ុ​ម៉ក​ម៉ូតូ​ដឹក​ឆ្លងកាត់​ព្រំដែន ចូល​មក​លក់​នៅ​តាម​ទីប្រជុំជន​នៅ​ផ្សារ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​១​ដើម​តម្លៃ​ជាង​១០០​ដុល្លារ ។

គាត់​នឹង​បន្តដំណើរ​ទៅ​លក់​នៅ​ក្រុង​កំពង់ចាម​ទៀត ហើយ​នៅ​ពេល​ណា​លក់​អស់ គាត់​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​វៀតណាម ។ ការ​ដឹក​ដើម​ផ្កា​អង្គាសីល​មក​លក់​នៅ​ស្រុក​ខ្មែរ​នេះ គឺ​ទើបតែ​ដឹក​មក​លក់​លើក​ទី​១​នេះ​ទេ ប្រសិនបើ​លក់ដាច់​នោះ នោ​ឆ្នាំ​ក្រោយ​នឹង​ដឹក​មក​លក់​ទៀត ។

លោក​ឧកញ៉ា ហេង ឡុ​ង ប្រធាន​សមាគម​ខ្មែរ​-​ចិន ប្រចាំ​ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា ដើម​ផ្កា​អង្គាសីល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​-​និង​វៀតណាម យក​មក​ដាក់​តាំងនៅ​ក្នុងផ្ទះ​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ជា​និមិត្តរូប ដែល​មាន​តាំងពី​ជីដូន​ជីតា​មក​ម្ល៉េះ ។ ផ្កា​នេះ​ឲ្យ​តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​នឹង​រីក​ចេញ​ពណ៌​លឿង​ស្អាត ដែល​ជា​ទំនៀម​នៃ​ជំនឿ​នាំ​លាភ​នាំ​សំណាង​ដល់​ក្រុម​គ្រួសារ​នីមួយ​ៗ ៕