ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងធំៗរបស់រដ្ឋជួយជ្រោងមិនឱ្យវិស័យដីធ្លីស្លា.ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី  គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ គម្រោងពហុកីឡដ្ឋានមរតកតេជោ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ត្រូវបានអ្នកជំនួញវិស័យអចលនទ្រព្យមើលឃើញថា បានជួយជ្រោងវិស័យដីធ្លី…

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី  គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ គម្រោងពហុកីឡដ្ឋានមរតកតេជោ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ត្រូវបានអ្នកជំនួញវិស័យអចលនទ្រព្យមើលឃើញថា បានជួយជ្រោងវិស័យដីធ្លី កុំឲ្យស្លាប់ និងការអភិវឌ្ឍនានានៅជុំវិញតំបន់នៅនោះ នៅតែសកម្មភាពទោះបីក្នុងស្ថានភាពកូវីដ ១៩ រាតត្បាតខ្លំាងយ៉ាងណាក្តី ។

លោកឧកញ៉ា កាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station បានមើលឃើញថា គម្រោងធំៗទាំងនេះ បានបន្តទាក់ទាញការវិនិយោគ បន្តបន្ទាប់និងបន្តធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតំបន់ជុំវិញគម្រោងទំាងនោះ មានហាងឆេងល្អជាដដែលនៅក្នុងពេលកូវីដ ១៩ នេះក្តី ។ លោកថា «យើងក្រឡេកទៅមើលសក្ដានុពលជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកដល់ពេលនេះ វិនិយោគិននៅតែមើលឃើញឱកាសវិនិយោគក្នុងតំបន់នោះ ។ មានវិនិយោគិនជាច្រើនបានអភិវឌ្ឍនិងចាប់ផ្ដើមអភិវឌ្ឍន័៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ជាពិសេសទៅលើលំនៅឋាន ទោះបីក្នុងស្ថានភាពកូវីដ ១៩ នេះក្តី» ។

អ្នកជំនួញខាងលើបន្តថា សម្រាប់គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោវិញ តម្លៃដីធ្លី និងឱកាសនៃការវិនិយោគទីនោះនៅតែបន្តមានសកម្មភាព គម្រោងធំៗជាច្រើនបានបន្តអភិវឌ្ឍដោយភាពជឿជាក់ ខណៈកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខ ។ ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក៏ដូច្នេះ ។ គេបានចាត់ទុកគម្រោងនេះជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលមានផ្លូវប្រភេទនេះ ។ ផ្លូវនេះបានហុចផលដល់ការវិនិយោគរវាងភ្នំពេញ និងខេត្តព្រះសីហនុ ដោយសារតែផ្លូវល្បឿនលឿននេះបានសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេត ក៏បានលើកឡើង ថា គម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងគឺជាការកត្តាជំរុញឱ្យតម្លៃដីធ្លីក្នុងតំបន់តាមបណ្ដោយផ្លូវនេះហក់ឡើងមួយកម្រិតទៀតផងដែរ ជាក់ស្ដែងផ្លូវក្រវ៉ាត់ក្រុងទី៣ដែលរត់កាត់ភាគច្រើននៅទិសខាងត្បូងរាជធានីភ្នំពេញ បានជំរុញឱ្យតម្លៃដីធ្លីក្នុងខណ្ឌដង្កោហក់ឡើងខ្ពស់ និងទាក់ទាញនូវការវិនិយោគអចលនទ្រព្យកាន់តែច្រើនជាពិសេសលំនៅឋាន ។

ចំណែក លោកស្រី ហ្គេ្រស រចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមើលឃើញមិនខុសពីអ្នកជំនួញខាងលើនោះដែរ ។ លោកស្រីថា គម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលគឺពិតជាបានជះឥទ្ធិពលដល់តម្លៃ និងទីផ្សារអចលនទ្រព្យ ជាក់ស្ដែងតំបន់ណាដែលមានគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាល គឺនឹងធ្វើឱ្យតម្លៃអចលនទ្រព្យហក់ឡើងមួយកម្រិត និងទាក់ទាញនូវការវិនិយោគទៅតាមប្រភេទនៃអចលនទ្រព្យ ។

គេសង្កេតឃើញថា ទោះបីកូវីដ ១៩ បានវាយកម្ទេចសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចពលរដ្ឋយ៉ាងណាក្តី ក៏សកម្មភាពអនុវត្តគម្រោងទំាងឡាយរបស់រដ្ឋនៅតែដំណើរការតាមផែនការ ពិសេសគម្រោងសំខាន់ៗ ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី  គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ គម្រោង ពហុកីឡដ្ឋានមរតកតេជោ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ជាដើមនោះ នៅតែដំណើរទៅមុខដោយរលួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ