ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកាមានសម្រាប់ធ្វើផ្លូវប៉ុណ្ណោះ តែពុំមានថវិកាសម្រាប់ធ្វើលូ?

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជុំវិញ​រឿងរ៉ាវ​ធ្វើ​ផ្លូវ អត់​ធ្វើ​លូ រូ​ច​ខូច​ផ្លូវ​អស់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង អត់​មាន​លូ​សម្រាប់​ទឹក​ហូរ​ចូល នៅ​តែ​ជា​ប្រធានបទ​ក្តៅ រង​ការ​រិះគន់​មិន​ឈប់​មិន​ឈរ ។ ប្រជាពលរដ្ឋ​រស់នៅ…

ខេត្តស្ទឹងត្រែង ៖ ជុំវិញ​រឿងរ៉ាវ​ធ្វើ​ផ្លូវ អត់​ធ្វើ​លូ រូ​ច​ខូច​ផ្លូវ​អស់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង អត់​មាន​លូ​សម្រាប់​ទឹក​ហូរ​ចូល នៅ​តែ​ជា​ប្រធានបទ​ក្តៅ រង​ការ​រិះគន់​មិន​ឈប់​មិន​ឈរ ។ ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ព្រែក និង​ភូមិ​រា​ជានុ​កូ​ល ក្រុង​ស្ទឹង​ត្រែង បាន​លើក​ឡើង​ថា​អំពី​រឿង​ធ្វើ​ផ្លូវ​អត់​ធ្វើ​លូ ថា នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ គឺ​ដឹង​តែ​ផ្លូវត្រូវ​ជន់​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ជំនន់​ទឹកភ្លៀង​នឹង​ហូរ​កាត់​លើ​ផ្លូវ យ៉ាង​សន្ធប់ បណ្តាល​ឲ្យ​កំណាត់​ផ្លូវ​មួយ​ចំនួន​រង​ការ​ខូចខាត​ក្លាយជា​ជង្ហុក ឯ​ចិញ្ចើម​ផ្លូវត្រូវ​ដាច់​រសាត់​ទៅ​តាម​ទឹក​ផង​ដែរ ។

ជាក់ស្តែង​កំណាត់​ផ្លូវ​ចំណុច​គីឡូ​២ កងចក្រ ទឹកភ្លៀង​បាន​ហូរ​ច្រោះ បណ្តាល​ឲ្យ​បាក់​ដាច់​ចិញ្ចើម​ផ្លូវ និង​កន្លែង​ខ្លះ​ក្លាយ​ទៅ ជា​ជង្ហុក​ជ្រៅ​ៗ អូរ​ជាប់​របង​មន្ទី​វប្បធម៌​និង​វិចិត្រ​សិប្បៈ ក៍​ត្រូវ​កម្លាំង​ទឹក​ហូរ​បុក​រង​ការ​ខូចខាត​ផង​ដែរ​។

តាម​ការ​សង្កេត​ឃើញ​របស់​ប្រជាពលរដ្ឋ​បាន​បន្ត ទៀត​ថា កំណត់​ផ្លូវ​១​ខ្សែ​ទៀត ត្រង់​ចំណុច សត្តឃាតដ្ឋាន​ចាស់ ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ​ទឹក​ហូរ​កាត់​ផ្លូវ រហូត​ស្ទើរនឹង​អាច​ជិះទូក​បាន​។ ហើយ ផ្លូវ​កៅស៊ូ​១​ខ្សែ នេះ រង​ការ​ខូចខាត​ជា​ជង្ហុក​ធំ​ច្រើន​កន្លែង​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ មក​ហើយ ពុំ​មាន​ឃើញ​ការ​ថែទាំ ឬ​ជួសជុល​អោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ងាយ​ស្រួ​ស​នោះ​ទេ ស្រប​ពេល​ផ្លូវ​បេតុង​និង​ផ្លូវ​កៅស៊ូ​មួយ​ចំនួន​រត់​កាត់ មុខ​ផ្ទះ​លោក​ធំ​ៗ​កុំ​ថា​ឡើយ​ចុះ​ចំណោតភ្នំ​និង​ឡើង​ខ្នងភ្នំ​នោះ​។

យ៉ាងណាមិញ រឿងរ៉ាវ​ធ្វើ​ផ្លូវ​អត់​ធ្វើ​លូ រហូត​ផ្លូវ​ខូច​ក្លាយជា​ជង្ហុក​ជ្រៅ មិនមែន​មាន​តែ​ផ្លូវ​២​ខ្សែ​ខាងលើ​នេះ​ទេ គឺ​មាន​ច្រើន​ផ្លូវ​ច្រើន​ខ្សែ​ទៀត​នៅ​ក្នុង​ក្រុង ដែល​ត្រូវ​ទឹកភ្លៀង​ហូរ​កាត់​ក្រោយ​ពេល ភ្លៀង​ធ្លាក់​ម្តង​ៗ​។ ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ចំពោះ​មូលហេតុ សំខាន់​ដែល​ធ្វើ​ឲ្យ​ហូរ​កាត់​ផ្លូវ​ដូច្នេះ ដោយសារ​ធ្វើ​ផ្លូវ តែ​មិន​មាន​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​។

ទាក់ទិន​នឹង​ការ​ធ្វើ​ផ្លូវ​មិន​ដាក់​លូ​នេះ មន្ត្រី​ខេត្តស្ទឹងត្រែង​មួយ​រូប បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ថវិកា​មាន​សម្រាប់​ធ្វើ​ផ្លូវ​ប៉ុណ្ណោះ តែ​ពុំ​មាន​ថវិកា សម្រាប់​ធ្វើ​លូ​នោះ​ទេ ហើយ​បើ​ចង់​ដាក់​លូ​បន្ថែម ទាល់តែ​ធ្វើ​គម្រោង​ស្នើ​ទៅ​ថ្នាក់លើ​ម្តងទៀត ។

ឆ្លើយ​តប​និង​បញ្ហា​នេះ លោក ម៉ែ​ន គុង នាយករង​រដ្ឋបាល​ខេត្ត​និង​ជា​អ្នកនាំពាក្យ​របស់​សាលា​ខេត្តស្ទឹងត្រែង បាន​ប្រាប់​កោះសន្តិភាព​ថា លោក​គ្រាន់តែ​បញ្ជាក់​បាន​ថា «​សម្រាប់​ផ្លូវ​ក្នុង​ប្រជុំជន​ក្រុង​ឥឡូវនេះ ជា​គោលការណ៍ គឺ​ត្រូវ​ដាក់​ក្នុង​គម្រោង​របស់​ខេត្ត ទៅ​តាម​គម្រោង​អាទិភាព ថា​ត្រូវធ្វើ​អី​មុន នៅ​ក្នុង​ខេត្ត ពេល​ចេញ​កម្មវិធី​វិនិយោគ ៣ ឆ្នាំ រំកិល ឬ​ចេញ​គម្រោង​វិនិយោគសាធារណៈ​របស់​ខេត្ត ដែល​ស្រប​ទៅ​តាម​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​នៃ​ផែនការអភិវឌ្ឍន៍​របស់​ខេត្ត​»​។

ដូច្នេះ​ពាក់ព័ន្ធ​រឿង​ធ្វើ​ផ្លូវ អត់​ធ្វើ​លូ រហូត​ផ្លូវត្រូវ​ខូចខាត​វិញ ដោយសារ​តែ​ទឹកភ្លៀង​ហូរ​កាត់​នោះ មិនដឹង​ថា​ពេល​ណា​អាច​នឹង​ដោះស្រាយ​ចប់​ទេ ៕