ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លើកគ្នា​តវ៉ា រឿង​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ធ្វើ​ប្លង់ តែ​បែរជា​បាត់ដី​ពួក​គាត់

2 ឆ្នាំ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ តំណាង​អោយ​ចំនួន​២៧​គ្រួសារ នៅ​ឃុំ​ព្រៃ​កន្លោង បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​សាលាស្រុក​ពោ​ធ៌​រៀង នា​ព្រឹក​ថ្ងៃ​ទី​

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ តំណាង​អោយ​ចំនួន​២៧​គ្រួសារ នៅ​ឃុំ​ព្រៃ​កន្លោង បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​សាលាស្រុក​ពោ​ធ៌​រៀង នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ម្សិលមិញ នេះ ហើយ​ស្នើ​សុំ​អោយ​លោក​អភិបាលស្រុក ជួយ​ដោះស្រាយ​អោយ​ពួក​គាត់ ដោយសារ​តែ​ដីស្រែ​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ និង​កាន់កាប់​៤០​ឆ្នាំ​មក​ហើយ បែរជា​បាត់ នៅ​ពេល​ដែល​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ធ្វើ​ប្លង់​ដី​បឹង​។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ដីស្រែ​របស់​ពួក​គាត់ នៅ​ចំណុច​បឹង​ក្រចាប់ ក្នុង​ឃុំ​ព្រៃ​កន្លោង ស្រុក​ពោ​ធ៌​រៀង គឺជា​ដី​របប​ដែល​​រដ្ឋអំណាច​ចែក​អោយ តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ហើយ​បាន​បន្តកាន់កាប់​តកូនតចៅ រហូត​មក​ដល់​ពេល​នេះ​គឺ​៤០​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​។ លុះ​មក​ដល់​ឆ្នាំ​២០២០ មន្ត្រី​សុរិយោដី​ស្រុក បាន​ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​ជូន​ពួក​គាត់​ជា​លក្ខណៈ​ប្រព័ន្ធ និង​បាន​ចេញ​ចុងសន្លឹក​អោយ​ពួក​គាត់​គ្រប់​ៗ​គ្នា មិន​មាន​នរណា​ម្នាក់​បាត់ដី​នោះ​ទេ ។

ពលរដ្ឋ​ដែល​អះអាង​ថា​បាន​បាត់បង់​ដី​នោះ បាន​រៀបរាប់​បន្ត​ថា ប៉ុន្តែ​មក​ដល់​ដើមខែ​សីហា ឆ្នាំ​២០២១​នេះ ពេល​ដែល​មន្ត្រី​សុរិ​យោដី​បិទ​ប្រកាស​ក្បាលដី ពួក​គាត់​នាំ​គ្នា​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល ក៏​ស្រាប់តែ​ឃើញ​បាត់ដី​ពួក​គាត់​អស់ អ្នកខ្លះ​ដី​៣​ហិ​កតា នៅ​សល់​២០​អា ខ្លះ​ដី​២​ហិ​កតា នៅ​សល់​៥​អា និង​អ្នកខ្លះ​ទៀត​មាន​ដី​តិចតួច គឺ​បាត់ដី​ទាំងអស់​តែ​ម្តង និង​ត្រូវ​គេ​ដក​យក​ចុងសន្លឹក​វិញ​ថែម​ទៀត​។

ពលរដ្ឋ​ទាំងនេះ​បាន​បញ្ជាក់​ថា ដីស្រែ​ទាំងអស់​ពួក​គាត់​ជា​ម្ចាស់ នៅ​កាន់កាប់​ធ្វើស្រែ​បានជា​ធម្មតា អត់​មាន​អ្នក​ណា​មក​ទាមទារ​ដណ្តើម​យក​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្លង់​ដែល​មន្ត្រី​សុរិយោដី​បិទ​ប្រកាស គឺ​បាត់ដី​ពួក​គាត់ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​សុខចិត្ត នាំ​គ្នា​ប្តឹង​ទៅ​លោក​មេឃុំ​អោយ​ជួយ​ដោះស្រាយ តែ​ឃុំ​ដោះ​មិន​ចេញ ទើប​បន្ត​នាំ​គ្នា​មក​ប្តឹង​នៅ​សាលាស្រុក​ទៀត ព្រោះ​បើ​មាន​តែ​ដី​អត់​ប្លង់ ដូច​មនុស្ស​ស្លោក​ខោ​អត់​លី​អូ​អ​ញ្ចឹ​ង គ្រោះថ្នាក់​ណាស់​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ លោក អ៊ូ រ៉​ត មេឃុំ​ព្រៃ​កន្លោង បានអោយ​ដឹង​ថា ពលរដ្ឋ​ទាំង​២៧​គ្រួសារ​នេះ​គឺ​ពួក​គាត់​ពិតជា​បាត់ដី​មែន តែ​មិនមែន​មាន​អ្នក​ណា​មក​យក​ដី​គាត់​នោះ​ទេ គឺ​មក​ពី​មន្ត្រី​ជំនាញ សុរិយោដី និង​ធនធានទឹក គេ​ធ្វើ​ប្លង់​បឹង​ក្រចាប់​ធំ​ពេក ទើប​ចូល​លើ​ដីស្រែ​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​បឹង ហើយ​មិន​ត្រឹមតែ​បាត់ដី​ពលរដ្ឋ​នោះ​ទេ ដី​ដែល​នៅ​សល់​ក៏​ត្រូវ​ខាង​មន្ទីរ​ធនធានទឹក ប្តឹង​ជំទាស់ មិន​អោយ​ខាង​សុរិយោដី​ចេញ​ប្លង់​អោយ​ពលរដ្ឋ​ដែរ​។

លោក​មេឃុំ​បញ្ជាក់​ថា ផ្ទៃដី​បឹង​ក្រចាប់ ពេល​ដែល​មន្ត្រី​សុរិយោដី​ចុះ​វាស់​គឺ​មាន​តែ​១៥​ហិ​កតា​ទេ ប៉ុន្តែ​នៅ​ពេល​បិទ​ប្រកាស ស្រាប់តែ​រីក​ធំ​រហូត​ដល់​ជាង​៤០​ហិ​កតា នេះ​គឺជា​មូលហេតុ​ដែល​ធ្វើ​អោយ​បាត់​ដីស្រែ​ប្រជាពលរដ្ឋ តែ​អាជ្ញាធរ​ឃុំ​គ្មាន​លទ្ធភាព​ដោះ​ទេ គឺ​បាន​ត្រឹម​បញ្ជូន​រឿង​ទៅ​ស្រុក​ប៉ុណ្ណោះ​។

ដោយឡែក​លោក យស់ ស៊ី​ណាត អភិបាលស្រុក​ពោ​ធ៌​រៀង បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ​ថា រឿង​បាត់ដី​ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​កន្លោង​នេះ លោក​ទើប​ដឹង​កាលពី​ចុងខែ​សីហា​នេះ​ទេ ហើយ​ភ្លាម​ៗ​ពលរដ្ឋ​លើកគ្នា​មក​សាលាស្រុក​បែប​នេះ លោក​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ លោក​សុំ​ចុះ​ស្រាវជ្រាវ​សិន ហើយ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ទើប​លោក​កោះ​អញ្ជើញ​មន្ត្រី​ជំនាញ​សុរិយោដី មន្ត្រី​ធន​ធានទឹក និង​តំណាង​ប្រជាពលរដ្ឋ មក​ដោះស្រាយ​នៅ​សាលាស្រុក​តែ​ម្តង តែ​យ៉ាងណា​លោក​អះអាង​ថា លោក​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់ បាត់ដី​នោះ​ទេ​។

ពាក់ព័ន្ធ​រឿងរ៉ាវ​មន្ត្រី​សុរិយោដី ចុះ​វាស់វែង​ធ្វើ​ប្លង់​បាត់ដី​ប្រជាពលរដ្ឋ​នេះ កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តព្រៃវែង​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទំនាក់ទំនង​បាន​។

រីឯ​លោក ឃុន សុ​ខឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ​ថា ដីស្រែ​ប្រជាពលរដ្ឋ​ទាំង​២៧​គ្រួសារ នៅ​ជុំវិញ​បឹង​ក្រចាប់​នោះ គឺ​មិន​បាន​បាត់​ទៅ​ណា​ទេ ពួក​គាត់​នៅ​គ្រប់គ្រង​អាស្រ័យ​ផល​បានជា​ធម្មតា គ្រាន់តែ​នៅ​ក្នុង​ប្លង់ គឺ​ត្រូវ​បាន​កាត់​ដី​ពួក​គាត់​មួយ​ចំនួន បញ្ចូល​ទៅ​ក្នុង​ប្លង់​ដី​បឹង​ប៉ុណ្ណោះ​។

លោក ឃុន សុ​ខឿន បាន​បញ្ជាក់​ថា រឿង​ដែល​មន្ទីរ​ប្តឹង​ជំទាស់ មិន​អោយ​ចេញ​ប្លង់​ជូន​ពលរដ្ឋ ព្រោះ​ចង់អោយ​មានការ​ដោះស្រាយ​អោយ​ចប់​សិន ហើយ​សិទ្ធិ​អំណាច​នេះ​គឺ​នៅ​លើ​ខាង​អាជ្ញាធរ បើ​ស្រុក​ឬ​ខេត្ត​សំរេច​ថា ត្រូវ​កាត់​ដី​នេះ​អោយ​ពលរដ្ឋ លោក​ក៏​មិន​ជំទាស់​ដែរ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ទុក​ផ្ទៃ​បឹង​អោយ​មាន​វិសាលភាព​ធំធេង​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ