ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេចខ្លួន​! ស្លា.ប់​ជាង​៦០​នាក់​ និង​​ឆ្លង​កូ​វី​ដ​ថ្មី ជិត៣​ពាន់​ករណី​ ត្រឹម៦​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​ហាក់​មាន​សន្ទុះ​កើនឡើង​វិញ​ក្នុង​រយៈពេល ២ ថ្ងៃ​ចុង​ក្រោយ​នេះ ជាក់ស្តែង​

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​ហាក់​មាន​សន្ទុះ​កើនឡើង​វិញ​ក្នុង​រយៈពេល ២ ថ្ងៃ​ចុង​ក្រោយ​នេះ ជាក់ស្តែង​ការ​ឆ្លង​ក្នុង​រយៈពេល ២៤ ម៉ោង​នា​ថ្ងៃ​ទី ៦ ខែកញ្ញា មាន​ចំនួន ៥១១ នាក់ និង​ស្លា.ប់​ថ្មី ១១​នាក់​បន្ថែម​ទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន​ចំនួន ៤៨៧ នាក់ ។

ដូច្នេះ​ត្រឹម​រយៈពេល​តែ​៦​ថ្ងៃ​ដើមខែ​កញ្ញា ឆ្នាំ ២០២១ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ សរុប​ដល់​ទៅ ២៨៤៩ នាក់ ក្នុង​នោះ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​ចំនួន​ដល់​ទៅ ៩១១ នាក់ (​ប្រមាណ​ជិត ៣២%​នៃ​ករណី​សរុប​) ដែល​ករណី​នាំ​ចូល គឺ​ច្រើន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែល​តា ។ ក្នុង​នោះ​ផង​ដែរ រយៈពេល ៦ ថ្ងៃ ដើមខែ​នេះ គ្រូពេទ្យ​ក៏​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បានជា​សះស្បើយ​បាន​ចំនួន​សរុប ២៥០៤ និង​ស្លា.ប់​ដល់​ទៅ ៦៥ នាក់ ។

ខណៈ​ដែល​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ រយៈពេល ២ ថ្ងៃ​ចុង​ក្រោយ​បាន​កើនឡើង​ជាង ៥០០ ករណី​និង​មាន​វត្តមាន​របស់​វីរុស​បំប្លែង​ថ្មី ដែល​តា (Delta) កំពុង​វាយ​លុយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ២២ ផ្សេង​ទៀត លើកលែងតែ​ខេត្ត​កែប និង​ក្រចេះ គេ​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រងើយកណ្តើយ​មិនសូវ​អនុវត្ត​វិធាន​សុខាភិបាល​បាន​ត្រឹមត្រូវ​នោះ​ទេ ។

«​តាម​ខ្ញុំ​សង្កេត​មើល អ្នកខ្លាច អ្នក​ការពារ គឺ​នៅ​តែ​ការពារ ដោយ​ពាក់​ម៉ាស់ និង​មាន​ឃើញ​កាន់​អាល់កុល​តាម​ខ្លួន​ពេល​ទៅ​កន្លែង​ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន ។ តែ​ខ្ញុំ​ឃើញ​តាម​ដងផ្លូវ ពលរដ្ឋ​មួយ​ចំនួន មិន​ពាក់​ម៉ាស់​ទេ ឈប់​នៅ​ស្តុ​ប ហើយ​ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព​ទៀត​ផង​» ។ នេះ​ជា​ការ​លើក​ឡើង​របស់ កញ្ញា សុជាតា វ័យ ២៨ ឆ្នាំ​ដែល​កំពុង​បន្ត​ការ​សិក្សា​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៅ​មហាវិទ្យាល័យ​មួយ ។

កញ្ញា​បន្ត​ថា «​ខ្ញុំ​ឈប់​ឡាន​នៅ​ស្តុ​ប ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក ថា​មាន​បងប្អូន​យើង​មួយ​ចំនួន ហាក់​ធ្វេសប្រហែស​ណាស់ ខណៈ​ថ្នាក់ដឹកនាំ​ខ្នះខ្នែង​រក​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ មក​ចាក់​ជូន​ពលរដ្ឋ​បាន​យ៉ាងច្រើន ទាំង​ដែល​ប្រទេស​ជិតខាង​យើង​មិន​ទាន់​បាន​ចាក់​ជូន​ពលរដ្ឋ​គេ​បាន​ច្រើន ដូច​ប្រទេស​យើង​ផង​។ អ៊ីចឹង​ខ្ញុំ​សង្ឃឹមថា បងប្អូន​មួយ​ចំនួន​តូច​ដែល​មិន​អនុវត្ត​វិធាន​សុខាភិបាល គួរតែ​ភ្ញាក់រលឹក អនុវត្ត​ការ​ការពារ​ខ្លួន កុំ​ចាំ​ដល់​ឱ្យ​ក្រសួងសុខាភិបាល ឬ​ថ្នាក់ដឹកនាំ​យក​ម៉ាស់​មក​ពាក់​ឱ្យ​អី​» ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ដំបូង​បង្អស់​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២០ លើ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ថា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៩៦ ៣៣៩​នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៩១ ៦១៨ នាក់ ខណៈ​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១ ៩៨១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ