ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីទទួលបានការចាក់វ៉ាកសាំងចំនួនពីរលើកកន្លងទៅនេះ សិស្សសាលាមធ្យមសិក្សា ក្នុងខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ទោះបីចំនួនអ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តភាគឦសាននេះ នៅបន្តកើតឡើងជារៀងរាល់ថ្ងៃក៏ដោយ។
គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងដល់អាណាព្យាបាល និងសិស្សានុសិស្ស ដែលរៀនថ្នាក់ទី៩ និងថ្នាក់ទី១២ ជ្រាបថា សាលាចាប់ផ្ដើមដំណើរការបង្រៀន និងរៀនដោយផ្ទាល់ ចាប់ពីថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ ដូច្នេះសូមសិស្សានុសិស្ស និងអាណាព្យាបាល បញ្ជូនកូនមករៀន តាមការកំណត់របស់សាលា។
សូមបញ្ជាក់ថា ទីតាំងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។ ដូចនេះ សិស្សានុសិស្ស ត្រូវមករៀននៅវិទ្យាល័យបច្ចេកទេសអន្តេវាសិកដ្ឋាន (ច្រកចូលបុរីកុមារ និងអន្តេវាសិកដ្ឋាន ជាប់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី)។ សម្រាប់សិស្សានុសិស្ស កម្រិតថ្នាក់ទី៧ ថ្នាក់ទី៨ ថ្នាក់ទី១០ ននិងថ្នាក់ទី១១ ត្រូវរៀនពីចម្ងាយ តាមអនឡាញដដែល។
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅខេត្តមណ្ឌលគិរី សាលាមធ្យមសិក្សា ដាក់ឲ្យដំណើរការឡើងវិញ មាន ៨សាលា។ សិស្សទី៩ មានចំនួន ៩៥៤នាក់ ស្រី ៥០៧នាក់ ដែលត្រូវត្រៀមប្រឡង នៅខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកសិស្សទី១២ ចំនួន ៤៤៨នាក់ ស្រី ២៣៣នាក់ ត្រូវប្រឡងថ្នាក់ជាតិ នៅខែធ្នូ ឆ្នាំ២០២១។ ដោយឡែក សិស្សក្នុងកម្រិតសិក្សាផ្សេងទៀត ត្រូវរៀនតាមប្រព័ន្ធអនឡាញ តាមផ្ទះ។
ខេត្តមណ្ឌលគិរី បានរៀបចំឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវទៅរៀនផ្ទាល់ នៅក្នុងថ្នាក់រៀន ដោយសាលា បានរៀបចំឲ្យពួកគេ អង្គុយរៀន ដាច់ឆ្ងាយពីគ្នា។ ក្នុងមួយថ្នាក់ មានសិស្សត្រឹម ១០នាក់ ទៅ ២០នាក់ប៉ុណ្ណោះ ទៅតាមទីធ្លា និងបន្ទប់រៀនជាក់ស្តែង ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ស្របទៅតាមវិធានការក្រសួងសុខាភិបាល និងក្រសួងអប់រំ៕ សាយ ករុណា
ចែករំលែកព័តមាននេះ