ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនាកំណាត់ផ្លូវ ២ខ្សែ ពីផ្លូវជាតិលេខ៦អា ដល់មហាវិថីឈ្នះ ឈ្នះ ដើម្បីត្រៀមស៊ីហ្គេម នៅឆ្នាំ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កំណាត់ផ្លូវចំនួន ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦​អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ កំណាត់ផ្លូវចំនួន ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦​អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀម​ទទួលស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ​២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

ដើម្បីជំរុញការងារនៃការស្ថាបនាផ្លូវទាំង ២ខ្សែនេះ ឲ្យបានលឿន ទៅតាមគម្រោង ដែលបានគ្រោងទុក លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សា ទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ប៉ះពាល់នឹងគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

លោក​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង​ជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង ២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេស ដែលដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោក មាន ចាន់យ៉ាដា ដែលជា​អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូវអនុវត្តការងារនេះ ឲ្យបានលឿន និង​ទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវ អនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ​។

ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់​។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ​៦អា រហូតដល់មហាវិថីឈ្នះ​ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង ១ខ្សែៗ មានប្រវែងជិត ១០គីឡូម៉ែត្រ ដែលមានទទឹង ១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ ២ម៉ែត្រសងខាង​។

លោកបន្តថា ក្រៅពីការស្ថាបនាផ្លូវនេះ មន្ទីរក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង ១ម៉ែត្រ ហើយខ្សែផ្លូវ យើងដាក់លូជាអក្សរអ៊ុយ(U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាន និងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ​២០២៣​។ នៅពេលនេះ កម្ពុជា កំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈ​ពហុកីឡដ្ឋានថ្មីសន្លាងមួយ ឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាន និងកំពុងបង្អួតរាងយ៉ាងសង្ហានោះ។

ស៊ីហ្គេមឆ្នាំ​២០២៣ នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យកីឡា​ទេសចរណ៍ខ្លួនផង និងអាស៊ានផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ