ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ អាជ្ញាធរ​​រាជធានី​​ភ្នំពេញ និង​​អាជ្ញាធរ​​ខណ្ឌ បានចាប់​ផ្តើម​​ត្រួត​ពិនិត្យ និង​​ធ្វើ​កិច្ចសន្យា នៅតាម​ដេប៉ូ​ស្តុក និង​លក់​ខ្សាច់ ក្នុង​បំណង​ ដើម្បី​កុំ​ឲ្យ​ឡាន​ដឹក​ខ្សាច់​ទាំងនោះ បង្ក​ការកកស្ទះ​ចរាចរណ៍​ផង…

ភ្នំពេញ​៖ អាជ្ញាធរ​​រាជធានី​​ភ្នំពេញ និង​​អាជ្ញាធរ​​ខណ្ឌ បានចាប់​ផ្តើម​​ត្រួត​ពិនិត្យ និង​​ធ្វើ​កិច្ចសន្យា នៅតាម​ដេប៉ូ​ស្តុក និង​លក់​ខ្សាច់ ក្នុង​បំណង​ ដើម្បី​កុំ​ឲ្យ​ឡាន​ដឹក​ខ្សាច់​ទាំងនោះ បង្ក​ការកកស្ទះ​ចរាចរណ៍​ផង និង​ដើម្បី​កុំ​ឲ្យ​ជ្រុះ​ធ្លាក់​ខ្សាច់​រាយប៉ាយ​លើផ្លូវ​តទៅទៀត​។​

​កាលពី​សៀលថ្ងៃ​សុក្រ ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ និងលោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា នៅតាម​ដេប៉ូ​ស្តុក និងលក់​ខ្សាច់ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​។​

​ក្នុងពេល​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​នោះ លោក ស៊ុយ សេ​រិ​ទ្ធ​ បាន​ណែនាំ​ដេប៉ូ​ខ្សាច់​ទាំងអស់ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ អោយ​អនុវត្ត​ដូចខាងក្រោម​៖ ១. មិនត្រូវ​ដឹកជញ្ជូន​ខ្សាច់ ក្នុង​ចន្លោះ​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៧​យប់​។ ២. ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​បោសសម្អាត​ផ្លូវ លាង​សម្អាត​ផ្លូវ អោយបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ចាប់ពី​ម៉ោង ៧​ព្រឹក​ទៅ ត្រូវ​ធានា​អោយបាន​ស្អាត​។ ៣.​ត្រូវ​ទទួលខុសត្រូវ ស្តារលូ​តាមតម្រាយ​ផ្លូវ ដែល​រថយន្ត​ដឹកជញ្ជូន​ខ្សាច់​របស់ខ្លួន រត់​ឆ្លងកាត់​អោយបាន​ជាប្រចាំ ដោយ​ធានា​មិនអោយ​មានការ​កកស្ទះ​អាចម៍ដី នៅក្នុង​​ប្រព័ន្ធ​លូ​ឡើយ​។ ៤. ត្រូវ​ទទួលខុសត្រូវ​ជួសជុល​ជាបន្ទាន់​ពី​ការដឹក​ជញ្ជូន ដែល​បណ្តាលអោយ​ខូចខាត​ផ្លូវ និង​ប្រព័ន្ធ​លូ​។ ៥. ត្រូវអនុវត្ត​អោយបាន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​នានា ដែល​កំណត់​ក្នុង​លិខិតអនុញ្ញាត​ដឹកជញ្ជូន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច ក្រសួង និង​ស្ថាប័ន​​ពាក់ព័ន្ធ​។​

​បន្ទាប់ពី​ក្រុមការងារ បានធ្វើ​ការណែនាំ​រួចមក ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងអស់ បានធ្វើ​កិច្ចសន្យា ចំពោះមុខ​ក្រុមការងារ ដូចតទៅ​៖ ១. មិន​ធ្វើការ​ដឹកជញ្ជូន​ខ្សាច់ ក្នុង​ចន្លោះ​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៧​យប់​ឡើយ​។ ២. ទទួលខុសត្រូវ ក្នុងការ​បោសសម្អាត​ផ្លូវ លាង​សម្អាត​ផ្លូវ​អោយបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ចាប់ពី​ម៉ោង ៧​​ព្រឹក​​ត​ទៅ ធានា​ក្នុង​ការលាង​អោយបាន​ស្អាត​។ ៣. ទទួលខុសត្រូវ​ស្តារលូ​តាមតម្រាយ​ផ្លូវ ដែល​រថយន្ត​ដឹកជញ្ជូន​ខ្សាច់ រត់​ឆ្លងកាត់​អោយ​បាន​ជាប្រចាំ ដោយ​ធានា​មិនអោយ​មានការ​កកស្ទះ​អាចម៍ដី នៅក្នុង​ប្រព័ន្ធ​លូ​ឡើយ​។ ៤. ទទួលខុសត្រូវ​ជួសជុល​ផ្លូវ និង​ប្រព័ន្ធ​លូ ជាបន្ទាន់ ដែល​បណ្តាលអោយ​មានកា​រ​ខូចខាត ដោយសារ​ការដឹកជញ្ជូន​ខ្សាច់​។ ៥. អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នានា ដែល​កំណត់​ក្នុង​លិខិតអនុញ្ញាត​ដឹកជញ្ជូន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​នេះ​ជា​វិធានការ​ថ្មី​មួយ ដែល​មហាជន​ទះដៃ​អបអរសាទរ និង​គាំទ្រ​ពេញទំហឹង​នឹង​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​អនុវត្ត​វិធានការ​ផ្លូវ​ស្អាត​នេះ នៅ​ខណ្ឌមានជ័យ​មុនគេ​។ មហាជន ក៏​រំពឹងថា នៅ ១៣​ខណ្ឌ​ផ្សេងទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ រួមទាំង​ក្រុមការងារ​ពាក់ព័ន្ធ នឹង​អនុវត្ត​វិធានការ​ដូចគ្នានេះដែរ​។​

​ម្យ៉ាងទៀត វិធានការ​ទាំង ៥​ចំណុច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌមានជ័យ ខាងលើនេះ ត្រូវអនុវត្ត​គ្រប់​ដេប៉ូ​ស្តុក និង​លក់​ខ្សាច់ ហើយ​ធ្វើ​ឲ្យ​គ្រប់​ខណ្ឌ​ទាំងអស់​។ បើ​ដេប៉ូ​លក់ និង​ស្តុក​ខ្សាច់​ណា អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា​ទាំង ៥​ចំណុច ត្រូវតែ​ផាកពិន័យ ហើយ​ឈានទៅ​បិទ​អាជីវកម្ម​ដេប៉ូ​នោះ​តែម្តង​។ នៅ​ការដ្ឋាន​ដូចគ្នា តាមផ្លូវ ៦០​ម៉ែត្រ ក្នុង​ខណ្ឌមានជ័យ គឺ​ឥឡូវនេះ ផ្លូវដ៏​ធំ​ទូលាយនេះ ក្លាយជា​ផ្លូវ​ជនបទ ពោរពេញ​ដោយ​ដីខ្សាច់ ហ៊ុយ​ទ្រលោម​គ្រប់ពេលវេលា​។ នេះ​ក៏​ដោយសារតែ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដែល​បម្រើ​ឲ្យ​ការដ្ឋាន​សំណង់ ​​កំពុងដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​។​

​ក្រៅពី​សេចក្តី​ណែនាំ និង​​កិច្ច​សន្យា ៥​ចំណុច ​ដូច​បានលើក​ឡើង និង​ព្រមព្រៀង​គ្នា​​នេះ អាជ្ញាធរ​​រាជ​ធានី​ខេត្ត ស្រុក​ក្រុង​ខណ្ឌ​ទាំងអស់ ក៏​សូម​រឹតបន្តឹង​​ចំពោះ​ឡាន​ជញ្ជូន​ដឹក​ដី ដឹក​ខ្សាច់ ដាក់​​ពេញ​​ហៀរ ដោយ​គ្មាន​ការបិទបាំង ហើយ​ធ្វើ​ឲ្យ​កំពប់​ ជ្រុះ​រាយប៉ាយ​តាមផ្លូវ ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​តាមផ្លូវ​ផង និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផង​។

​ឡាន​ដឹក​ខ្សាច់​ដឹក​ដី ដឹក​ថ្ម​ទាំងអស់ ក៏ត្រូវ​តែ​បាញ់​ទឹក លាង​សម្អាត​ជើង​ក្រោម និង​កង់ឡាន មុននឹង​ចាកចេញ​ពី​ដេប៉ូ​ស្តុក និង​លក់​ខ្សាច់ ក្រួស​ថ្ម ឬក៏​រណ្តៅ​ដី​។ នៅពេល​ចាក់ដី ចាក់​ខ្សាច់ គ្រួស​ថ្ម នៅ​ការដ្ឋាន​សំណង់​ហើយ ក៏ត្រូវ​បាញ់​ទឹក​លាង​សម្អាត​ជើង​ក្រោម កង់ឡាន និង​ទ្រុង​ឡាន​ទាំងនោះ​ម្តងទៀត មុននឹង​ចរាចរណ៍​តាមផ្លូវ​។​

​ជាការ​ពិត ការអភិវឌ្ឍន៍​សំណង់ផ្ទះ​ល្វែង​ច្រើន ពិតជា​ត្រូវការ​ដី ខ្សាច់ គ្រួស​ថ្ម​ដូច្នេះហើយ​។ តែ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទាំងអស់ រួមទាំង​ម្ចាស់​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង ឬ​បុរី​វីឡា គួរតែ​គិតដល់​ផលប្រយោជន៍​សាធារណជន​ផង​។ ដើម្បី​តែ​អាជីវកម្ម​របស់ខ្លួន តែ​បង្ក​ការលំបាក​ដល់​អ្នកដទៃ គឺ​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​សង្កាត់ ក៏​ត្រូវតែ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ឡាន​ដឹកជញ្ជូន​ដីខ្សាច់ក្រួស​ថ្ម តាមផ្លូវ​ណា ត្រូវតែ​អនុវត្ត​យ៉ាងហោចណាស់ ក៏​លាងសម្អាត​ផ្លូវ ស្តារលូ​តាមផ្លូវ​នោះ គ្រប​បិទបាំង​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ជ្រុះ​ខ្សាច់ ដី ថ្មក្រួស​លើផ្លូវ រួមទាំង​កំណត់​ម៉ោង​ដឹកជញ្ជូន​ដែរ​។ រីឯ​ម្ចាស់​ការដ្ឋាន​បុរី ផ្ទះល្វែង វីឡា ក៏ត្រូវ​ចូលរួម​សហការ​ជាមួយ​ឡាន​ដឹក​ដី​ទាំងអស់នោះ ដើម្បី​ធានាថា ផ្លូវ​ស្អាត និង​សុវត្ថិភាព​។ ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹកក្រួស​ថ្ម រួមទាំង​ឡាន​លាយ​ស៊ីម៉ង់ត៍ ក៏ត្រូវ​តែ​គោរព​ច្បាប់ និង​កុំ​បើកបរ​លឿនៗ​ពេក​។​

​អាជ្ញាធរ​សមត្ថកិច្ច ដែល​ទទួលខុសត្រូវ​លើ​រឿងនេះ ក៏ត្រូវ​តែ​ធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ ហើយ​មិនត្រូវ​ស៊ុមគ្រលំ ត្រូវរ៉ូវ​នឹង​ដេប៉ូ​ស្តុក ឬ​លក់​ខ្សាច់​ណា​នោះទេ​។ អ្នក​បង់លុយ​ឲ្យ ឬ​ដាក់​ខែ អាចធ្វើ​អាជីវកម្ម​ស្រេច​ចិត្ត ហើយ​បង្ក​ឲ្យ​ខ្សាច់​ជ្រុះ​រាយប៉ាយ​ គឺមិនត្រូវកើតមានឡើយ​។ តែបើ​ដេប៉ូ​ណា មិន​ឲ្យ​លុយ​អាជ្ញាធរ​សមត្ថកិច្ច បែរ​ត្រូវ​រឹតត្បិត និង​បិទ​អាជីវកម្ម​នោះ ក៏​មិនគួរ​ទេ​។ ពោលគឺ​ត្រូវ​មាន​តម្លាភាព និង​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ ទើប​មិនមាន​ការរិះគន់ ហើយ​វិធានការ​នេះ ក៏​ត្រូវ​អនុ​វត្តឲ្យ​មាន​ប្រសិទ្ធភាព​។​

​ករណី​​ឡាន​​ដឹក​ដី ដឹក​ខ្សាច់ ជ្រុះ​រាយប៉ាយ តាមផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង ទៅជា​ផ្លូវដី​ហុយ​ទ្រលោម កើត​​មាននៅ​គ្រប់​​ទីកន្លែង នាពេលនេះ​។ នៅ​​ខាង​តំ​បន់​​អរិយ​ក្សត្រ ​គឺ​​ដើម្បី​​តែ​​បម្រើ​​ឲ្យ​​ការដ្ឋាន​បុរី​ផ្ទះល្វែង។ ចង់​ដីខ្សាច់​ជ្រុះ​លើផ្លូវ ហើយ​ហុយ​ដី​បែបណា​ ក៏​មិន​ឈឺក្បាល​ដល់​អាជ្ញាធរ​ស្រុក​ល្វាឯម ខេត្តកណ្តាល​​នោះ​ឡើយ​។ ខេត្ត​ផ្សេងទៀត ​ក៏​ដូចគ្នា​។ សូមកុំ​ចាំ​ទាល់តែ​នាយករដ្ឋមន្ត្រី ស្រែកបញ្ជា ទើប​​មាន​វិធានការ​។

ការងារ​នេះ​ គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ស្រុក​ខណ្ឌ​ក្រុង រាជធានី​ខេត្ត​។ កុំ​យកលុយ​ពី​ឈ្មួញ​ដីខ្សាច់ ឬ​បុរី​ផ្ទះល្វែង​ ហើយ​ធ្វើ​មិនដឹងមិនលឺ ទុក​ឲ្យ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​សង្ខាង​ផ្លូវ រង​ទុក្ខ ដោយសារតែ​ផលប្រយោជន៍​ឯកជន​នេះ​។

ឥឡូវ នៅភ្នំពេញ ក្នុងខណ្ឌមានជ័យ ចាប់ផ្តើម​អនុវត្តវិធានការ ៥ចំណុច ដើម្បី​ឲ្យផ្លូវស្អាតហើយ បើថា នៅស្រុកល្វាឯម ខេត្ត​កណ្តាល ឬនៅស្រុកក្រុងខេត្តផ្សេងទៀត មិនដឹងថា ត្រូវ​ធ្វើយ៉ាងណា ក៏​សូម​យកលំនាំតាម​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ហើយ​ចាត់វិធានការ​លើដេប៉ូស្តុកនិងលក់​ខ្សាច់ រណ្តៅដី ឬការដ្ឋានសំណង់ ដើម្បី​​ឲ្យ​​ប្រជាជន​ទូទៅ ​ទទួល​​បាន​សេចក្តីសុខ​ផង​៕​