ខណៈការវាយប្រហារភេរវកម្មរបស់ ISIS បោកបក់ដល់អឺរ៉ុប មនុស្សជាច្រើននៅអឺរ៉ុប ចាប់ផ្តើមនឹកឃើញឡើងវិញដល់ការព្យាកររបស់ស្ត្រីហោរាពិការភ្នែក Vanga ។ តើការព្យាកររបស់ហោរាពិការភ្នែក ដែលថាឆ្នាំ២០១៦ អឺរ៉ុបជួបសង្គ្រាមអ៊ិស្លាមយ៉ាងធំនោះ ក្លាយជាការពិតទេ ?
ការព្យាករពីសង្គ្រាមអ៊ិស្លាមយ៉ាងធំ
លោកយាយហោរាពិការភ្នែក ជនជាតិប៊ុលហ្គារី ឈ្មោះ Bala Vanga បានអស់ជីវិតនៅឆ្នាំ១៩៩៦ ក្នុងជន្មាយុ៨៥ឆ្នាំ ។ កាលនៅរស់គាត់ធ្លាប់ព្យាករថា អឺរ៉ុបនឹងមានសង្គ្រាមអ៊ិស្លាមយ៉ាងធំក្រៃលែងក្នុងឆ្នាំ២០១៦ ដែលធ្វើឱ្យទ្វីបអឺរ៉ុបវិនាសធ្ងន់រហូតដល់លែងសល់អ្វីទាំងអស់ ។ កាសែត Daily Mail របស់អង់គ្លេសផ្សាយថា ហោរាពិការភ្នែក Vanga បញ្ជាក់ច្បាស់ៗថា សង្គ្រាមអ៊ិស្លាមយ៉ាងធំចាប់កើតពីហេតុការណ៍និទាឃរដូវអារ៉ាប់ ឆ្នាំ២០១០ ។ សង្គ្រាមនោះ ចាប់ផ្តើមកើតនៅប្រទេសសុីរី ហើយបញ្ចប់ទៅវិញនៅពេលដែលពួកមូស្លីម បង្កើតបានរដ្ឋអ៊ិស្លាមធំមួយនាឆ្នាំ២០៤៣ ដោយយកទីក្រុងរ៉ូម ជាចំណុចកណ្តាល ។ ដល់ពេលនោះ ទ្វីបអឺរ៉ុប ត្រូវបញ្ចប់វត្តមានរបស់ខ្លួន ហើយស្ថិតក្នុងសភាពល្វឹងល្វើយ ដីធ្លីក្លាយជាវាលរហោស្ថាន ហាក់ដូចគ្មានជីវិតរស់នៅ ។
ការព្យាករដ៏គួរឱ្យខ្លាចរបស់យាយហោរា Vanga ពេលនេះ មានមនុស្សមួយចំនួននៅអឺរ៉ុប ចាប់ផ្តើមញាក់សាច់ ស្រមៃថាប្រទេសជាច្រើនលើពិភពលោក ពិបាកគេចផុតភេរវកម្មរបស់ពួក ISIS ព្រោះឃើញពួក ISIS ពង្រីកការកាន់កាប់របស់ខ្លួនសឹងរាល់ថ្ងៃ ។ ឥទ្ធិពលរបស់ពួកនោះ នាំឱ្យមានមនុស្សជាច្រើនទៅចូលរួមជាមួយពួកគេហូរហែ ។ ថ្មីៗនេះ ISIS កាន់កាប់បានក្រុង Sirte ក្នុងទឹកដីលីប៊ីទៀត ដែលក្រុងមួយនេះ បែរទៅរកសមុទ្រមេឌីទែរ៉ាណេ ហើយពួកគេពង្រឹងអំណាចរបស់ខ្លួន តាមរយៈការសម្លាប់ចំណាប់ខ្មាំងជាចំហ។ ទន្ទឹមនឹងការកាន់កាប់បានក្រុង Sirte នៅលីប៊ី ពួក ISIS ក៏កាន់កាប់បានថែមទៀតដែនដីនៅស៊ីរី ទោះបីសម្ព័ន្ធមិត្តអឺរ៉ុបចោមរោមទម្លាក់គ្រាប់បែក យ៉ាងណាក៏ដោយ ។ ដូច្នេះ បើការព្យាកររបស់លោកយាយហោរាពិការភ្នែក Vanga ក្លាយជាការពិតមែន បានសេចក្តីថា មនុស្សជាតិជួបគ្រោះមហន្តរាយធ្ងន់រកស្មានមិនដល់ ។
ការព្យាករធ្វើឱ្យពិភពលោកច្រហមាត់
លោកយាយ Vanga កាលពីក្មេងមានជីវភាពធម្មតារហូតដល់អាយុ១២ឆ្នាំ គាត់ពិការភ្នែក ដោយសារគ្រោះថ្នាក់ពេលមានព្យុះខ្លាំងមួយ ។ បន្ទាប់ពីខូចភ្នែកទាំងពីរ ស្រាប់តែគាត់មានសមត្ថភាពពិសេស អាចឃើញព្រឹត្តិការណ៍ធំៗគ្រប់យ៉ាងនាពេលអនាគត ។ សមត្ថភាពអស្ចារ្យ និងការព្យាកររបស់គាត់ នាពេលកន្លងមក ធ្វើឱ្យមនុស្សជាច្រើនច្រហមាត់ ព្រោះត្រូវចំៗពេក ។ អ្នកមានទ្រព្យធន អ្នកល្បីល្បាញ រហូតដល់អ្នកនយោបាយ ទៅរកគាត់ហូរហែ ។
ក្នុងជីវិតរបស់ខ្លួន លោកយាយ Vanga បានព្យាករពីព្រឹត្តិការណ៍ ធំៗរាប់រយ ដូចយ៉ាងការវាយប្រហារភេរវកម្មនៅក្រុងញូវយ៉ក កាលពីឆ្នាំ២០០១ ជាដើម ។ ចំពោះព្រឹត្តិការណ៍នោះ គាត់បាននិយាយមុនថា សហរដ្ឋអាមេរិកនឹងត្រូវបក្សីស្លាបដែក២ក្បាល វាយប្រហារធ្វើឱ្យញាប់ញ័រពេញពិភពលោក ។ កាលណោះ អ្នកណាៗក៏ធ្វើមុខមីងមាំង ហើយខ្លះថែមទាំងមិនខ្ចីជឿទៀតផង លុះដល់ភេរវករប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ២គ្រឿង បើកបំបុកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឆេះហុយទ្រលោម នាថ្ងៃទី១១ កញ្ញា ២០០១ ទើប ម្នាក់ៗភ្ញាក់ក្រញាង ស្រែថាទាយ ត្រូវៗមែន ។ សូម្បីតែការលិចនាវាមុជទឹកបរមាណូ Kursk របស់រុស្ស៊ី កាលពីខែសីហា១៩៩៩ ក៏ស្ថិតក្រោមការព្យាករមុនរបស់គាត់ ហើយគ្រោះថ្នាក់រលកយក្សស៊ូណាមី មហាប្រល័យ នាឆ្នាំ២០០៤ ក៏ស្ថិតក្រោមការព្យាករមុនរបស់គាត់ដែរ ។ កាលពី៦០ឆ្នាំមុន គាត់បាននិយាយពីការប្រែប្រួលធាតុអាកាស ធ្វើឱ្យទឹកកកនៅតាមប៉ូលរលាយ នាំដល់កម្រិតទឹកសមុទ្រជន់ឡើងខ្ពស់ ។ គាត់ធ្លាប់ព្យាករទាំងការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកលើកទី៤៤ទៀតផង ។ គាត់ថា ប្រធានាធិបតីអាមេរិកទី៤៤ ជាជនជាតិស្បែកខ្មៅ ។ លុះ បារ៉ាក់ អូបាម៉ា ឈ្នះឆ្នោត ម្នាក់ៗច្រហមាត់ ស្រែកថា អីក៏ទាយត្រូវម៉្លេះ !
ឥឡូវនេះ អ្នកផងកំពុងរង់ចាំមើលការព្យាករព្រឹត្តិការណ៍ធំៗមួយចំនួនទៀត ដែលមិនទាន់មកដល់ ដូចយ៉ាង ៖ នៅឆ្នាំ២១៣០ មនុស្សក្រៅភពនឹងមកជួយមនុស្សនៅលើផែនដី ឱ្យអាចរស់នៅក្នុងទឹកបាន, នៅឆ្នាំ៣០០៥ នឹងមានសង្គ្រាមនៅភពអង្គារ, នៅឆ្នាំ៣៧៩៧ ផែនដីយើងនឹងរលត់រលាយអស់ ប៉ុន្តែមនុស្សលើផែនដី មិនស្លាប់ផុតពូជទាំងស្រុងទេ ព្រោះពេលនោះមនុស្សមានសមត្ថភាពបម្លាស់ទីគេចចេញទៅរស់នៅប្រព័ន្ធភពផ្សេងទៀតបាន ។
តទៅនេះជាព្រឹត្តិការណ៍ ធំៗគួរឱ្យចាប់អារម្មណ៍ ដែលលោកយាយហោរាពិការភ្នែកទាំងសងខាងរូបនេះ បានព្យាករទុក ៖
– នៅឆ្នាំ២០១៦ ៖ ពួកមូស្លីមលុកលុយទ្វីបអឺរ៉ុប ។
– នៅឆ្នាំ២០២៣ ៖ គន្លងផ្លូវរបស់ផែនដីផ្លាស់ប្តូរ ។
– នៅឆ្នាំ២០២៨ ៖ មនុស្សលោកនឹងអាចទៅដល់ភពសុក្រ ក្នុងបំណងស្វែងរកប្រភពថាមពលថ្មី ។
– នៅឆ្នាំ២០៣៣ ៖ ទឹកសមុទ្រជន់ឡើងខ្ពស់ ដោយសារទឹកកកនៅប៉ូលខាងជើងរលាយខ្លាំង ។
– នៅឆ្នាំ២១៧០ ៖ គ្រោះរាំងស្ងួតធ្ងន់កើតឡើងទូទាំងពិភពលោក ។
– នៅឆ្នាំ៣៧៩៧ ៖ អវសាននៃភពផែនដី ប៉ុន្តែមនុស្សលោកអាចធ្វើបម្លាស់ទី គេចទៅរស់នៅប្រព័ន្ធភពផ្សេងបាន ៕
ចែករំលែកព័តមាននេះ