ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​១​រូប​រិះគន់​ខ្លាំង​ៗ​រឿង «​ពេទ្យ​ទារ​បង់ថ្លៃ​សេវា​មុន​ធ្វើការ​វះកាត់​ទោះ​អ្នកជំងឺ​ធ្ងន់​ក៏​ដោយ​»

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អភិបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​រិះគន់​ចំ​ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ជុំវិញ​បញ្ហា​ពេទ្យ​ពន្យល់​ថា

ខេត្តបន្ទាយមានជ័យ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​រិះគន់​ចំ​ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ជុំវិញ​បញ្ហា​ពេទ្យ​ពន្យល់​ថា ត្រូវ​បង់​សេវា​មុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏​ដោយ​» ជា​ពិសេស​គោលការណ៍ ត្រូវ​រក​អ្នក​បរិច្ចាគ​ឈាម​ជំនួស​ជួយ​អ្នកជំងឺ ។ ការ​រិះគន់​នេះ ធ្វើ​ឡើង ក្រោយ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ជួប​ហេតុការណ៍​នេះ​ពិត​ៗ ។

អភិបាលខេត្ត​ជាប់​ព្រំដែន​ប្រ​ទស​ថៃ បាន​បង្ហោះ​រូបថត​រូប​ឯកឧត្តម​កំពុង​នៅ​លើ​គ្រែពេទ្យ​បូម​ឈាម អម​នឹង​សំ​ណេ​រ​រិះគន់​ចាក់​ចំ​បេះដូង​មហាជន​នា​ថ្ងៃ​ទី​៤ ខែកញ្ញា ម្សិលមិញ​នេះ ថា «​ថ្ងៃនេះ ម៉ោង​១០ និង​០៥​នាទី យប់ ខ្ញុំ​បាន​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​លោក អិន លី​អាន មាន​ឋានន្តរ​ស​ក្ត័​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូ​រី ហើយ​ដែល​លោក​ប្រធាន​មន្ទីរពេទ្យ​ប្រាប់​ថា ជា​គោលការណ៍​ត្រូវ​រក​អ្នក​អោយ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​មុន​ធ្វើការ​វះកាត់​ទោះ​អ្នកជំងឺ​ធ្ងន់​ក៏​ដោយ » ។

ឯកឧត្តម អ៊ុំ រាត្រី ក៏​បាន​ចោទ​ជា​សំណួរ​ឡើង​ថា «​តើ​ការ​គ្រប់គ្រង​របៀប​នេះ គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិត​ពី​ក្រមសីលធម៌ និង​មិន​ចេះ​ចាត់ចែង​ការងារ ហើយ​មិនមែន​លើក​ទី​មួយ​ទេ គឺ​ច្រើន​លើក​ហើយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​លើ​ការ​ផ្តល់​សេវា​របស់​មន្ទីរពេទ្យ​ដែល​លោក​ច​ន្ទ័ វុ​ឌ្ឍី​ណា​វុ​ធ ជា​ប្រធាន ?​» ។

ការ​រិះគន់​របស់​អភិបាលខេត្ត​ទទួល​បាន​នូវ​មតិ​ជា​ច្រើន​ពី​មហាជន​ថា តើ​គួរតែ​ចាត់វិធានការ​តាម​ច្បាប់រដ្ឋបាល និង​ពិនិត្យ​មើល​ក្រមសីលធម៌​គ្រូពេទ្យ? ព្រោះ​ដូច​ករណី​នេះ គឺ​ប៉ះ​លោក​អភិបាលខេត្ត ។ ចុះ​គ្នា​រាស្ត្រ​សាមញ្ញ​គាត់​រង​ទុក្ខ និង​នឹក​ភ្នែក​រាប់​មិន​អស់​នូវ​ទ​ង្វើ​អ​សីលធម៌​របស់​លោកគ្រូ​ពេទ្យ​មួយ​ចំនូ​ន​តូច លោក​អភិបាលខេត្ត​គួរតែ​កោះ​អញ្ជើញ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល និង​ប្រធាន​មន្ទីរ​បង្អែក​ទាំងអស់​ឲ្យ​គាត់​បើកភ្នែក​ធំ​មើល​ឡើង​វិញ​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ ក្រែង​ឥឡូវនេះ​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​សម្តេច​តេ​ជោ បាន​ប្រគល់​អំណាច​ឱ្យ​គណៈ​អភិបាល​នៃ​អភិបាល​គ្រប់គ្រង​ដោយ​ផ្ទាល់​ហើយ តើ​គួរតែ​ប្រើ​អំណាច​ហ្នឹង​ទៅ? កុំ​ទុក​បណ្តែតបណ្តោយ​យូរ​ពេក​ទេ ទាន​ម្ចាស់ ។

ជាមួយ​គ្នា​នោះ​ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​ទស្សនៈ​ពី​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​ថា គ្រួសារ​របស់​គាត់ ក៏​ធ្លាប់​បាន​ជួប​រឿង​នេះ​ដែរ ទាំង​ដែល​អ្នកជំងឺ​មិន​ត្រូវ​បាន​បញ្ចូល​ឈាម​ក៏​ដោយ ក៏​ខាង​មន្ទីរពេទ្យ​គេ​តំរូវ​អោយ​ដាច់ខាត​ត្រូវ​តែ​បូម​ឈាម​​អោយ​គេ​អោយ​បាន ។ បញ្ហា​ការ​ទាមទារ​ឱ្យ​មាន​សាច់ញាតិ​របស់​អ្នកជំងឺ​ដែល​ត្រូវការ​បញ្ចូល​ឈាម គឺ​កើត​មាន​សឹង​គ្រប់​ទីកន្លែង មិន​ថា​តែ​នៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​នោះ​ទេ បង្ក​នូវ​ការ​រិះគន់​ជា​ច្រើន​ផង​ដែរ ។

នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន សាច់ញាតិ​អ្នកជំងឺ​ដែល​ត្រូវការ​បញ្ចូល​ឈាម តែងតែ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម ឬ​ទាក់ទង​សាច់ញាតិ មិត្តភក្តិ​ជួយ​បរិ​ចា្ច​គ​ឈាម​ជួយ​សង្គ្រោះ​ជីវិត ។

យ៉ាងណាមិញ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ យើង​ចាំ​មើល​ថា តើ​លោក​ឡេ​ង ចាន់​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ មាន​ចំណាត់ការ​យ៉ាងណា​ដែរ​ទៅ​លើ​លោក​លោក​ច​ន្ទ័ វុ​ឌ្ឍី​ណា​វុ​ធ ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​នេះ​យ៉ាងណា​ដែរ? ខណៈ​អ្នក​យក​ព័ត៌មាន​មិន​ទាន់​អាច​ទាក់ទង​ទៅ​លោក​បាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ ខែសីហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ