ក្រុមជម្រើសជាតិកង់៣រូប នឹងវិលត្រឡប់មកវិញនាដើមខែនេះហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត ករណី ដែលបានចេញដំណើរទៅប្រទេសបារាំងបោះជំរុំហាត់ហ្វឹកហ្វឹនអស់រយៈពេល៣ខែ នឹងត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី៦ ខែកញ្ញា នេះហើយ ។ នេះបើតាមការឲ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា។
អគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះការហ្វឹកហាត់នារយៈពេលកន្លងមក បានធ្វើឲ្យកីឡាករម្នាក់ៗមានការអភិវឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ប៉ុន្ដែតាមផែនការក្រោយត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏នឹងសិក្សាក្នុងការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នាអំឡុងដំណាច់ឆ្នាំ២០២១ ដើម្បីសម្រួចសមត្ថភាពបន្ថែម សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលត្រូវបានពន្យារពេលទៅប្រកួតនាឆ្នាំ២០២២។
លោកថា «ក្រោយពីការហ្វឹកហាត់នៅបារាំងអស់រយៈពេល៣ខែកន្លងមកនេះ យើងបានសង្កេតឃើញពីការវិវឌ្ឍនូវការកើនឡើងសមត្ថភាពរបស់ពួកគាត់ ធៀបនឹងការហ្វឹកហាត់ក្នុងស្រុក ពិសេសការប្រកួតដកស្រង់បច្ចេកទេសនៅតំបន់អឺរ៉ុបនោះ យើងឃើញថា ពួកគាត់បានបំបែកនូវលទ្ធផលថិរវេលានៃការប្រកួតរបស់គាត់ផងដែរ។ ជាការវាយតម្លៃក្នុងនាមខ្ញុំជាអគ្គលេខាធិការសហព័ន្ធ ខ្ញុំបានមើលឃើញពីការហ្វឹកហាត់នេះ គឺមានការរីកចម្រើនទាំងសមត្ថភាព និងការដកបទពិសោធន៍របស់កីឡាករជម្រើសជាតិរបស់យើង» ។
«តាមការគ្រោងទុករបស់យើង សហព័ន្ធនឹងបញ្ជូនពួកគាត់ទៅហ្វឹកហាត់រយៈពេល ៣ខែបន្តទៀត នៅបារាំង អំឡុងដំណាច់ឆ្នាំនេះ ឬអាចដើមឆ្នាំក្រោយ ប្រសិនបើយើងរៀបចំបានស្រួល ក្នុងករណីសមាគមកីឡាទោចក្រយានកម្ពុជា នៅប្រទេសបារាំង គាត់មានលទ្ធភាពក្នុងការទទួលយកទៅម្ដងទៀត ដើម្បីឲ្យក្រុមកីឡាករយើងត្រៀមលក្ខណៈហ្វឹកហាត់បានកាន់តែល្អប្រសើរ ឈានទៅរកការត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២១ ដែលគ្រោងធ្វើនាខែមេសា ឆ្នាំ២០២២ នៅប្រទេសវៀតណាម»។
លោកបន្ដថា ចំពោះផែនការទៅហាត់នៅបារាំងលើកទី២ នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះក្រោយត្រឡប់មកដល់មាតុភូមិ ទាំងគ្រូបង្វឹក និងកីឡាករ ត្រូវធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាល។ បន្ទាប់មក សហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជុំរុំហ្វឹកហាត់នៅខេត្តសៀមរាប ជាមួយក្រុមជម្រើសជាតិកង់ភ្នំ។ ទោះជាយ៉ាងណា សហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ។
សម្រាប់ក្រុមកីឡាករជម្រើសជាតិទោចក្រយានទាំង៣រូប ដែលត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់រយៈពេល៣ខែនៅបារាំង រួមមានកីឡាករ គឹម ចាន់ធូ, កីឡាករសាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានចេញដំណើរកាលពីថ្ងៃទី១២ ខែមិថុនា ដោយទទួលបានការគាំទ្រពីពេញទំហឹងពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធ ក្រោមការសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ