ខេត្តត្បូងឃ្មុំ ៖ យុវជនជានិស្សិតម្នាក់បានស្លា.ប់ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់ក្នុងពេលដើរចេញទៅច្រូតស្មៅទុកឲ្យក្របីស៊ីដែលហេតុការណ៍កើតឡើងមេឃខ្មៅងងឹតនិងមានភ្លៀងធ្លាក់ផង ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី០៣កញ្ញា ឆ្នាំ២០២១ ។ ជនរងគ្រោះឈ្មោះ វ៉ា តុលា ភេទប្រុស អាយុ២២ឆ្នាំ ។
នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងពិនិត្យសពជនរងគ្រោះមានស្លាកស្នាមរោលជាំ និងខ្លោចនៅលើដងខ្លួនចំនួន ០៣កន្លែង៖(ស្មាស្តាំផ្នែកខាងមុខ០១កន្លែងទំហំ ២ស.មx៨ស.ម,លើស្មាឆ្វេងផ្នែកខាងមុខ០១កន្លែងទំហំ ២ស.មx៥ស.ម និង នៅលើទ្រូងខាងស្តាំផ្នែកខាងមុខ០១កន្លែងទំហំ១ស.មx១០ស.ម) និងបានធ្វើការសន្និដ្ឋានជារួមសពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សពប្រគល់ជូនគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
នគរបាលមូលដ្ឋានបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ ។ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ ហើយជាក់ស្តែង យុវជនដែលត្រូវរន្ទះបាញ់ស្លា.ប់នេះគឺជានិស្សិតរៀនឆ្នាំទី២ផងដែរ ពិតជាគួរឱ្យសោកស្តាយបំផុត ៕
ចែករំលែកព័តមាននេះ