រាជធានីភ្នំពេញ ៖ ចុងក្រោយ សមត្ថកិច្ចមិនបានធ្វើការចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ ព្រោះម្ចាស់សិប្បកម្មផលិតស្រាកែច្នៃយីហោ«មាសហុង» ទើបតែស្លា.ប់និងធ្វើបុណ្យ៧ថ្ងៃរួច ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប .ប ។ សូមរំលឹកថា៖ រកឃើញកន្លែងផលិតស្រាថ្នាំ «ទំពាំងបាយជូ» ដែលធ្វើអោយនារីវ័យក្មេង ៣នាក់ ពុលស្លា.ប់
ក្រោយពីមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើង ដោយនារីវ័យក្មេងចំនួន៣នាក់បានស្លា.ប់បាត់បង់ជីវិត ដោយសារតែនាំគ្នាទិញស្រាថ្នាំដែលមានឈ្មោះថា «ស្រាទំពាំងបាយជូ» យកមកផឹក ហើយពុលនោះ។ កម្លាំងមានសម្ថកិច្ចមិនបានធ្វើការចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ទេ ដោយសារតែម្ចាស់សិប្បកម្មផលិតស្រាកែច្នៃយីហោ«មាស ហុង»ដែលមានទីតាំងផ្ទះលេខ៧៥B ផ្លូវលេខ ៣៥០ ភូមិ ២ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទើបតែបានស្លា.ប់និងធ្វើបុណ្យ៧ថ្ងៃរួចប៉ុណ្ណោះ ហើយក៏នៅមិនទាន់មានអ្នកណាម្នាក់ទទួលខុសត្រូវបន្តឡើយ ហើយទីតាំងនោះ ក៏ត្រូវបានបិទផងដែរ ។
សូមបញ្ជាក់ទៀតថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន៣នាក់ បាត់បង់ជីវិត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។ ប្រភពដដែលបានប្រាប់បន្តថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញ និងយកគំរូស្រា ដែលជនរងគ្រោះ បានបរិភោគសល់ យកមកវិភាគ នៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។
លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឱ្យឃើញថា ក្នុងចំណោមគំរូស្រាចំនួន ៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន ៣គំរូ មានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី ១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ។ បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។ ជាមួយគ្នានេះ មន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាស សញ្ញា «មាស ហុង» ចំនួន ៤៨យួរ (មួយយួរ ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។
មន្ត្រីជំនាញ នឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីទាំងចែកចាយនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។ មន្ត្រីជំនាញ សូមអំពាវនាវដល់អាជីវករទាំងអស់ សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយគេប្រទះឃើញនារីវ័យក្មេងចំនួន ២នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅជាន់ទី៣ ផ្ទះលេខ២៧ ផ្លួវសុធារស មុខផ្សារទំនើប អ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនារីម្នាក់ទៀតបានស្លា.ប់ នៅស្រុកកំណើតឯខេត្តកណ្តាល។
ក្រោយពីពួកគេបាននាំគ្នាទិញស្រាថ្នាំ ដែលមានឈ្មោះទំពាំងបាយជូ នេះចំនួន១២ដប យកមកផឹកអស់១១ដប នៅសល់១ដប និងពុលស្លា.ប់បាត់បង់ជីវិតយ៉ាងនេះ៕
ចែករំលែកព័តមាននេះ