ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែរឿងចរាចរណ៍តិចតួច បង្កជាទំនាស់​ឈាន​ដល់ហិ.ង្សា ស្ទះផ្លូវជាតិលេខ ៥ សមត្ថកិច្ច​ចាប់បញ្ជូនទៅតុលាការ ទាំង ២នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អ្នកបើករថយន្តដឹកកម្មករ ពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិ​យាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៣ ​ខែកញ្ញា ឆ្នាំ២០២១ ពីបទប្រើហិង្សា…

ខេត្តកំពង់ឆ្នាំង៖ អ្នកបើករថយន្តដឹកកម្មករ ពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិ​យាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៣ ​ខែកញ្ញា ឆ្នាំ២០២១ ពីបទប្រើហិង្សា ដោយចេតនា បង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង​បង្កអនាធិបតេយ្យ ស្ទះចរាចរណ៍លើផ្លូវជាតិលេខ៥​។

លោក ពេជ្រ សុឃឿ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ ដែលបានបង្កហិង្សាលើផ្លូវជាតិ បង្កឲ្យស្ទះចរាចរណ៍ ទាំង ២នាក់នោះ គឺម្នាក់ ឈ្មោះ ជុ វី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច និងម្នាក់ទៀត ឈ្មោះ យុំ វណ្ណៈ អាយុ ២៧​ឆ្នាំ មានទីលំនៅ ក្នុង​ភូមិកាកាប ឃុំខ្លុងពពក ស្រុកទឹកផុស។ ពួកគេ ទាំង ២ នាក់ ជាអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ។

ប្រភពដដែល បានបន្តថា នៅពេលកើតហេតុ គឺវេលាម៉ោង ៦ និង ១០​នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ជុ វី បានបើករថយន្តដឹកកម្មករ ទៅធ្វើការដូចរាល់ដង លុះមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រលេខ ៤៨ និងលេខ ៤៩ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងទៀត បើកបរដោយឈ្មោះ យុំ វណ្ណៈ បើកមកស្របទិស ហើយបានរេចង្កូតមកស្ដាំដៃ ប៉ះនឹងរថយន្ត ឈ្មោះ ជុ វី បង្កឲ្យដាច់កញ្ចក់ មើលក្រោយមួយចំហៀ របស់ឈ្មោះ យុំ វណ្ណៈ ដែលជាអ្នកបង្ក។

ក្នុងពេលនោះ ឈ្មោះ ជុ វី មិនបានឈប់ទេ គឺនៅតែបើកបន្តទៅមុខ ធ្វើឲ្យឈ្មោះ យុំ វណ្ណៈ កើតក្តីខឹងសម្បារ ហើយឈប់​រថយន្ដ ស្ទុះចុះទៅឃាត់​រថយន្ត​ឈ្មោះ ជុ វី ឱ្យឈប់ និងជជែក​គ្នា បង្កជាទំនាស់ រកត្រូវរៀងៗខ្លួន​។

​វីដេអូឃ្លីប ដែលបង្ហាញដោយមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល គេឃើញឈ្មោះ យុំ វណ្ណៈ ទាមទារឲ្យឈ្មោះ ជុ វី សងកញ្ចក់រថយន្តរបស់ខ្លួន ដើម្បីបញ្ចប់រឿង។ ប៉ុន្តែឈ្មោះ ជុ វី មិនព្រមសងទើបឈ្មោះ យុំ វណ្ណៈច្រឡោតខឹង បានចាប់កាច់​កញ្ចក់​មើលក្រោយរថយន្តរបស់ឈ្មោះ ជុំ វី បាក់ទៅក្រោម ហើយក៏បង្កជាទំនាស់ វាយតប់គ្នា បង្កឲ្យ​កកស្ទះ​ចរាចរណ៍​ពេញផ្លូវ។

នៅពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឃាត់អ្នកបើកបររថយន្តទាំងពីរនាក់ រួចបានបញ្ជូនមកកាន់ស្នងការ​ដ្ឋាននគរបាលខេត្ត។ នគរបាលខេត្ត ក៏បានបន្តបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅតុលាការ ដោយចោទប្រកាន់​ពីបទ​បង្កហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និងបង្កការកកស្ទះលើផ្លូវជាតិ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ