ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថបទវិភាគ៖ មេរោគ Delta អាចសម្លា.ប់ជីវិត និងសេដ្ឋកិច្ចកម្ពុជា ដូចនៅវៀតណាមនិងថៃ ឬទេ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មេរោគ Delta បានក្លាយជាការព្រួយបារម្ភរបស់ពិភពលោក ដោយសារតែឆ្លងខ្លាំង និង​សាហាវ ដោយធ្វើអោយមនុស្សឈឺចូលពេទ្យ និងស្លាប់។ ដោយក្រលែកមើលប្រទេសវៀតណាម និងថៃ…

ភ្នំពេញ៖ មេរោគ Delta បានក្លាយជាការព្រួយបារម្ភរបស់ពិភពលោក ដោយសារតែឆ្លងខ្លាំង និង​សាហាវ ដោយធ្វើអោយមនុស្សឈឺចូលពេទ្យ និងស្លាប់។

ដោយក្រលែកមើលប្រទេសវៀតណាម និងថៃ ដែលមានព្រំដែន​ជាប់​ប្រទេសកម្ពុជា អ្នកជំនាញ​សុខាភិបាល មានការព្រួយបារម្ភថា មេរោគដែលតា អាចនឹងធ្វើអោយថប់ដង្ហើមជីវិតមនុស្ស និងសេដ្ឋកិច្ច ដូចដែលមហន្តរាយមេរោគនេះ បានសាបព្រោះ នៅក្នុងប្រទេសជិតខាង និងពិភពលោក។

ខណៈ​ដែលការឆ្លងកូវីដ១៩ ពិ​សេសមេរោគ​ដែលតា នៅប្រទេសថៃ រាងធ្លាក់បន្តិចពីប្រមាណ ២ម៉ឺននាក់ ក្នុងមួយ​ថ្ងៃ មកនៅជាង ១ម៉ឺននាក់ ក្នុងមួយថ្ងៃនោះ ការឆ្លងកូវីដ១៩ នៅប្រទេសវៀត​ណាម ហាក់ដូច​ជាកាន់​តែធ្ងន់ ដោយឆ្លងពីខ្ទង់ពាន់នាក់ដល់ម៉ឺននាក់ ក្នុងមួយថ្ងៃ។

សារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃ បានរាយការណ៍ នៅថ្ងៃសុក្រថា ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួនជិត ១៥០០០នាក់ និងអ្នកស្លាប់ចំនួន ២៧១នាក់ ក្នុងរយ:ពេល ២៤ម៉ោងចុងក្រោយ។ ចាប់តាំងពី​ការរាតត្បាតកូវីដ១៩ នៅកាលពីដើមឆ្នាំមុនមក ប្រទេសថៃ បានមានចំនួនអ្នកឆ្លងកូវីដ១៩ ចំនួន​រហូតដល់​ជិត ១ ២៥០ ០០០ នាក់  និងអ្នកស្លាប់ ១២៣៧៤នាក់។

ការវាយលុកខ្លាំង ដោយ​សារកា​ររាតត្បាតកូវីដ១៩ នៅរលកទីបីក្នុ​ងប្រទេសថៃ បានធ្វើអោយ​រដ្ឋាភិបាល​ថៃ ទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមតែ ០.៧ ទៅ ១.២ ភាគរយប៉ុណ្ណោះ ដោយ​ចុះពីចំនួន ១,៥ ភាគរយ ទៅ ២,៥ភាគរយក្នុងឆ្នាំ២០២១។

ដូច្នេះ​ការរាត្បាតកូវីដ១៩ នៅប្រទេសថៃ មិនគ្រាន់តែធ្វើអោយមនុស្សស្លាប់ច្រើនទេ  វាថែម​ទាំង​វាយ​ប្រហារធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណែកនៅប្រទេសវៀតណាមវិញ កូវីដ១៩ ក៏សាហាវខ្លាំងណាស់ដែរ ដោយសម្លាប់ មនុស្សជា​ច្រើន និងធ្វើអោយជាប់គាំងសកម្មភាពសេដ្ឋកិច្ចជាច្រើននៃប្រទេសនេះ។

ខណៈដែលមេរោគដែលតា បន្តឆ្លងមនុស្ស និងសម្លាប់មនុស្សជាច្រើន នៅវៀតណាម​នោះ នាយករដ្ឋ​មន្ត្រីវៀតណាម លោក ផាម មីង ជីង ( Pham Ming Ching) បានព្រមានថា ប្រទេស​កុម្មុយនិស្ត អាចនឹងប្រឈមមុខសមរភូមិវែងឆ្ងាយទៀតប្រឆាំងនឹងកូវីដ១៩។ នេះបើតាម​សេចក្តីរាយការណ៍​ព័ត៌មានរបស់ Channel News Asia។

លោកនាយករដ្ឋមន្ត្រី និយាយថា “​យើងមិនអាចពឹងផ្អែកលើវិធានការបិទខ្ទប់ និងចត្តាឡីស័ក រហូតនោះទេ ពីព្រោះវានឹងធ្វើអោយលំបាកដល់ប្រជាជន និងសេដ្ឋសកិច្ច”។

ប្រទេសវៀតណាម មានករណីកូវីដ១៩ ចំនួនរហូតដល់ ៤៨០ ០០០ នាក់ និងចំនួនអ្នកស្លាប់ ១២០០០នាក់ នៅពេលបច្ចុប្បន្ន ខណៈដែលប្រទេសនេះ មានករណីកូវីដ១៩ តែចំនួន​ពីរបី​ពាន់នាក់ប៉ុណ្ណោះ កាលពីត្រឹមចុងខែមេសា។ ទីក្រុងហូជីមីញ ដែលនៅជាប់កម្ពុជា គឺរងការវាយ​ប្រហារធ្ងន់ធ្ងរជាងគេ។

ដូច្នេះ តើភាពធ្ងន់ធ្ងរនៃកូវីដ១៩ នៅប្រទេសថៃ និងវៀតណាម អាច​នឹងរាលដាលមកដល់​ប្រទេស​កម្ពុជាដែរ ឬទេ?

កម្ពុជាយើងមិនអាចមិនភ័យបានទេ នៅពេលដែលមើលឃើញមហន្តរាយកូវីដ១៩ កើតមាននៅក្នុង​ប្រទេសថៃ និងវៀតណាម ដែលមានព្រំដែនជាប់ខ្លួននោះ។ ដំបូងឡើយ ទាំងវៀតណាម និងថៃ គឺមិន​សូវរកទុក្ខខ្លាំងដោយសារកូវីដ១៩ នោះទេ។ វៀតណាមវិញ ធ្លាប់ត្រូវចាត់ទុកជាប្រទេស​ដ៏ជោគជ័យ​ខ្លាំង ក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ១៩នេះ។ ប៉ុន្តែពេលនេះ វៀតណាម កំពុងតែ​ឈឺក្បាល​ខ្លាំងនឹងមេរោគនេះ ហើយប្រឈមនឹងអនាគតមួយ ដែលមិន​ប្រាកដប្រជា។

ដូច្នេះកម្ពុជា ក៏មិនត្រូវភ្លេចខ្លួនដែរ ហើយត្រូវប្រយ័ត្នគ្រប់ពេលទាំងអស់ បើសិនជាយើងមិន​ចង់​ឃើញ​មហន្តរាយជីវិតមនុស្ស និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូចនៅប្រទេសថៃ និងវៀតណាម។

គិតត្រឹមថ្ងៃទី៣ ខែកញ្ញា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួនជាង ៩៤០០០នាក់ និងស្លាប់ជិត ២០០០នាក់ ដោយតិចជាងតួលេខ នៅប្រទេស​ថៃ និងវៀតណាមឆ្ងាយណាស់។ តួលេខនេះ អាចបញ្ជាក់​ថា កម្ពុជា មានចំណាត់ការ បានល្អ និងមានសំណាងជាងប្រទេសជិតខាង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ មនុស្សសឹងគ្រប់គ្នា នៅកម្ពុជា រងផលប៉ះពាល់ ដោយសារមេរោគនេះ ដោយខ្លះប៉ះពាល់​សុខភាពផ្ទាល់ ឬប្រយោល​ពីការឆ្លងមេរោគនេះ ខ្លះស្លាប់ដោយសារមេរោគនេះ  ខ្លះបាត់បង់ការងារ ខ្លះរកស៊ីខាត និង​បិទក្រុមហ៊ុនជាដើម។ ដូច្នេះយើងបួងសួងអោយកូវីដ១៩ ឆាប់​ចប់ ឬក៏ស្រាលទៅៗ នៅកម្ពុជា។

ដោយពិចារណាទៅលើចំណាត់ការ ដែលកម្ពុជា បានធ្វើ និងអ្វីដែលកើតមាននៅក្នុងប្រទេសជិតខាងនោះ កម្ពុជាទំនងជានឹងមិនអាចធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរនៃកូវីដ១៩ ដូចនៅថៃ និងវៀតណាមទេ។ វៀតណាម និង​ថៃ ប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ ដូចបច្ចុប្បន្ននេះ គឺដោយសារតែ​ប្រទេសទាំងពីរយឺតយ៉ាវ នៅក្នុងការ​រកវ៉ាក់សាំង ចាក់ជូនដល់ប្រជាជន​របស់ខ្លួន។

រហូតមកដល់ពេលនះ ប្រជាជនថៃតែចំនួន ៣០ភាគរយ បានចាក់វ៉ាក់សាំង បានមួយដង និង​ប្រមាណ ១១ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស​។ ចំណែក​ប្រទេសវៀតណាម​វិញ មានប្រជាជនតែប្រមាណ ២,៩ ភាគរយ​ប៉ុណ្ណោះនៃ ប្រជាជន សរុប៩៨លាននាក់ ដែលបានចាក់វ៉ាក់សាំងពេញលេង។

ស្ថានភាពធ្ងន់ធ្ងរនៃប្រទេសទាំងពីរ ត្រូវបានគេបន្ទោសថា បណ្តាលមកពីការចាក់វ៉ាក់សាំង បានតិច។ ចំណែកប្រទេសកម្ពុជា មានសំណាងហើយចំនួនប្រជាជនចាក់វ៉ាក់សាំង គឺខ្ពស់ជាងប្រទេសទាំងពីរយ៉ាងឆ្ងាយ ដោយមានចំនួនជាង ៦៨ភាគរយនៃប្រជាជន​សរុប ១៦លាននាក់ បានចាក់វ៉ាក់សាំង។

វ៉ាក់សាំងគួបផ្សំនឹងវិធានការសុខាភិបាលជាច្រើនទៀត បានធ្វើអោយប្រទេសកម្ពុជាមិនមានស្ថានភាពធ្ងន់ធ្ងរនៃកូវីដ១៩ ដូចនៅប្រទេសថៃ និងវៀតណាម​នៅពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយចុះ ប្រទេស​កម្ពុជានៅតែមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មី​ជាច្រើន រយនាក់ជារៀងរាល់ថ្ងៃ និងស្លាប់​ជាង ១០នាក់ ជារៀងរាល់ថ្ងៃនៅឡើយ។ ដូច្នេះ កម្ពុជាមិនត្រូវភេ្លចខ្លួនឡើយ នៅក្នុងការប្រយុទ្ធ​នឹង​មេរោគកូវីដ១៩ ដែលទាម​ទារ​​ទាំង​រដ្ឋាភិបាល​ ទាំង​គ្រូពេទ្យ និង​ប្រជាជន​ទាំង​អស់ ចូ​លរួម​យ៉ាងសកម្មបំផុត ដើម្បីយក​ឈ្នះ​កូវីដ​១៩។

នយោបាយ​វ៉ាក់​សាំង ការអនុវត្តច្បាប់ និងវិធានការសុខាភិបាលប្រកបដោយប្រសិទ្ធភាព និង​ការចូល​រួមពេញ​ទំហឹងរបស់ប្រជាជនកម្ពុជា ដែលត្រូវតែចាក់វ៉ាក់សាំង ពាក់ម៉ាស រក្សាគម្លាត និង​ការឧស្សាហ៍ លាងដៃនឹងអាកុល ឬសាប៊ូ  នឹងជួយអោយកម្ពុជា​យកឈ្នះកូវីដ១៩ ទាំងលើផ្នែកសុខភាព សង្គម និង​សេដ្ឋកិច្ច។

បើសិនជាកម្ពុជា អាចធ្វើដូច្នេះបាននោះ វានឹងមានន័យថា កម្ពុជានឹងមិនប្រឈមនឹង ស្ថានភាព​ប្រកបដោយមហន្តរាយ ដូចនៅប្រទេសថៃ និងវៀតណាមឡើយ។

ដោយពិចារណាទៅលើការដឹកនាំនយោបាយវ៉ាក់សាំង ដែលផ្តួចផ្តើមឡើង ដោយសម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ការអនុវត្តច្បាប់ និងវិធានការសុខាភិបាលយ៉ា​ងម៉ឺងម៉ាត់ បូកផ្សំនឹង​ការចូលរួមយ៉ាងពេញលេញរបស់ប្រជាជន ក្នុងការប្រឆាំងកូវីដ១៩ កម្ពុជានឹងឆាប់ក្រោកចេញពីវិបត្តិកូវីដ​១៩ លឿនជាងប្រទេសជិតខាងរបស់ខ្លួន។

វាទំនងណាស់ថា ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំថ្មីមួយ ដែលកម្ពុជា នឹងចាប់ផ្តើមងើបរើឡើង​វិញ​ពីវិបត្តិ​កូវីដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ