ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្លាស់ប្តូរទម្លាប់ធ្វើការបែបធម្មតាទៅឌីជីថល ជាចំណុចស្លា.ប់រស់មិនថា រដ្ឋ និងឯកជនក្នុងសម័យនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ការផ្លាស់ប្តូរបែបបទធ្វើការងារពីទម្លាប់ធម្មតាទៅជាការធ្វើការតាមបច្ចេកវិទ្យា ឌីជីថល…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ការផ្លាស់ប្តូរបែបបទធ្វើការងារពីទម្លាប់ធម្មតាទៅជាការធ្វើការតាមបច្ចេកវិទ្យា ឌីជីថល គឺធ្វើបរិវត្តកម្ម ឌីជីថល នៅក្នុងបរិបទកូវីដ ១៩ នេះ ជាដំណើរស្តារសេដ្ឋកិច្ចឡើងវិញ។ បរិវត្តកម្មឌីជីថល ដែលមិនមែនធ្វើតែក្នុងរយៈពេលខ្លី តែមួយពេលនោះទេ តែជាដំណើរដែលត្រូវធ្វើជាប្រចំា និងវែងឆ្ងាយទៅមុខចាប់ពីពេលនេះ ។

នៅក្នុងឱកាសប្រកាសដាក់ឲ្យដំណើរការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលឌីជីថលបច្ចេកវិទ្យាជំហ៊ានទី ២ ឯកឧត្តមរដ្ឋមន្រ្តី អះអាងថា រដ្ឋាភិបាលបានកំពុងធ្វើបរិវត្តកម្មឌីជីថល ដូច្នេះទាមទារឲ្យវិស័យឯកជនដែលជាដៃគូដ៏សំខាន់ផ្លាស់ប្តូរបែបបទធ្វើការនេះដែរ ។

តាមឯកឧត្តមរដ្ឋមន្រ្តីការផ្លាស់ប្តូរឥរិយាបទធ្វើមកប្រើបច្ចេកវិទ្យាឌីថលក្នុងប្រតិបត្តិការអាជីវកម្ម និងសម្រាប់ពង្រីកទីផ្សាររបស់ខ្លួន ដូចជាការលក់តាមអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ។

ជំងឺកូវីដ ១៩ បានផ្លាស់ប្តូរការរស់នៅការធ្វើពាណិជ្ជកម្មរបស់មនុស្សជាទូទៅ ។ អ្វីដែលមានការផ្លាស់ប្តូរដែលមើលឃើញនៅពេលផ្ទុះកូវីដ ១៩ ភ្លាមៗនេះ មានការសិក្សាពីការរៀនសូត្រផ្ទាល់នៅក្នុងថ្នាក់ ទៅជាការសិក្សាតាមអនឡាញ ។ ជំនួញដែលសហគ្រិនធ្លាប់ជូបមុខគ្នា ប្តូរជាការរកស៊ីតាមអនឡាញ ទីផ្សារលក់ដូរនៅតាមផ្សារ ប្តូរទៅជាការលក់តាមអនឡាញ ការទូទាត់ ផ្ទេរប្រាក់ដោយផ្ទាល់ទៅជាប្រតិបត្តិការតាមអនឡាញ E-Banking ជាដើម ។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់អនុសាសន៍មួយចំនួននៅការចាប់ផ្តើមគិតគូរធ្វើបរិវត្តកម្មឌីជីថល នេះនៅក្នុងនោះមាន គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើក ឬមួយពេលនោះទេ ពោលគឺជាដំណើរការដែលត្រូវធ្វើជាប្រចាំ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពសម្របខ្លួន (Adaptability) និងសមត្ថភាពផ្លាស់ប្តូររហ័ស (Agility) ដើម្បីរកដំណោះស្រាយថ្មីៗធ្វើឱ្យបរិវត្តកម្មឌីជីថលកាន់តែមានប្រសិទ្ធភាព និងមានសន្ទុះលឿន ។

កំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការវាយតម្លៃឡើងវិញនូវសមត្ថភាព និងធនធានរបស់ខ្លួន ។ កំណត់អាទិភាពនៃការធ្វើឌីជីថលូនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការ ផ្នែកទីផ្សារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី (Co-creation) រវាងរដ្ឋ និងឯកជន ឬឯកជន និងឯកជន ព្រមទាំងពិនិត្យ និងស្វែងរកកម្មវិធីគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលកំពុងតែត្រូវបានដាក់ចេញជាដើម ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា  អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឱ្យមានប្រតិបត្តិការតាមអនឡាញនេះ គឺស្របតាមគោលនយោបាយសេដ្ឋកិច្ចឌីជីថលដែលរាជរដ្ឋាភិបាលធ្វើ ហើយវាបានរួមចំណែកបានច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយសារយើងមិនទាន់មានភាពប្រាកដច្បាស់ពីជំងឺកូវីដ ១៩ ។

លោកបណ្ឌិតសង្កត់ធ្ងន់ដូច្នេះថា «ការប្តូររបទការងារថ្មី គឺជាឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ជាជាងទុកឱ្យសេដ្ឋកិច្ចជាតិខ្ទេចខ្ទំាដោយសារតែវិបត្តិជំងឺកូវីដ ១៩ នេះ ។ ខ្ញុំជឿថា វិស័យឯកជនរត់តាមទាន់បច្ចេកវិទ្យាណាស់ ព្រោះគេត្រូវការប្រាក់ចំណេញ ។ ដូចនេះការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រព័ន្ធអនឡាញ នឹងមិនត្រូវការពេលវេលាយូរទេ » ។

លោកបណ្ឌិតលើកឡើងថា សម្រាប់មន្ត្រីរបស់រាជរដ្ឋាភិបាលមានវ័យចាស់មួយចំនួន បើគាត់មិនបានអភិវឌ្ឍអាចនឹងមានបញ្ហា ។ «អ៊ីចឹងបើយើងក្រឡេកទៅមើលប្រព័ន្ធបច្ចេកវិទ្យានៅមានកម្រិត ហើយបញ្ហាប្រឈមមួយទៀត ក្រៅពីបុគ្គលិករាជការ គឺប្រព័ន្ធអ៊ីនធឺណេតនៅប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ