ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពិន័យ​មន្ត្រី​សាធារណការ​មួយ​ក្រុម​ឃុបឃិត​គ្នា​ចេញ​ប័ណ្ណបើកបរ​ដោយ​មិន​ចាំបាច់​ប្រឡង

1 ខែ មុន
  • ស្វាយរៀង

បែកធ្លាយ​រឿង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ ឃុបឃិត​គ្នា​ជាមួយ​សា​លា​បង្រៀន​​បើក​បរ ដោយ​ចេញ​​ប័ណ្ណ​​បើកបរ​ឲ្យ​គេ ដោយ​មិន​ចាំបាច់​ប្រឡង ហើយ​​រឿងនេះបាន​បែកធ្លាយ​​​ដល់​​លោក​​

ខេត្តស្វាយរៀង​ ៖​ បែកធ្លាយ​រឿង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ ឃុបឃិត​គ្នា​ជាមួយ​សា​លា​បង្រៀន​​បើក​បរ ដោយ​ចេញ​​ប័ណ្ណ​​បើកបរ​ឲ្យ​គេ ដោយ​មិន​ចាំបាច់​ប្រឡង ហើយ​​រឿងនេះបាន​បែកធ្លាយ​​​ដល់​​លោក​​អភិបាល​ខេត្តស្វាយរៀង បង្កើត​​គណៈ​ក្រុមប្រឹក្សាវិន័យ ដើម្បី​អនុវត្ត​ទណ្ឌកម្ម ខាង​វិន័យ​ចំពោះ​មន្ត្រីរាជការ ដែល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​​ក្នុង​វិជ្ជាជីវៈ​ និង​អ្នក​​ពាក់​​ព័ន្ធ​​លើ​ការ​រៀបចំ​នីតិវិធី​ប្រឡង​យក​​ប័ណ្ណ​​បើកបរ​យានយន្ត នៅ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​។​

ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាវិន័យ​ ក៏​បាន​រក​ឃើញ​មាន​កំហុសឆ្គង​ពិតមែន​ ទើប​លោក​​អភិបាលខេត្ត​ បាន​រាយការណ៍​ជូន​​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ជ្រាប​។

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​ដាក់​មន្ត្រី​មួយ​រូប​ឱ្យ​ចូល​និវត្តន៍​មុន​​​អាយុ ខណៈ​មន្ត្រី​៥​រូប​ទៀត ត្រូវ​បាន​ផ្លាស់​ប្តូរ​កន្លែងធ្វើការ ព្រមទាំង​ទម្លាក់​មួយ​ឋានៈ ​ដោយសារ​ពួក​គេ​កសាង​កំហុស​ចេញ​ប័ណ្ណ​បើកបរ​ឱ្យ​ពលរដ្ឋ ដោយ​មិន​មាន​សា​ម៉ី​ខ្លួន​មក​ប្រឡង​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង ដែល​អ្នក​សារព័ត៌​មាន​យើង​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ​ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

យោង​បាន​សេចក្តី​ខាងលើ​ លោក​ព្រំ ផូ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណបើកបរ ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​មុន​អាយុ​កំណត់​ដោយ​ប្រាក់​បៀរ​វត្ស និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ទៀត​របស់​សា​ម៉ី​ខ្លួន ត្រូវ​ផ្តាច់​ចេញពី​តារាង​ទូទាត់​បៀរ​វត្ស​ចាប់ពី​ថ្ងៃ​ទី​០១ ​ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

ជាមួយ​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​មន្ត្រី​របស់​ខ្លួន ក្រោយ​ប្រព្រឹត្ត​ខុស​ពី​តួនាទី​នេះ លោក គង់ វិមាន ជានា​យក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង បាន​បញ្ជាក់​បន្ថែម​ថា ករណី​នេះ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​អនុវត្ត​វិន័យ ដោយ​ផ្លាស់​ប្តូរ​ដោយ​បង្ខំ​ចំពោះ​មន្ត្រី​ទាំងនេះ ក្នុង​នោះ​មាន​ម្នាក់​គឺ​លោក​ព្រំ ផូ ឱ្យ​ចូល​និវត្តន៍​មុន​អាយុ និង​មន្ត្រី​៥​រូប​ទៀត បាន​ផ្លាស់​ប្តូរ​មុខ​តំណែង​ពី​កន្លែង​ចាស់​​ទៅ​កន្លែង​ថ្មី ជាមួយនឹង​ការ​ដកហូត​ឋានៈ​មួយ​ថ្នាក់​​ផងដែរ។

លោក​បាន​បន្ថែម​ថា «​ជា​ជំហរ​បស់​ក្រសួង ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល នៅ​តែ​បន្ត​អនុវត្តន៍​រហូត បើសិនជា​នៅ​តាម​បណ្តា​ខេត្ត ហ៊ាន​ប្រព្រឹត្ត​ដូច​ករណី​នៅ​ខេត្តស្វាយរៀង​នេះ នឹង​អាច​ឈាន​ដល់​ការ​ដាក់ទោស​ធ្ងន់ធ្ងរ ជាង​នេះ​ទៀត​ផង​ដែរ​»​។​

បើ​តាម​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ចេញ​ប័ណ្ណ​បើកបរ​យានយន្ត​ ដោយ​មិន​ចាំបាច់​ប្រឡង​នេះ​ដោយ​សារ​ខាង​សាលា​បើកបរ​យានយន្ត ឬ​សាខា សាលា​បើកបរ​យានយន្ត​មួយ​ចំនួន​ក្នុង​ខេត្តស្វាយរៀង​ គឺ​ជាកូន​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង ទើប​មាន​កំហុសឆ្គង​បែប​នេះ​។