ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ស្តីបន្ទោស​អ្នក​សាងសង់​ថា​ចាក់​លុបមុខ​ទឹក​បង្ក​ជន់​លិច​ផ្លូវជាតិ​៤​​​រាល់​ឆ្នាំ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​ស្តីបន្ទោស​ដល់​អ្នក​សាងសង់​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​ចាក់​លុបមុខ​ទឹក​ហូរ បង្ក​ឱ្យ​មានការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​៤ ជា​រៀង​រាល់​ឆ្នាំ​។ ការ​ស្តីបន្ទោស​នេះ

ខេត្តកំពង់ស្ពឺ ៖ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​ស្តីបន្ទោស​ដល់​អ្នក​សាងសង់​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​ចាក់​លុបមុខ​ទឹក​ហូរ បង្ក​ឱ្យ​មានការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​៤ ជា​រៀង​រាល់​ឆ្នាំ​។ ការ​ស្តីបន្ទោស​នេះ​ធ្វើ​ឡើង ខណៈ​ពេល​មាន​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​បង្ក​ការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៣ ទៅ​លេខ​៤៤ ស្ថិត​នៅ​ចំណុច​ភូមិ​រលាំង​សង្កែ ក្នុង​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ។

លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង​តាំងពី​ព្រលប់​ថ្ងៃ​ទី​៣០ ខែសីហា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា បាន​ធ្វើ​ឱ្យ​ប្រឡាយ បឹងបួរ​មួយ​ចំនួន​ពេញ​ប្រៀប​ទៅ​ដោយ​ទឹកភ្លៀង មិនតែប៉ុណ្ណោះ​ទឹកភ្លៀង​​នេះ​ដែរ ក៏​បាន​ហូរ​ចាក់​ទៅ​ទី​ទំនាប​មួយ​ចំនួន​ផង​ដែរ​។ ជាក់ស្តែង​ទឹក​ក៏​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​ខាងលើ​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ ហើយ​​ផល​ប៉ះពាល់​ទាំង​​នេះ​បាន​កើត​មាន​​ឡើង​ជា​រៀង​រាង​រាល់​ឆ្នាំ​ ឱ្យ​តែ​មាន​ភ្លៀង​​ធ្លាក់​ជោក​ជាំ​ម្តង​ៗ​។

លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​បញ្ជាក់​ថា កាល​ដើម​ឡើយ​ នៅ​ក្បែរ​ចំណុច​​លិចលង់​នេះ ​គឺ​សុទ្ធសឹងតែ​ជា​បឹង​ធំ​ និង​មាន​ប្រ​ព័ន្ធ​បង្ហូរទឹក​​ច្រើន​មិន​ដែល​បង្ក​ឱ្យ​មានទឹក​ហូរ​លើ​ផ្លូវ​ទេ តែ​ក្រោយ​មានការ​អភិវឌ្ឍន៍​ផ្នែក​រោងចក្រ​ សហគ្រាស​មក​ ឃើញ​ថា ​ចំណុច​នេះ​បាន​​លិចលង់​រាល់​ឆ្នាំ​។ ​ទាំងនេះ​ គឺ​បណ្តាល​មក​ពី​ការ​ចាក់​លុប​​ប្រព័ន្ធ​ប្រឡាយ​ដែល​ជា​ប្រភព​រំដោះ​ទឹក​ចេញពី​ទីប្រជុំជន​។

លោក ស៊ូ ស៊ុ​ន្ធ​រ៉ា ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ​ ក៏​បាន​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​កង្វល់​នេះ​ភ្លាម​ៗ ​ដើម្បី​រំដោះ​ទឹក​ចេញពី​ការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ​នេះ​។ ​ដោយ​ក្នុង​នោះ​មន្ទីរ​បាន​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​បង្ហូរទឹក​ចេញ​ពីលើ​ផ្លូវជាតិ​។

​តែ​ទោះជា​យ៉ាងនេះ​ លោក​ក៏​បាន​បង្ហាញ​ពី​កង្វល់​ និង​ផលវិបាក​មួយ​ចំនួន​ដែល​មន្ទីរ​បាន​ជួប​ប្រទះ​។ ​មន្ទីរ​អាច​កាយ​ប្រឡាយ​បង្ហូរទឹក​​អម​សងខាង​ផ្លូវជាតិ​បាន តែ​ចំពោះ​ប្រភព​ផ្លូវទឹក​ដែល​អាច​រំដោះ​ចេញ​នៅ​មាន​ភាព​ស្មុគស្មាញ​ និង​មាន​កម្រិត​ ដោយសារ​តែ​មុខ​ទឹក​មួយ​ចំនួន ​ត្រូវ​បាន​ចាក់​លុប ​និង​សាងសង់​អគារ​រោងចក្រ​អស់​ទៅ​ហើយ​។

ពាក់​​ព័ន្ធ​នឹង​ករណី​ខាងលើ​​នេះ ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ផង​ដែរ​ ជុំវិញ​ករណី​ដែល​បង្ក​ឱ្យ​មានការ​ខូច​ខាត​ផ្លូវជាតិ​នៅ​ចំណុច​​ខាងលើ​នា​ពេល​ខាង​មុខ​។ ​ពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ និង​អង្គភាព​ពាក់​ព័ន្ធ​​ជួយ​ពិនិត្យ​ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​នេះ​បន្ទាន់​ផង ​មុន​ផ្លូវ​រង​ការ​ខូចខាត ព្រោះ​បញ្ហា​នេះ ​មិនមែន​ទើប​កើត​មាន​នោះ​ទេ គឺ​អូស​បន្លា​យមក​​ជា​ច្រើន​ឆ្នាំ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ