ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ មកដល់ពេលនេះ មន្ត្រី​ជំនាញ​របស់​ក្រសួងពាណិជ្ជកម្ម នៅតែ​រកឃើញ​អ្នករកស៊ី​មិន​សុចរិត តាមរយៈ​ស្ថានីយប្រេងឥន្ធនៈ​ជាច្រើន នៅ​ខេត្តតាកែវ ភ្នំពេញ បន្ទាយមានជ័យ និង​នៅ​ខេត្ត​ព្រះសីហនុ ជាដើម​។…

​ភ្នំពេញ​៖ មកដល់ពេលនេះ មន្ត្រី​ជំនាញ​របស់​ក្រសួងពាណិជ្ជកម្ម នៅតែ​រកឃើញ​អ្នករកស៊ី​មិន​សុចរិត តាមរយៈ​ស្ថានីយប្រេងឥន្ធនៈ​ជាច្រើន នៅ​ខេត្តតាកែវ ភ្នំពេញ បន្ទាយមានជ័យ និង​នៅ​ខេត្ត​ព្រះសីហនុ ជាដើម​។ ក្នុងនោះ គ្រាន់តែ​សប្តាហ៍​មុន មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយប្រេងឥន្ធនៈ និង​ដេប៉ូ​លក់​ប្រេងសាំង​ជាច្រើន​កន្លែង បន្ត​ប្រកប​អាជីវកម្ម​ទុច្ចរិត ដោយ​មិន​ស្មោះត្រង់ គឺ​ចំណុះ​មិន​គ្រប់​លីត្រ និង​បន្លំ​ប្រេងសាំង​ធម្មតា ថា​ជា​ប្រេងសាំង​ស៊ុប​ពែរ ជាដើម​។

​សេច​ក្តី​ប្រកាស​​របស់​​អគ្គ​​នាយក​ដ្ឋាន​​ការ​ពារ​​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ​​ប្រកួត​ប្រជែង ​និង​​បង្ក្រាប​​ការ​​ក្លែង​បន្លំ​ ក​.​ប​.​ប បង្ហាញ​ថា ស្ទើរ​រាល់ថ្ងៃ មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព មាន​​សារ​ធាតុគីមី ព្រមទាំង​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ជាច្រើន នៅ​ភ្នំពេញ បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្តតាកែវ ជាដើម នៅតែ​បន្ត​ប្រកប​អាជីវកម្ម មិន​សុចរិត​។ មន្ត្រី​ជំនាញ បានធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​អន្តរការណ៍ ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​​លក់​ប្រេងឥន្ធនៈ​ទាំងនោះ​។ ប៉ុន្តែ​នៅតែមាន​ឈ្មួញ​ទុច្ចរិត ប្រកប​អាជីវកម្ម​ មិន​ស្មោះត្រង់ ដោយ​កេង​បន្លំ​​លក់​​ប្រេងសាំង​ មិន​គ្រប់​ចំណុះ​លីត្រ និង​មិនមាន​គុណភាព​ដដែល​។

​អាជីវកម្ម​​មិន​សុច​រិត​​នេះ ជា​បទល្មើស ដែល​ផ្ទុយ​នឹង​ច្បាប់ ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​។ ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងនោះ ត្រូវ​បានអ្នកជំនាញ រកឃើញថា​ បាន​ប្រកប​អាជីវកម្ម ដោយ​មិន​ស្មោះត្រង់ គឺ​ប្រេង​ចំណុះ​​មិន​គ្រប់​លីត្រ និង​បន្លំ​ប្រេងសាំង​ធម្មតា ជា​ប្រេងសាំង​ស៊ុប​ពែរ​​។ ម្ចាស់​​​ស្ថានីយ​​​ប្រេង​​ទាំង​នោះ​ ​ត្រូវ​បាន​​​មន្ត្រី​​ជំនាញ ​ចាត់វិធានការ​តាមច្បាប់ ស្តីពី កិច្ចការពារ​​អ្នកប្រើប្រាស់​​ផងដែរ​។​

​សកម្មភាព​​របស់​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​អនុវត្ត​ភារកិច្ច​របស់ខ្លួន គឺ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ សំដៅ​ទប់ស្កាត់​នូវ​អំពើ​មិន​សុចរិត និង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ និង​ស្ថានីយ​ប្រេង លក់​ប្រេង​ជូន​អតិថិជន មិន​ស្មោះត្រង់ ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ អនុវត្ត​វិធានការ​តាម​នីតិវិធី​។​

​ធ្វើ​​កិច្ច​សន្យា​​ហើយ ផាកពិន័យ​​តាម​ច្បាប់​​ហើយ លើ​ក្រុម​អ្នក​ប្រកប​អាជីវកម្ម មិន​សុចរិត​ទាំងនោះ គួរតែ​ធ្វើ​ឲ្យ​ហ្មត់ចត់ ដោយ​គ្មាន​ការលើកលែង ហើយ​បើ​ដេប៉ូ ឬ​ស្ថានីយ​ប្រេង​ទាំងនោះ នៅតែ​ប្រព្រឹត្តល្មើស​នឹង​ច្បាប់ ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ តទៅទៀត គួរតែ​ផ្អាក​អាជីវកម្ម​នោះ​តែម្តង ហើយ​ចាប់បញ្ជូន​ម្ចាស់​ដេប៉ូ និង​ស្ថានីយ​ប្រេង​ទុច្ចរិត​ទាំងនោះ យក​​ទៅ​​កាត់​ទោស​នៅ​​តុលាការ​។​

​ក្រៅពី​ករណី​​ប្រេង​ឥន្ធនៈ មន្ត្រី​ជំនាញ​ក៏​នៅ​រកឃើញ ព្រមទាំង​ដកហូត​បាន​ទំនិញ​ខូចគុណភាព និង​ហួស​សុពល​​ភាព​​ប្រើប្រាស់ រួមទាំង​អាល់កុល​ក្លែង​ក្លាយជា​ហូរហែ​រៀងរាល់ថ្ងៃ មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​នានា​​នោះទេ​​។ ករណីនេះ ក្រៅពី​ចាប់​រឹបអូស​ទំនិញ​ខូចគុណភាព លាយ​គីមី​ទាំងនោះ យកទៅ​កម្ទេចចោល​ហើយ ក៏​គួរតែ​ផាកពិន័យ​អ្នកលក់ដូរ​ទុច្ចរិត​ទាំងនោះ ធ្វើ​កិច្ចសន្យា ហើយ​បើ​នៅតែ​មិន​រាងចាល មន្ត្រី​ជំនាញ​ត្រូវអនុវត្ត​វិធានការ​ច្បាប់ ដោយ​ចាប់​បញ្ជូនទៅ​កាត់ទោស​​នៅ​តុលាការ​។​

​ឈ្មួញ​ទុច្ចរិត គួរតែ​ភ្ញាក់ខ្លួន ហើយ​រកស៊ី​តាម​សម្មាជីវៈ ប្រកប​របរ​រកស៊ី​ត្រឹមត្រូវ ក៏​អាច​ចំណេញ និង​ធ្វើ​មាន​ធ្វើបាន ដូច​គេ​ដូច​ឯង​បានដែរ​។ សូម​កុំភ្លេចថា ក្រៅពី​ខុស​ច្បាស់ និង​ខុសសីលធម៌​​​​ហើយ​នោះ ក្រុម​ឈ្មួញ និង​អ្នកលក់ដូរ​ទុច្ចរិត កេង​បន្លំ លក់​សាំង​មិន​គ្រប់​លីត្រ ថ្លឹង​ទំនិញ​មិន​គ្រប់​គីឡូ​ ឬក៏​លក់ទំនិញ​​ខូចគុណភាព ជាដើម គឺជា​ការធ្វើអត្តឃាត​អាជីវកម្ម​របស់ខ្លួន​។ នោះ​គឺ​កោរ​គេ បានតែ​គេ​មិនដឹង ឬក៏​បាន​តែម្តង​ប៉ុណ្ណោះ លុះ​គេ​ដឹង​ពី​អំពើ​ទុច្ចរិត​នោះ​ហើយ នឹងត្រូវ​គេ​លែង​ទិញ លែង​ចូល​ចាក់​សាំង ហើយប្រាប់តៗ​គ្នា ពេល​​នោះ​ ​​អាជីវ​កម្ម ឬ​មុខរបរ​លក់​ដូរ​នោះ នឹង​លក់​មិន​ដាច់ ហើយ​​ដួលរ​លំ​​ឯង ខណៈ​គេ​លែង​ចូល​ចាក់​សាំង និង​លែង​ទិញ​ទំនិញ​ទាំងនោះ​​។

ក្នុង​សង្គម​​យើង​ មាន​​រួច​ហើយ​ ​ស្ថានីយ​ប្រេង​មួយចំនួន ដែល​បំផ្លាញ​យីហោ​ខ្លួនឯង ធ្វើ​ឲ្យ​មហាជន​បាត់បង់​ទំនុកចិត្ត លែង​ចូល​ចាក់​សាំង ដោយសារតែ​ចាក់​មិន​គ្រប់​ចំណុះ ហើយ​ប្រេងសាំង​អន់​គុណភាព​ថែមទៀត​។​

​ជា​សរុប មន្ត្រី​ជំនាញ នៅ​រាជធានី​ខេត្ត​ទូទាំងប្រទេស គួរតែ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​ទាំង​ទំនិញ ចំណីអាហារ ក៏ដូចជា ប្រេងសាំង ដូច​អ្វីដែល​មន្ត្រី​ជំនាញ បានធ្វើ​កន្លងមក​។ ក្នុងនោះ ក្រៅពី​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​អប់រំ ថត​បង្ហោះ​ផ្សព្វផ្សាយ​ហើយ ក៏​គួរតែមាន​វិធានការ​តឹងរឹង​លើ​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​។

ណែនាំ​អប់រំ ផាកពិន័យ បើ​នៅតែ​មិន​ស្តាប់​ទៀត ត្រូវ​ព្រមាន ហើយ​បើ​នៅតែ​ល្មើស​ទៀត ត្រូវ​បិទ​អាជីវកម្ម និង​ចាប់​បញ្ជូនទៅ​កាត់ទោស​ ដាក់​ពន្ធនា​គារ​។ តែ​មន្ត្រី​ជំនាញ អ្នកអនុវត្តច្បាប់ទាំងអស់​ ក៏​ត្រូវតែ​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ និង​អនុវត្តការងារ​ដោយ​​ត្រឹមត្រូវ​។ មិនមែន​ត្រួតពិនិត្យ​ៗ​ ដល់ពេល​​ឈ្មួញ​ទុច្ចរិត ដាក់​ស្រោមសំបុត្រ ហុច​ក្រោម​តុ ស៊កលុយ​ ស្រាប់តែ​ស្ថានីយ​ប្រេង ឬ​ដេប៉ូ​ប្រេង​នោះ មិន​ខុស​អ្វី​នោះឡើយ​​។ នេះជាអំពើ​ក្បត់វិជ្ជាជីវៈ និងក្បត់ឆន្ទៈ ហើយ​ទំនិញខូចគុណភាព និង​ឈ្មួញទុច្ចរិត នៅតែបន្តអាជីវកម្ម ហើយ​អ្នករងគ្រោះ គឺ​ប្រជាពលរដ្ឋ​ទូទៅ។ យូរៗ ក៏មានសាច់ញាតិ និងមន្ត្រីជំនាញខិលខូច​នោះ អាចរងគ្រោះ​ ក៏ថាបាន៕