រាជធានីភ្នំពេញ ៖ ឈើដែលមន្ត្រីរដ្ឋបាលព្រៃឈើអះអាងថា ខុសច្បាប់រាប់រយកំណាត់មានគគីរ ធ្នង់ បេង ជាដើម ត្រូវបានរកឃើញនៅក្នុងឃ្លាំងសិប្បកម្មកៃច្នៃឈើមួយកន្លែង ក្នុងដីឡូត៍លេខ១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ការរកឃើញទីតាំងស្តុកឈើអត់ច្បាប់កណ្តាលរាជធានីនេះ ធ្វើឡើងដោយកម្លាំងរដ្ឋបាលព្រៃឈើរាជធានី ដឹកនាំដោយលោក ច័ន្ទថេត ថេនរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល និងមានការចូលរួមពីលោក ឈាង ធីណា នាយសង្កាត់រដ្ឋបាលព្រៃឈើរាជធានី រួមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវជាច្រើននាក់ទៀតផងដែរ ចុះប្រតិបត្តិការ បង្ក្រាបជាក់ស្តែង កាលពីវេលាព្រឹកថ្ងៃទី៣០ ខែមករា ។
លោក ឈាង ឌីណា នាយសង្កាត់រដ្ឋបាលព្រៃឈើរាជធានី បានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះមកបង្ក្រាបទីតាំងលួចលាក់ស្តុកឈើខុសច្បាប់ខាងលើ គឺនៅយប់ថ្ងៃទី២៩ មករា កម្លាំងរបស់លោក បានស្រាវជ្រាវតាមដានរថយន្ត Ford ដឹកឈើមួយគ្រឿងគ្មានស្លាកលេខ ដោយសង្ស័យដឹកឈើខុសច្បាប់តាំងពីភូមិសាស្ត្រខណ្ឌជ្រោយចង្វា រហូតមកដល់ទីតាំងឃ្លាំងសិប្បកម្មច្នៃឈើ ក្នុងសង្កាត់ផ្សារដើមថ្កូវខាងលើ ។
នៅវេលាយប់ថ្ងៃខែដដែលនោះកម្លាំងរដ្ឋបាលព្រៃឈើ បានសហការជាមួយអាជ្ញាធរ និងនគរបាលមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ពង្រាយកម្លាំងឡោមព័ទ្ធទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ។ លុះរហូតព្រឹកឡើង ដោយមានការចូលរួមពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី លោក កែវ សុជាតិ កម្លាំងរដ្ឋបាលព្រៃឈើ បានចូលទៅក្នុងឃ្លាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្រទៅលើឈើនៅលើរថយន្តដែលសង្ស័យមានផ្ទុកឈើ និងឈើជាច្រើនទៀតនៅក្នុងឃ្លាំង ដោយសង្ស័យខុសច្បាប់ ។
លោក ឈាង ឌីណា បន្តថា ក្រោយការត្រួតពិនិត្រអស់រយៈពេលជាច្រើនម៉ោងរួចមក មន្ត្រីរដ្ឋបាលព្រៃឈើបានរកឃើញថា ឈើជាង២០ដុំ នៅលើរថយន្ត Ford គឺជាប្រភេទឈើគគីរខុសច្បាប់ ។ លោកបន្តថា នៅក្នុងឃ្លាំងខាងលើដដែលនេះ មន្ត្រីជំនាញ ក៏បានរកឃើញនូវឈើតូច ធំ រាប់រយកំណាត់ផ្សេងទៀត ដែលមានដូចជាឈើប្រភេទ ធ្នង់ គគីរ បេងជាដើម សុទ្ធសឹងតែគ្មានលិខិតឯកសារត្រឹមត្រូវ ពោលគឺ ខុសច្បាប់តែម្តង ។ ក្រោយរកឃើញថា ឈើទាំងនោះជាប្រភេទឈើខុសច្បាប់ហើយនោះ មន្ត្រីជំនាញបានធ្វើការរឹបអូសយកទាំងអស់នោះ ទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រង់ចាំចាត់ការទៅតាមជំនាញ ។
លោក ឈាង ឌីណា បន្តថា ទីតាំងឃ្លាំងខាងលើ ជាទីតាំងមានច្បាប់អនុញ្ញាតិអាជីវកម្មត្រឹមត្រូវ និងឈើមួយចំនួន ក៏សុទ្ធតែមានច្បាប់ទម្លាប់ដែរ ប៉ុន្តែឈើខុសច្បាប់ដែលកម្លាំងរដ្ឋបាលព្រៃឈើ រកឃើញនៅពេលនេះ គឺជាឈើរបស់បងថ្លៃម្ចាស់ទីតាំង ដែលគាត់សុំយកទីតាំងឃ្លាំងខាងលើស្តុកឈើបណ្តោះអាសន្ន ។ នេះបើតាមការអះអាងរបស់ម្ចាស់ទីតាំងប្រាប់មកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ។
ក្រុមអ្នកសង្កេតការណ៍និយាយថា «មន្ត្រី ជំនាញចាប់បានតែខ្លាក្នុងទ្រុង» ចាប់យកស្នាដៃដែលឈើទាំងអស់នេះគេដឹកមកស្តុកទុករាល់ខែ រាល់ឆ្នាំ ដោយសុខសាន្តណាស់ ៕
ចែករំលែកព័តមាននេះ