របាយការណ៍ថ្មីចេញផ្សាយដោយ «វិជ្ជាស្ថានសេដ្ឋកិច្ច និងសន្តិភាព» ដែលមានទីស្នាក់ការនៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី បានបង្ហាញឱ្យឃើញថា អំពើភេរកម្មឆ្នាំ២០១៤កើនខ្ពស់ស្ទើរទូទាំងពិភពលោក បណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនជាងពេល ណាៗទាំងអស់ ។ អំពើភេរវកម្មកំពុងក្លាយជា «ស្រមោលខ្មោច» តាមលងបន្លាចគ្រប់ប្រទេសលើភពផែនដីនេះ ។
អំពើភេរវកម្មឆ្នាំ២០១៤ សម្លាប់មនុស្សច្រើនជាងឆ្នាំ២០១៣ដល់ទៅ៨០ភាគរយ
សន្ទស្សន៍ពីអំពើភេរវកម្មដែលវិជា្ជស្ថានសេដ្ឋកិច្ច និងសន្តិភាពដាក់ចេញនោះបានបង្ហាញឱ្យឃើញថា បណ្ដាប្រទេសដែលរងគ្រោះដោយសារភេរវកម្មធ្ងន់ គឺនៅមជ្ឈិមបូពា និងទ្វីបអាហ្រិក ។ ប្រទេសចំនួន៥ដែលជាគោលដៅសំខាន់សម្រាប់វាយប្រហារដោយអំពើភេរវកម្មរួមមានប្រទេសអាហ្វហ្គានិស្ថាន ,អីុរ៉ាក់,នីហ្សេរីយ៉ា, ប៉ាគីស្ថាន និងស៊ីរី ។ ៧៨ភាគរយនៃការស្លាប់សរុបកើតឡើងនៅប្រទេសទាំងនោះ ។ ក្នុងឆ្នាំ២០១៤ ចំនួនមនុស្សស្លាប់ដោយការវាយប្រហារភេរវកម្មកើនឡើងរហូតដល់៣២.៦៥៨នាក់ ជាកម្រិតមួយខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រពីមុនៗមក ។ តួលេខនេះកើន៨០ភាគរយបើប្រៀបធៀបនៅឆ្នាំ២០១៣ (កាលពីឆ្នាំ២០១៣ មនុស្សស្លាប់ដោយការវាយប្រហារភេរវកម្មមានតែ៨.១១១នាក់ប៉ុណ្ណោះ) ។
លោក Steve Killelea នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ឱ្យដឹងថា ប្រទេសដែលមានពលរដ្ឋស្លាប់ជាង៥០០នាក់ ដោយសារអំពើភេរវកម្មមាន១១ប្រទេស ។ ប្រទេសដែលទើបតែមានឈ្មោះក្នុងបញ្ជីនេះ គឺប្រទេសកាម៉ឺរូន, អ៊ុយក្រែន និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
ប្រទេសអីុរ៉ាក់រងគ្រោះធ្ងន់ជាងគេ ដោយមានការវាយប្រហារភេរវកម្ម ៣.៣៧០លើក មនុស្សស្លាប់ឡើងដល់៩.៩២៩នាក់ ។ ប្រទេសនីហ្សេរីយ៉ាងឈរលំដាប់ទី៣ ដោយក្នុងឆ្នាំ២០១៤ ពលរដ្ឋត្រូវស្លាប់៧៥១២នាក់ កើនខ្ពស់ជាងឆ្នាំ២០១៣ រហូតដល់៣០០ភាគរយ។ ប្រទេសបារាំងឈរលំដាប់ទី៣៦ ដោយមានមនុស្សស្លាប់១នាក់ ។ ប៉ុន្តែមកដល់ឆ្នាំ២០១៥នេះ ស្រាប់តែប្រទេសបារាំងរងការវាយប្រហារដោយភេរវកម្ម ដែលថ្មីបំផុតនេះគឺការវាយប្រហារនៅទីក្រុងបា៉រីសបណ្តាលឱ្យមនុស្ស១២៩នាក់ត្រូវសម្លាប់ ។ លោក Steve Killelea និយាយថា ឆ្នាំ២០១៥នេះ បារាំងអាចជាប់ចំណាត់ថ្នាក់ទី១៨ ឬ១៩ផងក៏មិនដឹង ។
មច្ចុរាជឈ្មោះ Boko Haram និង isis
ក្រុមភេរវរដែលគេចាត់ទុកថាគ្រោះថ្នាក់បំផុតក្នុងឆ្នាំ២០១៤ គឺក្រុម Boko Haram នៅនីហ្សេរីយ៉ា និង ក្រុម ISIS។ ចំណោមអ្នកស្លាប់ដោយភេរវកម្មក្នុងឆ្នាំ២០១៤ Boko Haram ទទួលខុសត្រូវជាងពាក់កណ្ដាល ។ ប៉ុន្ដែលើភាពជាក់ស្ដែង ចំនួនមនុស្សស្លាប់ដោយសារក្រុមទាំងពីរនោះអាចខ្ពស់ជាងនេះ ព្រោះរាល់ការវាយប្រហារភេវរកម្មមិនមែនពួកគេអះអាងទទួលខុសត្រូវទាំងអស់ទេ ។ តាមស្ថិតិឃើញថា ចំណោមជនរងគ្រោះទាំងអស់ អ្នកដែលរងគ្រោះដោយការវាយប្រហារបស់ពួល Boko Hasam មាន៧៧ភាគរយ ចំណែកអ្នករងគ្រោះដោយការវាយប្រហាររបស់ ISIS មាន៤៤ភាគរយ ។
លោក Steve Killelea ប្រាប់ឱ្យដឹងថា ឆ្នាំ២០១៤ ក្រុមភារវករទាំងពីរនេះ ហាក់ដូចប្ដូរយុទ្ធវិធីដោយវាយប្រហារសំដៅពលរដ្ឋធម្មតាច្រើនជាងមុន បណ្ដាលឱ្យពលរដ្ឋធម្មតាស្លាប់កើនឡើង១៧០ភាគរយ បើប្រធៀបទៅនឹងឆ្នាំ២០១៣ ។ យោងតាមការវាយប្រហារ ថ្មីៗនេះនៅទីក្រុងបា៉រីស លោក Steve Killelea ព្រមានទៅបស្ចិមប្រទេសចៀសមិនផុតជាត្រូវវក់វីដោយសារពួក ISIS។ ពួកនោះមានសមត្ថភាពក្នុងការចាត់ចែងវាយប្រហាភេរវកម្មនៅបស្ចិមប្រទេសបានយ៉ាងល្អ ។
គេដឹងថាការចំណាយលើការប្រយុទ្ធប្រឆាំង
ពួកភេរវករសព្វថ្ងៃខ្ពស់ជាងឆ្នាំ២០០០ រហូតដល់១០ដងឯណោះ គឺចំណាយអស់ទៅដល់៤៩,៦ពាន់លានអឺរ៉ូ ។ ចំណាយច្រើនដងម្លឹងទៅហើយ នៅតែពួកគេមិនបែកទៀត៕
ចែករំលែកព័តមាននេះ