ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាចុះបញ្ជីអាជីវកម្មតាមអនឡាញផ្តល់ចំណូលឱ្យរដ្ឋជិត ៣ ពាន់លានដុល្លារ ទោះក្នុងបរិបទកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ចាប់តំាងពីដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌ កាលពីខែមិថុនា ឆ្នាំ ២០២០ ក្នុងជំហ៊ានទី…

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ចាប់តំាងពីដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌ កាលពីខែមិថុនា ឆ្នាំ ២០២០ ក្នុងជំហ៊ានទី ១ មក ទទួលបានការគាំទ្រពីធុរជន និងវិនិយោគិនជាច្រើន ពោលគិតត្រឹមថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ មានក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធនេះចំនួន ៧ ៧១៥ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជីរហូតដល់ជិត ៣ពាន់លានដុល្លារ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកថា មានវិស័យចំនួន ៥ ដែលបានចុះបញ្ជីតាមបច្ចេកវិទ្យានេះច្រើនជាងគេ ។ «វិស័យ ៥ ដែលមានទំហំដើមទុនធំជាងគេរួមមាន ៖ ១ វិស័យសំណង់ មានចំណែករហូតដល់ ២៥,៣២ ភាគរយ ។ ទី ២ អាហរ័ណនីហរ័ណទិញលក់ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទមាន ១៦,៤៤ ភាគរយ។  ទី ៣ សកម្មភាពអចលនវត្ថុមាន ១៥,៥៣ ភាគរយ ។ ទី ៤ វិស័យកម្មន្តសាលមានចំនួន ១៤,៣ ភាគរយ និងទី ៥ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួន ១៣,២២ ភាគរយ» ។

ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាកំណែទម្រង់ស៊ីជម្រៅមួយរបស់កម្ពុជាដើម្បីទាក់ទាញការវិនិយោគ បង្កើនប្រាក់ចំណូលពន្ធដា និងលប់បំបាត់អំពើពុករលួយ ការត់បន្ថយការចំណាយរបស់សហគ្រិន ។ នៅថ្ងៃទី ១ ខែកញ្ញានេះ រដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះដំណាក់កាលទី ២ ដែលបានពង្រីកសេវាកម្មតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនវិស័យថែមទៀត ។

ក្នុងដំណាក់កាលទី ១ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី ១៥ មិថុនា ឆ្នំា ២០២០ ។ ក្នុងដំណាក់កាលទី ២ នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម  ពីក្រសួង ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ ។ ក្នុងនោះ ក្រសួង ស្ថាប័នចំនួន ៤ បានចូលរួមដំណាក់កាលទី ២ នេះរួមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាព សកម្មភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិកូវីដ ១៩ ជាក់ស្ដែងនៅក្នុងអំឡុងពេលនេះការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល មន្ត្រីបុគ្គលិកនិយោជិត ត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះ ហើយការធ្វើដំណើររបស់ប្រជាជនក៏ត្រូវបានរឹតត្បិតផងដែរ ប៉ុន្តែដោយប្រព័ន្ធនេះត្រូវបានរៀបចំឡើងមានលក្ខណៈអនឡាញទាំងស្រុង ហើយយន្តការគាំទ្រក៏ធ្វើឡើងតាមអនឡាញដែរនោះ ធុរជននៅតែបន្តស្នើសុំចុះបញ្ជីពីផ្ទះបាន ស្របពេលដែលយន្តការគាំទ្រ និងត្រួតពិនិត្យសំណើរដោយមន្ត្រីរដ្ឋាភិបាលក៏នៅតែបន្តបានដូចប្រក្រតី ។ លោកបញ្ជាក់ថា «ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកប្រព័ន្ធចុះអាជីវកម្មបានដំណើរការឥតដាច់ បានអនុញ្ញាតឱ្យធុរជនធ្វើការស្នើសុំចុះបញ្ជីអាជីវកម្មគ្រប់ពេលវេលា និងទីកន្លែង» ។

ទោះយ៉ាងណាមានការត្អូញត្អែរពីអ្នកជំនួញខ្លះថា នៅពេលដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមអនឡាញនេះ ក្រសួងស្ថាប័នមួយចំនួនមិនទាន់ផ្តល់ចំណេះដឹង និងជំនាញនេះដល់មន្រ្តីរបស់ខ្លួននៅក្នុងការប្រតិបត្តិការនៅឡើយនោះទេ ។ មន្រ្តីនៅតាមស្ថាប័នដែលបានអនុវត្តការចុះបញ្ជីតាមអនឡាញនេះខ្លះមិនទាន់យល់ពីការងារ និងឆ្លើយតបទៅពលរដ្ឋមានការយឺតយាវ ហើយមធ្យោបាយដែលដាក់ឲ្យម្ចាស់អាជីវកម្មទាក់ទងខ្លះគ្មានអ្នកចំាឆ្លើយតប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ