ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបញ្ជីអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មានអាចលុបបំបាត់អំពើពុករលួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នៅថ្ងៃទី ១ កញ្ញា…

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នៅថ្ងៃទី ១ កញ្ញា ឆ្នាំ ២០២១ នេះ ដែលជាការពង្រីកសេវាកម្មចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យានៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនឡើង ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចស្វាគមន៍ដំណើរការនេះ និងចាត់ទុកការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ ក្រៅពីផ្តល់ភាពងាយស្រួលទៅដល់ម្ចាស់អាជីវកម្ម ទាក់ទាញការវិនិយោគ វាជួយរដ្ឋអាចគ្រប់គ្រងអាជីវកម្មបាន ការកត់ត្រា និងការប្រមូលពន្ធពីអាជីវកម្មមានភាពជាក់លាក់ ពិសេសលុបបំបាត់អំពើពុករលួយតែម្តង ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្នុងរូបភាពជារួម វាជាចំណុចល្អបង្ហាញពីវិវឌ្ឍន៍ ឬវឌ្ឍនភាពនៃការលូតលាស់ពីការគ្រប់គ្រងលើសារជីវកម្មនេះ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ការប្រមូលប្រាក់ចំណូលពន្ធបានកាន់តែត្រឹមត្រូវ និងកាន់តែសុក្រឹត្យបន្ថែមទៀត ព្រោះអាជីវកម្មមួយចំនួនដែលមិនបានចុះបញ្ជី ក៏ត្រូវបានមន្ត្រីពន្ធដារមួយចំនួនក៏ទៅយកពន្ធដែរ ។ គ្រាន់តែថា ពន្ធនេះមិនត្រូវបានកត់ត្រាចូលទៅក្នុងពន្ធរបស់រដ្ឋទេ ត្រូវបានមន្ត្រីខិលខូចដើរយកនៅតាមផ្ទះជាប្រចំា ជាពិសេសនៅតាមបណ្តាស្រុកនានា អាជីវកម្មតាមស្រុក គឺពន្ធដារតាម ស្រុកដើរប្រមូលតែម្តង ។ ខ្ញុំបានឃើញជាក់ស្តែង អ៊ីចឹងហើយការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះបានត្រឹមត្រូវការប្រមូលពន្ធនឹងបានចូលទៅដល់រដ្ឋ» ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចរបស់រដ្ឋាភិបាល ។ ក្នុងដំណាក់កាលទី ១ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី១៥ មិថុនា ឆ្នំា ២០២០ ។ ក្នុងដំណាក់កាលទី ២ នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម  ពីក្រសួង ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ ។ ក្នុងនោះ ក្រសួង ស្ថាប័នចំនួន ៤ បានចូលរួមដំណាក់កាលទី ២ នេះរួមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសសន៍ថា ការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យានេះនឹងបង្កលក្ខណៈងាយស្រួល វាធ្វើឱ្យមនុស្សកាន់តែមានការចូលរួមក្នុងការចុះបញ្ជី ហើយអាចធ្វើឱ្យរាជរដ្ឋាភិបាលអាចគ្រប់គ្រងអាជីវកម្ម និងកត់ត្រាប្រាក់ចំណូលបានជាក់លាក់ថាចំណូលជាតិរបស់យើងមានចំនួនប៉ុន្មាន មានអាជីវកម្មអ្វីខ្លះនៅក្នុងប្រទេស និងអាចព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិបានត្រឹមត្រូវ ។ លើសពីនេះវាជាឱកាសមួយសម្រាប់វិនិយោគិនពីបរទេសងាយស្រួលក្នុងការចូលមកវិនិយោគ ព្រោះវាបានបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជី និងការសុំច្បាប់នានា ហើយវាក៏បង្ហាញពីវឌ្ឍនៈភាពនៃការគ្រប់គ្រងអាជីវកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ