ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំវិនិយោគជប៉ុននៅកម្ពុជា កើនឡើងដល់ជាង ៣ ពាន់លានដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២១ នេះ ជប៉ុនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចំនួន ២១១ គម្រោង សរុបចំនួនទឹកប្រាក់មានប្រមាណ…

រាជធានីភ្នំពេញ ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២១ នេះ ជប៉ុនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចំនួន ២១១ គម្រោង សរុបចំនួនទឹកប្រាក់មានប្រមាណ ៣,១ ពាន់លានដុល្លារអាមេរិក ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងចំណោមគម្រោងទាំង ២១១ នោះ បានបែងចែកជាពីរគឺគម្រោង វិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច មានចំនួន ១៤៥ គម្រោង មានទឹកប្រាក់វិនិយោគ ២,៨ ពាន់លានដុល្លារអាមេរិក និងគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៦៦ គម្រោង មានទឹកប្រាក់ ៣៤០ លានដុល្លារអាមេរិក ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញតួលេខខាងលើ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី ៣០ សីហា ២០២១ រវាងលោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធុរជន និងវិនិយោគិនជប៉ុនរួមទាំងលោកឯកអគ្គរាជទូតជប៉ុននៅកម្ពុជា  ផង ។

 លោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា សកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ ២០២៥ ។ 

លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចកក្រកម្ពុជាបានលើកឡើងថា កម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្ដល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលប្រការនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំនិងផ្ដល់ភាពកក់កក្ដីដល់វិនិយោគិនគ្រប់រូប ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថា ជប៉ុនមានការវិនិយោគមានភាពស្មោះត្រង់ ហើយប្រទេសណាក៏ចង់បានវិនិយោគិនជប៉ុនចូលទៅបណ្ដាក់ទុនក្នុងប្រទេសរបស់គេដែរ ។ លោកបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាទោះក្នុងពេល កូវីដ ១៩ នេះក្តី មិនមានគម្រោងជប៉ុនណាមួយត្រូវអាក់ខាន ឬផ្អាកដំណើរការនោះទេ ។ កម្ពុជានៅតែមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនជប៉ុនចូលបណ្ដាក់ទុនទៅតាមវិស័យផ្សេងៗ ដែលមានអាទិភាព ។

គម្រោងវិនិយោគជប៉ុនធំៗដែលលេចធ្លោនៅក្នុងប្រទេសកម្ពុជាមានដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល ដែលមកដល់ពេលនេះមានបីគម្រោង ២ គម្រោងបានដំណើរការហើយគម្រោងទី ៣ កំពុងសាងសង់ ។ ជប៉ុនក៏បានវិនិយោគខាងកសិកម្ម និងលំនៅដ្ឋានបែបបុរី និងខុនដូផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ