ខេត្តសៀមរាប ៖ កសិណអង្គរធំ និងអង្គរតូច នឹងមានទឹកពេញឡើងវិញរយៈពេលប៉ុន្មានថៃ្ងខាងមុខនេះ ខណៈនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចូលទឹកស្ទឹងសៀមរាប ត្រង់ទំនប់បារាំង ។ ការបញ្ចូលទឹកនេះអាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើប ពេញកសិណទាំងពីរ ។ នេះជាការអះអាងរបស់លោកភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ។
លោក សុ ឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា លោកបានបង្ហូរទឹកចូលទៅក្នុងកសិណទាំងនេះ រយៈពេលពីរថ្ងៃកន្លងមកហើយ ។ ការរៀបចំបង្ហូរនៅពេលនេះធ្វើឡើងក្រោយពីលោកបានបើកស្ទឹងសៀមរាប រយៈពេលជាង២ខែបញ្ជូនទឹកទៅផ្នែកខាងក្រោម ដើម្បីឱ្យប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ប្រើ ប្រាស់ស្រោចស្រពដំណាំ និងស្រែចម្ការរបស់ពួកគាត់ តាមសំណើរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ ដោយពិនិត្យឃើញថា កម្ពស់ទឹកនៅភ្នំគូលែនកាន់តែតិច ទើបលោកប្រញាប់ប្រញាល់ប្រមូលទឹកបញ្ចូលទៅក្នុងកសិណអង្គរឱ្យហើយ ព្រោះបើទុករយៈពេលយូរជាងនេះ ទឹកនឹងហូរធ្លាក់ទៅទន្លេសាបអស់ ហើយមិនអាចបញ្ចូលទឹកឱ្យខ្ពស់បង្ហូរចូលទៅកសិណទាំង២នោះបានឡើយ។ ទឹកដែលស្ថិតនៅក្នុងកសិណ នីមួយៗនេះមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ថែរក្សារចនាសម្ព័ន្ធប្រាសាទ និងប្រព័ន្ធទឹកក្រោមដី ព្រោះប្រាសាទ និងរចនាសម្ព័ន្ធសុទ្ធតែមានគ្រឹះជាដីខ្សាច់ ដែលទាមទារសំណើមជាប្រចាំ ។ ចំពោះកសិណអង្គរធំក្រៅពីទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទ ទឹកនេះក៏ត្រូវបានបើប្រាស់សម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែដំណាំនៅសង្កាត់គោកចកមួយចំនួនផងដែរ ។
អាងដ៏ធំនៃកសិណអង្គរធំអាចផ្ទុកទឹកជិត២លានម៉ែត្រគូប វាជាកសិណទឹកដែលមានប្រវែង១២គីឡូម៉ែត្រ ព័ទ្ធជុំវិញក្រុងអង្គរធំ ។ កាលពីពេល ថ្មីៗកន្លងមក មានតែកសិណទឹកផ្នែកខាងត្បូងឆៀងខាងលិចប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ដែលមានទឹក ខណៈដែលផ្នែកខាងត្បូងឆៀងខាងកើតនៃកសិណគ្មានទឹកទៀតឡើយនៅរដូវវស្សា ។ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹកបានជួសជុលកាលពីឆ្នាំ២០១០មក កំណាត់នៃកសិណខាងត្បូងឆៀងខាងកើតប្រវែង៣០០ម៉ែត្រ មានទឹកពេញរាល់ឆ្នាំជាប់ជាប្រចាំ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ។
ចំណែកកសិណអង្គរតូចវិញ ដែលមានសមត្ថភាពអាចផ្ទុកទឹកបានជាង១លានម៉ែត្រគូប កាលពីមុនឆ្នាំ២០១០ ប្រព័ន្ធបង្ហូរទឹកគឺប្រើប្រឡាយមួយ ដែលគេកសាងឡើងនៅចន្លោះកសិណទឹករបស់ក្រុងអង្គរធំខាងត្បូងឆៀងខាងលិច រហូតដល់ត្រពាំងសេះ ឆ្លងកាត់ខាងក្រោយកន្លែងបង្ហោះបាឡុង ក្នុងសម័យថ្មីនេះ ។
បច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រងទឹក បានស្តារ ប្រព័ន្ធបុរាណឡើងវិញ ដោយភ្ជាប់កសិណទឹករបស់ក្រុងអង្គរធំផ្នែកខាងត្បូងឆៀងខាងកើតទៅកសិណទឹកអង្គរវត្តផ្នែកខាងជើងឆៀងខាងលិចផ្ទាល់ ដោយឆ្លងកាត់កសិណទឹករបស់ភ្នំបាខែង និងអូរសំពៅលូន ។ ប្រព័ន្ធនេះបានធ្វើឱ្យ កម្រិតទឹកក្នុងកសិណអង្គរវត្តកើនបានកម្ពស់១ម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិតទឹករបស់វានៅពេលមុន ៕
ចែករំលែកព័តមាននេះ