ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពិការ​ម្នាក់​ចោទប្រកាន់​អនុ​ភូមិ​១រូប​ថា​រំ​លោ​.​ភ​​កូនស្រី និង​ដកហូត​ដី​រដ្ឋ​ចែក​ឱ្យ​គាត់

1 ខែ មុន
  • បន្ទាយមានជ័យ

គ្រួសារ​បុរស​ពិការ​ជើង​មួយ​រូប​នៅ​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ពាក្យបណ្តឹង​ជាមួយ​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដោយ​ចោទប្រកាន់​អនុ​ភូមិ​មួយ​រូប​ថា បាន​ចាប់​រំ​លោ​.​ភ​កូនស្រី​របស់​ខ្លួន​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ ហើយ​ថែម​ទាំង​រឹបអូស​យក​ដី ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ជន​ពិការ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​បុរស​ពិការ​ជើង​មួយ​រូប​នៅ​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ពាក្យបណ្តឹង​ជាមួយ​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដោយ​ចោទប្រកាន់​អនុ​ភូមិ​មួយ​រូប​ថា បាន​ចាប់​រំ​លោ​.​ភ​កូនស្រី​របស់​ខ្លួន​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ ហើយ​ថែម​ទាំង​រឹបអូស​យក​ដី ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ជន​ពិការ​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៀត​ផង ។

តែ​យ៉ាងណាមិញ អនុ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ ។

បើ​តាម​លោកស្រី វ៉ា សុខ​ជា អាយុ​៤៥​ឆ្នាំ និង​ប្តី​ឈ្មោះ អៀម អ៊ុ​ន អាយុ​៥១​ឆ្នាំ (​ពិការ​ទាំង​២​នាក់​) ដោយ​ប្តី​ពិការ​ជើង​ម្ខាង ហើយ​សព្វ​ថ្ងៃ​នៅ​ប្រទេស​ថៃ​ដើរ​សុំទាន​គេ ចំណែក​ប្រពន្ធ​ពិការ​ដាច់​ម្រាមដៃ​ទាំង​សងខាង​នៅផ្ទះ ស្ថិត​ក្នុងភូមិ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​កូនស្រី​របស់​គាត់ ដែល​មាន​អាយុ ១៤​ឆ្នាំ ។ លោកស្រី វ៉ា សុខ​ជា បាន​ចោទប្រកាន់ ឈ្មោះ​សុខ ប៊ុ​ន្នី ជា​អនុ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ថា បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ​នាំ​ទៅ​រំ​លោ​.​ភ កូនស្រី​វ័យ​ទើប​១៤​ឆ្នាំ នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​រហូត​បាន​សម្រេច ។

លោកស្រី វ៉ា សុខ​ជា ក៏​បាន​ចោទប្រកាន់ លោក សុខ ប៊ុ​ន្នី បន្ត​ថា បាន​យក​ដី​របស់​គាត់​ដែល​ជា​ដី​របប​របស់​រាជរដ្ឋាភិបាល បាន​បែងចែក​ឲ្យ​ដល់​គ្រួសារ​ជន​ពិការ​តេ​ជោ​ភ្នំ​ឆ័​ត្រ​៣១៧ ដោយ​ក្នុង​០១​គ្រួសារ​ទំហំ​៧៥​ម៉ែត្រ​គុណ​២០០​ម៉ែត្រ ។ ប៉ុន្តែ​ឈ្មោះ សុខ ប៊ុ​ន្នី នេះ បាន​កាត់​យក​ដី​របប​របស់​គាត់​អស់​២៥​ម៉ែត្រ​គុណ​២០០​ម៉ែត្រ និង​យក​ប័ណ្ណ​បើកប្រាក់​បៀវត្សរ៍ (ATM) ប្តី​របស់​គាត់​ទុក រួម​ទាំង​សៀវភៅ​គ្រួសារ​របស់​គាត់​ក៏​យក​ទុក​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្មេង​ស្រី អាយុ​១៤​ឆ្នាំ បាន​រៀបរាប់​ថា នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១១​ព្រឹក ខណៈ​ពេល​នាង​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​នឹង​ផ្ទះ ស្រាប់តែ​ឈ្មោះ សុខ ប៊ុ​ន្នី ជា​អនុ​ភូមិ បាន​ឆាត​តាម messenger ទៅ​រក​នាង​ថាឱ្យ​ទៅ​ជួប​គាត់​យក​លុយ​ចាយ ។

ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា លុះ​ពេល​នាង​ទៅ​ជួប​ដើម្បី​យក​លុយ​នោះ ស្រាប់តែ​លោក​អនុ​ភូមិ​រូប​នេះ​បាន​សួរ​នាង​បន្ថែម​ថា «​មាន​លុយ​ចាយ​អត់​» នាង​ក៏​ឆ្លើយ​ថា «​អត់​មាន​ទេ​» ។ បន្ទាប់​មក​លោក​អនុ​ភូមិ​រូប​នេះ ក៏​បាន​និយាយ​ទៀត​ថា «​បើ​ចង់បាន​លុយ​ចាយ ហ៊ាន​ប្រគល់​ខ្លួន​ឲ្យ​គេ​អត់?​» នាង​ក៏​ឆ្លើយ​តប​ទៅ​លោក​អនុ​ភូមិ​វិញ​ថា «​អត់​ទេ​» ហើយ​នាង​បំរុង​រត់គេច​ខ្លួន តែ​ត្រូវ​លោក​អនុ​ភូមិ​រូប​នោះ​បាន​ចាប់ដៃ​នាង​ជាប់ រួច​ក៏​នាំ​នាង​ទៅ​រំ​លោ​.​ភ​នៅ​ខាងក្រោយ​ផ្ទះ រហូត​បាន​សម្រេច ហើយ​បាន​ថែម​និយាយ​ថា មិន​ឲ្យ​នាង​និយាយ​ប្រាប់​ឪពុក​ម្តាយ​នាង ឬ​ប្រាប់​អ្នក​ឲ្យ​ណា​គេ​ដឹង​ឡើយ បន្ទាប់​មក​ក៏​បាន​ហុយ​លុយ​ចំនួន​៥០,០០០​រៀល​ឱ្យទៅ​នាង ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ទៀត​ថា ដោយ​ភ័យ​ខ្លាច​លោក​អនុ​ភូមិ​គំរាម ក៏​មិន​ហ៊ាន​ប្រាប់​ម្តាយ​អំពី​ករណី​នេះ ហើយ​រឿង​នេះ​ក៏​បាន​ស្ងប់ស្ងាត់​ជា​ច្រើន​ខែ ដោយ​គ្មាន​អ្នក​ណា​បានដឹង​ឡើយ ទោះបីជា​ម្តាយ​នាង​នៅ​នឹង​ផ្ទះ​ជាមួយ ក៏​នាង​មិន​ដែល​និយាយ​ប្រាប់​នោះ​ដែរ​។

យ៉ាងណាមិញ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រូប​នេះ បាន​និយាយ​រៀបរាប់​បន្ថែម​ថា គាត់​មិន​ដែល​ដឹង​រឿង​លោក​អនុ​ភូមិ​ឈ្មោះ សុខ ប៊ុ​ន្នី បាន​រំ​លោ​.​ភ​កូនស្រី​គាត់​នោះ​ទេ ហើយ​រឿង​ដែល​បែកធ្លាយ​នោះ គឺ​បាន​កើតឡើង​នៅ​ពេល​ដែល​កូនស្រី​របស់​គាត់​មាន​គេ​ចូល​ស្តីដណ្តឹង​បំរុង​នឹង​រៀបចំ​សែនព្រេន​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក​នោះ ក៏​ស្រាប់តែ​លោក​អនុ​ភូមិ​ឈ្មោះ សុខ ប៊ុ​ន្នី នេះ បាន​ទៅ​រារាំង​មិន​ឲ្យ​មានការ​សែនព្រេន និង​ឲ្យ​កម្លាំង​ប្រជា​ការពារ​ភូមិ​ចំនួន​២​នាក់​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​មិន​ឲ្យ​មានការ​សែនព្រេន​នោះ​ឡើយ ព្រោះ​គេ​អះអាង​ថា ក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា ដោយ​មានការ​រារាំង​ពី​សំណាក់​លោក​អនុ​ភូមិ​នោះ ទើប​កូនស្រី​របស់​គាត់​ទម្លាយ​រឿង​ដែល​លោក​អនុ​ភូមិ​ឈ្មោះ​សុខ ប៊ុ​ន្នី រូប​នេះ ធ្លាប់​បាន​ចាប់​នាង​រំ​លោ​.​ភ​នៅ​ខាងក្រោយ​ផ្ទះ​បាន​សម្រេច ហើយ​បាន​ហុច​លុយ​ចំនួន​៥០,០០០​រៀល ដោយ​ប្រាប់​មិន​ឲ្យ​នាង​និយាយ​ប្រាប់​ម្តាយ ឬ​អ្នក​ជិតខាង​ឲ្យ​ដឹង​នោះ​ឡើយ ហើយ​គាត់​បាន​សន្យា​ថា នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ថែម​ទាំង​ខ្លួន​គាត់​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​នោះ ។

ស្ត្រី​ជា​ម្តាយ​ក្មេង​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កូនស្រី​គាត់​ទម្លាយ​រឿង​នោះ​មក ខាង​ប្រុស​គេ​ដក​ពាក្យ​ស្តីដណ្តឹង​វិញ ។ ម្យ៉ាងវិញទៀត លោក​អនុ​ភូមិ​រូប​នេះ មិន​ត្រឹមតែ​បំផ្លាញ​កិត្តិយស កេរ្តិ៍ឈ្មោះ ក្រុម​គ្រួសារ​របស់​គាត់​ទេ ថែម​ទាំង​បាន​កាត់​យក​ដី​របប​ដែល​រាជរដ្ឋាភិបាល​បាន​បែងចែក​ដល់​គ្រួសារ​ជន​ពិការ ដែល​ក្នុង​០១​គ្រួសារ​ទំហំ​៧៥​ម៉ែត្រ​គុណ​២០០​ម៉ែត្រ​នោះ ដោយ​ឈ្មោះ​សុខ ប៊ុ​ន្នី បាន​កាត់​យក​អស់​ទំហំ​២៥​ម៉ែត្រ​គុណ​២០០​ម៉ែត្រ ហើយ​សព្វ​ថ្ងៃនេះ គាត់​នៅ​សល់​ដី​តែ​៥០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ហើយ​លោក​អនុ​ភូមិ​រូប​នេះ​ក៏​បាន​យក​ប័ណ្ណ​បើក​ប្រាក់ខែ​ជន​ពិការ (ATM) របស់​ប្តី​គាត់​ទុក និង​សៀវភៅ​គ្រួសារ​របស់​គាត់​ក៏​យក​ទុក​ដែរ។

ក្នុង​នាម​ម្តាយ លោកស្រី​វ៉ា សុខ​ជា និង​ប្តី​ឈ្មោះ អៀម អ៊ុ​ន បាន​សំណូមពរ និង​ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង ដោយ​លោកស្រី​បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ឱ្យ ឈ្មោះ សុខ ប៊ុ​ន្នី សងជំងឺចិត្ត​លើ​ករណី​រំ​លោ​.​ភ​កូនស្រី​គាត់​ចំនួន ៦០,០០០​ដុល្លារ និង​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​អនុ​ភូមិ រូប​នេះ តាម​នីតិវិធី​ច្បាប់ និង​មួយវិញទៀត​សុំ​ឲ្យ​ឈ្មោះ សុខ ប៊ុ​ន្នី ប្រគល់​ប័ណ្ណ (ATM) បើក​ប្រាក់ខែ​ប្តី​របស់​គាត់ និង​សៀវភៅ​គ្រួសារ​មក​ឲ្យ​គាត់​វិញ​ផង ។

ទាក់ទិន​នឹង​ករណី​លោក​អនុ​ភូមិ​ឈ្មោះ​សុខ ប៊ុ​ន្នី រូប​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ នេះ​ថា ចំពោះ​សំណុំរឿង​លោក​អនុ​ភូមិ​រំ​លោ​.​ភ​ក្មេង​ស្រី​ជា​អនីតិជន​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​នោះ នគរបាល​ជំនាញ​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ប្រមូល​សំណុំរឿង​បន្ត​តាម​នីតិវិធី​ហើយ ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា​លោក​អនុ​ភូមិ​រំ​លោ​.​ភ​ក្មេង​ស្រី​រង​គ្រោះ​នោះ បើ​យោង​តាម​ការ​បំភ្លឺ​របស់​ជន​ដែល​ត្រូវ​គេ​ចោទ បាន​រៀបរាប់​ថា គាត់​មិន​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដូច​ជា​ម្តាយ និង​ក្មេង​ស្រី​បាន​ចោទ​នោះ​ឡើយ ។

លោក​អនុ​ភូមិ​ឈ្មោះ​សុខ ប៊ុ​ន្នី បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ថា នៅ​មុន​ថ្ងៃ​សែន​នោះ ខាង​នាយករង​មណ្ឌល​ជន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ មិន​អនុញ្ញាតិ​ឲ្យ​ធ្វើការ​សែន នោះ​ទេ ដោយ​កម្លាំង​ប្រជា​ការពារ​០២​នាក់​ទៅ​ប្រាប់​ម្តាយ​ខាង​ស្រី ព្រោះ ទី​១- ក្មេង​ស្រី​រូប​នោះ មិន​ទាន់​គ្រប់​អាយុ ទើបតែ​១៤​ឆ្នាំ​, ទី​២- មិន​តម្រូវ​ឲ្យ​មានការ​ជួបជុំ ដើម្បី​ទប់ស្កាត់​ឆ្លង​រាល​ជំងឺ​កូ​វី​ដ​១៩ ។ តែ​បែរជា​ម្តាយ​និង​ក្មេង​ស្រី​នោះ​មិន​បាន​សែន មក​ប្តឹង​ចោទប្រកាន់​ថា គាត់​បាន​រំ​លោ​.​ភនាង និង​កូនស្រី​របស់​គាត់​ទៅ​វិញ ។

ចំពោះ​ការ​ចោទប្រកាន់​រឿង​ដក​ប័ណ្ណ​បើកប្រាក់​ពី​បុរស​ពិការ ឈ្មោះ វ៉ា សុខ​ជា គឺ​លោក​អនុ​ភូមិ​បាន​បកស្រាយ​ថា កាត​បើក​ប្រាក់ខែ​នៅ​គាត់​ពិតមែន តែ​បុរស​ពិការ​នោះ​បាន​ប្រគល់​ឱ្យ​គាត់​ទុក​ទៅ​បើក​លុយ​បង់​សង​អង្គការ ព្រោះ​គាត់​បាន​ខ្ចី​លុយ​អង្គការ​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណាមិញ រឿងរ៉ាវ​ចោទប្រកាន់​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សមត្ថកិច្ច ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១​នេះ​ថា ករណី​ក្មេង​ស្រី និង​ម្តាយ​បាន​ប្តឹង​លោក​អនុ​ភូមិ​លើ​ករណី​រំ​លោ​.​ភ​នោះ ខាង​ក្មេង​ស្រី​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ហើយ​អធិការដ្ឋាន នគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជូន​សំណុះ​រឿង​បក​ការិយាល័យ​ជំនាញ ។ ដូច្នេះ​ចំពោះ​សំណុំរឿង​នេះ នគរបាល​ជំនាញ​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ប្រមូល​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕