ហូបចំណីមានជាតិពុលតែអត់ពុល
កុលសម្ព័ន្ធ Yanomami រស់យ៉ាងជ្រៅក្នុងព្រៃអាម៉ាហ្សូន នៅអាមេរិកឡាទីន។ សមាជិករបស់កុលសម្ព័ន្ធមួយនេះមានគ្នាប្រមាណ៣៥.០០០នាក់ ។ ពួកគេចិញ្ចឹមជីវិតដោយការបេះផ្លែឈើក្នុងព្រៃ និងបរបាញ់សត្វ។ ប្រការដែលចម្លែក គឺពួកគេប្រើជ័រឈើមានជាតិពុលសម្រាប់ការបរបាញ់ព្រោះជឿថាព្រះបង្កើតជ័រឈើពុលនេះសម្រាប់សង្គ្រោះជីវិតពួកខ្លួន ។ សត្វដែលបាញ់បានដោយប្រើជ័រឈើពុលនោះ ពួកគេហូបធម្មតាអត់មានបញ្ហាអ្វី តែអ្នកទេសចរដែលទៅពីក្រៅវិញ បើហ៊ានតែហូបសាច់សត្វទាំងនោះមុខតែពុលស្លាប់នៅនឹងកន្លែងភ្លាមៗ ។ ក្រៅពីនេះត្រីដែលជាចំណីចាំបាច់របស់ពួកគេ ក៏ពួកគេចាប់ដោយប្រើជ័រពុលដែរ។ ពួកគេកាប់មែកឈើដែលមានជ័រពុលយកទៅបោះប្រមូលផ្ដុំក្នុងទឹកត្រង់កន្លែងណាមួយដូចសម្រាស់សម្រាប់ឱ្យត្រីជ្រកនៅ ប៉ុន្តែត្រីដែលចូលជ្រកនៅទីនោះ ចូលប៉ុន្មានងាប់អស់ប៉ុណ្ណឹង ពួកគេចាំតែស្រង់យកមកធ្វើអាហារហូបធម្មតាអត់ពុលសោះឡើយ ។
កុលសម្ព័ន្ធYanomami ប្រុសក៏ដូចស្រីស្លៀកប៉ឹងពណ៌ក្រហមតែបន្តិចបាំងត្រង់កេរ្តិ៍ខ្មាសប៉ុណ្ណោះ ក្រៅពីនោះខ្លួនប្រាណនៅកណ្ដាលវាលទាំងអស់ ។ ពួកគេនិយមតុបតែងខ្លួន ដោយគូររូបពណ៌ខ្មៅក៏មាន ក្រហមក៏មាននៅពាសពេញរាងកាយ ហើយយកស្លាបសត្វដោតលើក្បាល ។ ពិសេសក្នុងឱកាសសំខាន់របស់កុលសម្ព័ន្ធខ្លួន ម្ដងៗ ពួកគេពុះឫស្សីជាចម្រៀក តូចៗ ខ្លះវែង ខ្លះខ្លី យកមកដោតច្រមុះ និងមាត់ ដើម្បីបង្កើនសម្រស់ ។ ពួកគេមិនរស់នៅ ដាច់ៗពីគ្នាទេ គឺធ្វើផ្ទះរាងមូលរស់នៅជុំគ្នា ។ ផ្ទះតូចអាចរស់នៅបាន៤០ ឬ៥០នាក់ ។ ផ្ទះធំអាចរស់នៅបាន២៥០នាក់ ។ ផ្ទះទាំងអស់ធ្វើពីឈើលាយឫស្សី និងប្រើស្លឹកចាកសម្រាប់ប្រក់ ។
ក្មេងស្រីជំទង់ត្រូវធ្វើបាប,ស្ត្រីមានប្តីត្រូវរងអំពើហិង្សា
ប្រពៃណីរបស់កុលសម្ព័ន្ធ Yanomami គួរឱ្យខ្លាចណាស់សម្រាប់កុមារីជំទង់ ។ ក្មេងស្រីពេលចូលដល់វ័យ១០ឆ្នាំ ឬ១២ឆ្នាំ ដែលជាវ័យឡើងខ្លួន ពួកនាងចាប់ផ្ដើមស្គាល់រសជាតិទារុណកម្មយ៉ាងចម្លែក គឺគេចាប់ពួកនាងបង្ខាំងក្នុងទ្រុងរយៈពេល១ខែ មិនតែប៉ុណ្ណោះ សប្ដាហ៍ដំបូងអត់ឱ្យហូបអ្វីទាំងអស់ ។ ក្រោយពេលនាងទ្រាំទ្ររស់នៅក្នុងទ្រុងបានមួយខែហើយ សាច់ញាតិរបស់នាងយកថ្នាំពណ៌លាបលើខ្លួននាង ហើយនាំនាងទៅឧទ្ទេសនាមប្រាប់ចាស់ៗក្នុងភូមិ ។ កុលសម្ព័ន្ធYanomami ជឿថា បើមិនធ្វើឱ្យត្រឹមត្រូវតាមប្រពៃណីដូច្នេះទេ កុលសម្ព័ន្ធទាំងមូលនឹងត្រូវស្លាប់ផុតពូជ ដោយមហាទឹកជំនន់មកដល់ក្នុងពេលណាមួយយ៉ាងពិតប្រាកដ ។
ថ្វីបើមានប្រពៃណីតឹងតែងសម្រាប់នារី តែរបៀបរៀបការរបស់កុលសម្ព័ន្ធមួយនេះ បែរជាធូររលុងយ៉ាងចម្លែកទៅវិញ ។ បើបុរសណាម្នាក់ស្រឡាញ់នារីណាម្នាក់ គេគ្រាន់តែមកផ្ទះដែលនារីនោះរស់នៅ ហើយសុំខ្លួនធ្វើការជំនួសឪពុកនាង បើឪពុកនាងអត់បដិសេធទេ បុរសនោះគ្រាន់តែធ្វើការបម្រើគេត្រឹមបួនប្រាំថ្ងៃជាការស្រេច គឺបុរសនោះ និងកូនស្រីរបស់គាត់ក្លាយជាប្ដីប្រពន្ធស្របច្បាប់តែម្ដង មិនបាច់មានពិធីស្អីទៀតឡើយ ។
និយាយពីនារីដែលមានប្ដីវិញ នារីក្នុងកុលសម្ព័ន្ធមួយនេះអត់មានសិទ្ធិអំណាចអ្វីសូម្បីតែបន្តិចក្នុងគ្រួសារ មិនតែប៉ុណ្ណោះតែងទទួលរងការទះ គប់ និងអំពើហិង្សាគ្រប់បែបយ៉ាងពីប្ដី។ បើស្រី្តណាចង់លែងប្ដីចោល នាងអាចរកមើលប្រុសណាដែលខ្លួនពេញចិត្ត ហើយទៅដេកក្បែរប្រុសនោះ ។ ប្ដីមុនឃើញដូច្នេះដឹងថា ប្រពន្ធខ្លួនពេញចិត្តប្រុសផ្សេងហើយ បើខ្លួនចង់ដណ្ដើមមកវិញត្រូវដណ្ដើមតាមរបៀបប្រយុទ្ធគ្នា ដោយដៃជើងជាមួយប្រុសក្រោយ ,ហាមដាច់ខាតប្រយុទ្ធដោយប្រើអាវុធបណ្ដាលឱ្យស្លាប់ ,បើប្ដីមុនប្រយុទ្ធឈ្នះប្រុសក្រោយ គឺមានសិទ្ធិទាញដៃប្រពន្ធយកទៅវិញ តែបើប្រយុទ្ធចាញ់គេប្រពន្ធរបស់ខ្លួននឹងក្លាយជាប្រពន្ធរបស់គេដោយស្របច្បាប់ ។ ដូច្នេះប្ដីមុនសល់តែផ្លូវម្យ៉ាងគត់ គឺទៅរកប្រពន្ធថ្មីទៀត ។ ប៉ុន្តែបើប្ដីមុនមិនចង់ឈឺខ្លួនក៏បាន គឺនៅពេលឃើញប្រពន្ធស្រឡាញ់ប្រុសផ្សេង គេអាចរកប្រពន្ធថ្មីតែម្ដង គ្មានអ្នកណាបង្ខំទាស់តែប្រយុទ្ធគ្នារហូតដល់ចាញ់គេពិតប្រាកដសិន ទើបរកប្រពន្ធថ្មីបានឡើយ ។
ហូបធ្យូងឆ្អឹងសពអ្នកស្លាប់
កុលសម្ព័ន្ធ Yanomami នៅមានទំនៀមទម្លាប់គួរឱ្យខ្លាចមួយទៀត គឺនាំគ្នាហូបធ្យូងឆ្អឹងសពអ្នកស្លាប់ ដោយសារជឿថា ទាល់តែធ្វើដូច្នេះទើបកុលសម្ព័ន្ធទាំងមូលសាមគ្គីភាពជាមួយគ្នារឹងមាំ ។ កាលណាសមាជិកណាម្នាក់ ក្នុងកុលសម្ព័ន្ធអស់ជីវិត អ្នកភូមិទាំងមូលនាំគ្នាចាត់ចែងសពអ្នកនោះ ។ ពួកគេសែងសពយកទៅឆ្ងាយពីភូមិ ហើយរៀបធ្នើសម្រាប់ដុតសព គឺដុតទាល់តែសពឆេះសុសអស់សល់តែឆ្អឹង រួចបន្តដុតឆ្អឹងនោះទាល់តែក្លាយជាធ្យូងទៀត ។ ពេលកំពុងដុតសពនោះ ពួកគេយកធ្យូងប៉ាតមុខទាល់តែខ្មៅឃ្លីកគ្រប់គ្នា រួចនាំគ្នាយំស្រែក និងច្រៀងនូវពាក្យស្ដាយស្រណោះចំពោះអ្នកចែកឋានទៅ ។
ក្រោយពេលសពឆេះសល់តែធ្យូងឆ្អឹងហើយ ពួកគេប្រមូលធ្យូងឆ្អឹងទាំងនោះ ច្រកចូលផ្លែឃ្លោកស្ងួត ហើយយកទៅរក្សាទុកក្នុងផ្ទះ ។ លុះឆ្នាំក្រោយ ពេលដល់ថ្ងៃខួប១ឆ្នាំរបស់សពពួកគេចាក់ធ្យូងឆ្អឹងសពចេញពីឃ្លោកវិញ ចែកគ្នាហូប គ្រប់ៗគ្នា គឺហូបជាមួយចំណី ផ្សេងៗ ពិសេសជាមួយផ្លែកចេក ។ អ្នកភូមិទាំងអស់ក៏ដូចមនុស្សក្នុងគ្រួសារសពត្រូវតែហូបធ្យូងឆ្អឹងសពនោះ គ្រប់ៗគ្នា ព្រោះគេជឿថា ទាល់តែនាំគ្នាហូបធ្យូងឆ្អឹងអ្នកស្លាប់អីុចឹងទើបវិញ្ញាណក្ខន្ធអ្នកស្លាប់បានទទួលការសង្គ្រោះ ។ ចំណែកអ្នកដែលជាសាច់ញាតិរបស់សពវិញ ពួកគេជឿថា ហូបធ្យូងឆ្អឹងអ្នកស្លាប់នឹងបានព្រលឹងអ្នកស្លាប់ចូលសណ្ឋិតក្នុងខ្លួនជួយឱ្យខ្លួនខ្លាំងក្លាទាំងកម្លាំងកាយ ទាំងស្មារតី អាចប្រឆាំងបានគ្រោះថ្នាក់ ផ្សេងៗដែលបង្កឡើងដោយព្រៃភ្នំ ។
កុលសម្ព័ន្ធYanomami ជឿថា បើអនុវត្តមិនបានត្រឹមត្រូវនូវពិធីកម្មបែបនេះ ព្រលឹងអ្នកស្លាប់នឹងជាប់គាំងរហូតនៅចន្លោះភពអ្នករស់ និងភពអ្នកស្លាប់ ។ ពួកគេព្រួយបារម្ភណាស់ ប្រសិនបើមានសមាជិកណាម្នាក់ស្លាប់ក្នុងព្រៃជ្រៅ ដោយពុំអាចរកសពឃើញដើម្បីធ្វើពិធីកម្មតាមទំនៀមទម្លាប់បែបនេះ ។
ចំពោះកុលសម្ព័ន្ធ Yanomami ប្រសិនបើមានមនុស្ស២នាក់ជាសត្រូវនឹងគ្នា ពួកគេតែងព្រួយបារម្ភទៅវិញទៅមកដូចគ្នា គឺបារម្ភក្រែងខ្លួនជួបគ្រោះថ្នាក់នៅពេលណាមួយ ហើយត្រូវស្លាប់មុនម្នាក់ទៀត ហើយម្នាក់ទៀតនោះដែលស្អប់ខ្លួនស្រាប់ផង គេនឹងមិនព្រមហូបធ្យូងឆ្អឹងរបស់ខ្លួន ធ្វើឱ្យព្រលឹងរបស់ខ្លួនជាប់គាំងនៅចន្លោះភពទាំង២ ៕
ចែករំលែកព័តមាននេះ