ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរថាចំណាយ​ក្នុងម្នាក់ៗ៦ពាន់បាត ធ្វើដំណើរចូលថៃ ចុងក្រោយ​ត្រូវឃាត់ខ្លួន​

1 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​១៤​នាក់​ ដែលបានលួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ត្រូវបានទាហានថៃ ចាប់ឃាត់

​ខេត្តបន្ទាយមានជ័យ ៖ ​​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​១៤​នាក់​ ដែលបានលួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ត្រូវបានទាហានថៃ ចាប់ឃាត់ខ្លួននៅ​គោលដៅ២​ដាច់​ដោយឡែក​ពី​គ្នាក្នុងថ្ងៃតែមួយ ខណៈពលករខ្មែរបានអះអាងថា ពួកគាត់បានចំណាយ​អស់លុយ ​ចំនួន​៦.០០០​បាត ក្នុងម្នាក់ៗដើម្បីឆ្លងដែនចូលទឹកដីគេ តែចុងក្រោយត្រូវខាងថៃចាប់ខ្លួន ។​

ទន្ទឹមនឹងការចាប់ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រីឆ្លងចូលទឹកដីថៃនោះ ទាហានថៃក៏​បានចាប់​ឃាត់​ជនជាតិ​ថៃ​ប្រុស​-​ស្រី​​ចំនួន​៦​នាក់ទៀត​ បម្រុង​លួច​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា ដើម្បី​ទៅ​ធ្វើការ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

​ការ​ឃាត់ខ្លួន​ទាំងពលករខ្មែរឆ្លងចូលដីថៃ និងការឃាត់ខ្លួនជនជាតិថៃ​ប្រុងលួចឆ្លងដែនចូលដី​កម្ពុជា​ខាងលើ​នេះ​​ត្រូវបាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ នៅ​បរិវេណ​ភូមិ​លូក​ឆាង ឃុំតាប្រាយ៉ា ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ។

ក្រោយ​ពី​ចាប់​ឃាត់​បាន ​សមត្ថកិច្ច​​ថៃបានធ្វើការ​សាក​សួរ​ ពលករ​ខ្មែរ​ទាំងអស់ ដែលបានឆ្លើយប្រាប់ថៃថា ពួកគាត់​ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ និង​ប្រមូលផ្ដុំ​គ្នា​នៅ​ភូមិ​មួយ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដោយ​មាន​មេខ្យល់ជា​​ជនជាតិ​ខ្មែរ​ជាអ្នក​នាំ​ដើរ​កាត់​តាម​ច្រករបៀង និង​ដើរ​កាត់​ទៅ​តាម​ផ្លូវ​ដី​កសិកម្ម ដើម្បី​មក​ឡើង​រថយន្ត​នៅ​បរិវេណ​ថ្នល់​ភូមិ​ណា​ង​ង៉ា​ម ឃុំ​តា​ប្រា​យ៉ា ។ តែ​ចុងក្រោយ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ ដោយ​អ្នក​ទាំងអស់​មាន​បំណង​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​បាន​ចំណាយ​លុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ម្នាក់​៦.០០០​បាត​។

​ក្រោយមក សមត្ថកិច្ច​បាន​នាំ​ពលករ​ទាំងអស់​ទៅ​ធ្វើការសាក​​សួរ​​ នឹង​ធ្វើ​កំណត់ហេតុ​ចាប់ខ្លួន អនុវត្ត​តាម​វិធាន​របស់​ផ្នែក​សុខាភិបាល បន្ទាប់​មក​បាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ​បន្ត​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល កម្លាំង​ទាហាន​ប្រចាំការ​ស្រុក​តា​ប្រា​យ៉ា សហការ​ជាមួយ​កងកម្លាំង​បូរ​ផា បាន​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​១​គ្រឿង បើក​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ខ្លួន​ទទួលខុសត្រូវ ទើប​សមត្ថកិច្ច​ឃាត់​ឲ្យ​ឈប់ និង​ត្រួតពិនិត្យ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយហ្ស៊ុយ​ ពាក់​ស្លាក​លេខ​ก-1195 ស្រះ​កែវ​។

នៅ​ពេល​សមត្ថកិច្ច​ពិនិត្យ​ក្នុង​រថយន្ត ឃើញ​មាន​ជនជាតិ​ថៃ​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​២ នឹង​ស្រី​៤​នាក់ ដោយ​ពួក​គេ​បាន​សាររ​ភាព​ថា ពួក​គេ​មាន​បំណង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ធ្វើការ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រទេស​កម្ពុជា ។​ហើយ​ការ​ធ្វើ​ដំណើរ​លើក​នេះ ខាង​ក្រុមហ៊ុន​កាស៊ីណូ​អន​ឡាញ ជា​អ្នក​ចំណាយ​ទាំងអស់ ដោយឡែក​អ្នក​នាំ​បាន​ទទួល​ថ្លៃ​ឈ្នួល​ក្នុង​ម្នាក់​៥០០​បាត សរុប​២,៥០០​បាត ក្នុង​ការ​នាំ​ជនជាតិ​ថៃ​ខាងលើ​ទៅ​ឯ​ព្រំដែន​ក្នុង​បរិវេណ​ថ្នល់​ស្រី​ពេញ តែ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ទើប​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឲ្យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​ ៕