ខេត្តសៀមរាប ៖ «ក្នុងការបង្កើតមុខរបរអ្វីក៏ដោយ យើងត្រូវតែមានគោលដៅជួយដោះស្រាយបញ្ហាដល់អ្នកដ៏ទៃ ហើយយើងបង្កើតសិប្បកម្មនេះឡើង គឺដើម្បីរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក និងជួយលើកម្ពស់ជីវភាពក្នុងសហគមន៍» នេះជាទស្សនរបស់ អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យធុរកិច្ច និងជាភាគទុននិកក្រុមហ៊ុន LM Lima Angkor Food Co., Ltd ។
ឈរលើទស្សនៈនេះ ក្រុមហ៊ុន LM Lima Angkor Food Co., Ltd ដែលជាសិប្បកម្មច្នៃប្រេងដូងត្រជាក់បានទទួលទិញផ្លែដូងទុំ ពីពលរដ្ឋនៅក្នុងខេត្តសៀមរាប និងផ្តល់ការងារឲ្យពលរដ្ឋនៅក្នុងសហគមន៍មានចំណូលចិញ្ចឹមជីវិតដោយមិនបាច់ត្រូវធ្វើដំណើរទៅណាឆ្ងាយពីផ្ទះ។
សិប្បកម្មផលិតប្រេងដូងត្រជាក់នេះ ជាផ្នែកមួយនៅក្នុងការបង្កើតផលិតក្នុងស្រុង។ ក្រុមហ៊ុន LM Lima Angkor Food Co., Ltd. បានកំពុងច្នៃប្រេងដូងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រភេទផលិតផលមួយមានសារៈសំខាន់ដល់សុខភាព និងចំណីអាហារ ពិសេសការសម្រក់ទម្ងន់របស់នារីភេទ ។
អ្នកស្រី វិរិយា បញ្ជាក់ថា «យើងទិញដូងពីពលរដ្ឋដោយមិនកំណត់ចំនួនទេ គឺទទួលទិញរាល់ថ្ងៃមានប៉ុនណា ទិញប៉ុនហ្នឹង ដោយក្នុងមួយផ្លែចន្លោះពី ២០០០ រៀល ទៅ ២៥០០ រៀល ។ នៅថ្ងៃក្រោយប្រហែលយើងអាចទិញដល់ ៣០០០ រៀល ប្រសិនប្រសិនជាកំណើនលក់របស់យើងកើនឡើងនោះ» ។
ពលរដ្ឋដែលមានផ្លែដូងទុំនៅក្នុងខេត្តសៀមរាប អាចយកដូងទៅលក់ឲ្យសិល្បកម្មអ្នកស្រី វិរិយា ដែលបច្ចុប្បន្ននេះមានប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រុកបន្ទាយស្រី តំបន់ភ្នំគូលែន និងតំបន់មួយចំនួនទៀតដែលនៅព័ទ្ធជុំវិញនោះយកកសិផលរបស់ពួកគាត់ទៅលក់ឲ្យសិប្បកម្ម LM Lima Angkor Food ។ អ្នកស្រី វិរិយា បញ្ជាក់ថា សព្វថ្ងៃសិប្បកម្មនេះហាក់ទទួលបានការគាំទ្រខ្លាំង និងមានសមត្ថភាពទិញចូល ដូងកាន់ច្រើន។
អ្នកស្រី វិរិយា និយាយថា សិប្បកម្មផ្តោតសំខាន់ទៅលើគុណភាព ហើយដើម្បីផលិតប្រេងបានដូងត្រជាក់ប្រកបដោយធម្មជាតិ និងមានគុណភាពសុទ្ធល្អបាន បានឆ្លងកាត់ការចម្រាញ់ជាច្រើនដំណាក់កាល ពោកដើម្បីផលិតបានប្រេងដូងត្រជាក់មួយលីត្រ គេចំណាយផ្លែដូងទុំចន្លោះពី ៣០ ទៅ ៤០ ផ្លែឯណោះ ។
អ្នកស្រី លឹម វិរិយា បានបញ្ចប់ការសិក្សាមកពីប្រទេសអូស្រ្តាលី ផ្នែកធុរកិច្ច ។ ជាញឹកញាប់អ្នកស្រីតែងតែត្រូវបានគេអញ្ជើញឲ្យផ្តល់យោបល់ដល់ យុវវ័យដែលមានបងបំណងបើកអាជីវកម្ម ។ គេធ្លាប់បានឮពីការលើកឡើងរបស់គាត់ អភិសមាចារ្យធុរកិច្ច (Business Ethic) មានន័យថា រកស៊ី មិនមែនដើម្បីលុយតែម្យ៉ាងទេ អ្នកជួញដូរ ត្រូវតែមានគុណធម៌ទៅជាមួយផង ទើបបទទួលបានពរជ័យពីព្រះ ៕ ដោយ ៖ លាក់ សារ៉ាយ
ចែករំលែកព័តមាននេះ